ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានព្រមានរដ្ឋបាលអាមេរិកថា ផែនការដំឡើងពន្ធលើផលិតផលនាំចូលចិន នឹងមានឥទ្ធិពលអវិជ្ជមាន។ ក្រុមហ៊ុននេះ លើកឡើងថា វានឹងប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនខ្លួន ព្រមទាំងបង្វែរទីផ្សារទៅកាន់ក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀតដែលមិនមែនជារបស់អាមេរិកទៀតផង។
ក្នុងបណ្តឹងដែលបានផ្ញើទៅកាន់តំណាងពាណិជ្ជកម្មអាមេរិកនៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុន Apple គូសបញ្ជាក់ថា គម្រោងដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងប៉ះពាល់ដល់សមត្ថភាពរបស់ក្រុមហ៊ុន Apple ក្នុងការប្រកួតប្រជែង និងចុងក្រោយក៏កាត់បន្ថយការរួមចំណែករបស់ខ្លួនក្នុងសេដ្ឋកិច្ចអាមេរិក ក្នុងទម្រង់ជាការបង់ពន្ធ និងការវិនិយោគជាដើម។
បណ្តឹងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា បានកត់សម្គាល់ថា ក្រុមហ៊ុន Apple គឺជាអ្នកបង់ពន្ធសាជីវកម្មធំបំផុតរបស់សហរដ្ឋអាមេរិក ហើយ Apple ក៏ត្រៀមខ្លួនបោះទុនវិនិយោគប្រមាណ ៣៥០ពាន់លានដុល្លារក្នុងប្រទេសនេះ ក្នុងរយៈពេល ៥ឆ្នាំខាងមុខថែមទៀតផង។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្រុមហ៊ុន Apple បញ្ជាក់ឲ្យដឹងបែបនេះ៖« ការដំឡើងពន្ធ អាមេរិកលើផលិតផលរបស់ Apple នឹងបង្កឲ្យមានការធ្លាក់ចុះនៃការរួមចំណែករបស់ក្រុមហ៊ុន Apple ក្នុងសេដ្ឋកិច្ចអាមេរិក»។ បន្ថែមពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ អះអាងទៀតថា គម្រោងនេះ នឹងដាក់បន្ទុកលើភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន Apple ប៉ុន្តែវានឹងជួយពង្រឹងសមត្ថភាពរបស់ដៃគូប្រកួតប្រជែងចិនដើម្បីជ្រៀតចូលទីផ្សារ។
ទាក់ទិននឹងកង្វល់នេះ ក្រុមហ៊ុន Apple ពន្យល់ថា៖ «បណ្តាក្រុមហ៊ុនចិន ដែលយើងកំពុងប្រកួតប្រជែងជាមួយក្នុងទីផ្សារសាកល ពុំមានវត្តមានច្រើនឡើយក្នុងទីផ្សារអាមេរិក ដូច្នេះហើយក្រុមហ៊ុនទាំងនេះ នឹងពុំរងផលប៉ះពាល់ ដោយសារការដំឡើងពន្ធអាមេរិកនោះទេ»។ ផ្ទុយទៅវិញ ផែនការដំឡើងពន្ធអាមេរិននេះ នឹងរុញច្រានទីផ្សារទៅឲ្យដៃគូប្រកួតប្រជែងសាកលរបស់ក្រុមហ៊ុន Apple ។
សូមបញ្ជាក់ថា កន្លងទៅ សហរដ្ឋអាមេរិក បានកំណត់ពន្ធនាំចូលចំនួន ២៥ភាគរយលើទំនិញចិន ដែលគិតជាទឹកប្រាក់ជាង ២៥០ពាន់លានដុល្លារ។ ទីផ្សារសាកល កំពុងរងការគំរាមកំហែងពីគម្រោងដំឡើងពន្ធជុំថ្មីមួយទៀតរបស់ក្រុងវ៉ាស៊ីនតោនលើទំនិញនាំចូលពីចិនដែលស្មើនឹង ៣០០ពាន់លានដុល្លារ។
យោងតាមរបាយការណ៍មួយចំនួន ក្រុមហ៊ុន Apple កំពុងពិចារណាផ្លាស់ប្តូររោងចក្រផលិតទូរសព្ទឆ្លាតវៃ iPhones និងសម្ភាបច្ចេកវិទ្យាផ្សេងៗទៀតពីប្រទេសចិនទៅកាន់ឥណ្ឌា ឬប្រទេសដទៃទៀត ដោយលើកហេតុផលថា ផែនការដំឡើងពន្ធនេះ ក៏រាប់បញ្ចូលផលិតផលសំខាន់ៗរបស់ក្រុមហ៊ុន Apple ទាំងអស់ ដូចជា iPhone, iPad, Mac, AirPods និង AppleTV ៕