កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអូឡាំពិក៖ មានអត្តពលិកជាជនភៀសខ្លួន៩ប្រទេស ចូលរួមនៅតូក្យូ សមាជិកក្រុមអត្តពលិកជាជនភៀសខ្លួននាកីឡាអូឡាំពិកឆ្នាំ២០១៦ នៅក្រុងរីយ៉ូប្រទេសប្រេស៊ីល
× គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃទី២០ ខែមិថុនា អះអាងថានឹងមានអត្តពលិកជាជនភៀសខ្លួនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនាទីក្រុងតូក្យូឆ្នាំ២០២០ ច្រើនជាងអូឡាំពិកក្នុងក្រុង Rio de Janeiro កាលពី៤ឆ្នាំមុន ដែលមានតែ១០រូប។
IOC បានបង្ហាញបញ្ជីឈ្មោះជនភៀសខ្លួនចំនួន ៣៧នាក់ដែលបច្ចុប្បន្នកំពុងទទួលបានអាហារូបករណ៍អូឡាំពិកសម្រាប់ការប្រកួតប្រជែងនៅប្រទេសជប៉ុនឆ្នាំក្រោយនេះ។ យ៉ាងណា IOC បានព្យាយាមមិនបន្ថែមអត្តពលិកជាជនភៀសខ្លួនឲ្យលើសពីចំនួន៣៧រូបនេះឡើយ។
លោក Thomas Bach ប្រធាន IOC
ក្នុងចំណោមអត្តពលិកទាំង៣៧ខាងលើ មានអត្តពលិកចំនួន១០រូបធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០១៦ នៅប្រេស៊ីលរួចមកហើយ។ អត្តពលិកទាំង១០រូបនោះ គឺមកពីប្រទេសស៊ីរី កុងហ្គោ អេត្យូពី និងស៊ូដង់ខាងត្បូងដោយចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសាហែលទឹក និងយូដូ។
ប្រធាន IOC លោក Thomas Bach មានប្រសាសន៍ថានៅដំណាក់កាលនេះស្ថាប័នលោកនៅមិនទាន់អាចសម្រេចពីចំនួនកីឡាករជាជនភៀសខ្លួនបាននៅឡើយទេ ប៉ុន្តែអ្វីដែលលោកជឿជាក់គឺនៅតូក្យូឆ្នាំ២០២០ នឹងមានចំនួនច្រើនជាងនៅក្រុង Rio ឆ្នាំ២០១៦។
លោក Bach បន្ថែមថា៖«បច្ចុប្បន្នយើងមានអត្តពលិកជាជនភៀសខ្លួន ៣៧រូបដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការសម្រេចចិត្តចុងក្រោយទៅកាន់ក្រុងតូក្យូ»។
សមាជិកក្រុមអត្តពលិកទាំង ៣៧នាក់ត្រូវបានលោក Bach អះអាងថាជាជនភៀសខ្លួនមកពីអាហ្វហ្គានីស្ថាន កាមេរូន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អ៊ីរីត្រេ អេត្យូពី អ៊ីរ៉ង់ ស៊ូដង់ខាងត្បូង ស៊ូដង់ និងស៊ីរី ហើយពួកគេកំពុងហ្វឹកហាត់នៅក្នុង១១ប្រទេសផ្សេងគ្នា ក្នុងប្រភេទកីឡាអត្តពលកម្ម កីឡាវាយសី ប្រដាល់ យូដូ ការាតេ តេក្វាន់ដូ ហែលទឹក និងកីឡាលើកទម្ងន់។ នៅខែមេសា ឆ្នាំក្រោយពួកគេនឹងត្រូវហ្វឹកហាត់រួមគ្នាតែម្តងដើម្បីត្រៀមរួមគ្នាទៅកាន់ប្រទេសជប៉ុនដែលចាប់ផ្តើមប្រកួតជាផ្លូវការពីថ្ងៃទី២៤ ខែដក្កដា ដល់ថ្ងៃទី៩ ខែសីហាឆ្នាំ២០២០។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវក្តៅលើកទី១២៥ ដែលជប៉ុនទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះឆ្នាំ២០២០ មានអត្តពលិកចូលរួមសរុបចំនួន១១០៩១នាក់ មកពី២០៦ប្រទេសជុំវិញពិភពលោក ដើម្បីប្រកួតប្រជែងគ្នាក្នុង៣៣ប្រភេទកីឡា និង៣៣៩វិញ្ញាសា៕
Tag:
កីឡាអូឡាំពិក
IOC
តូក្យូ
ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com