កីឡាអន្តរជាតិ
អន្តរជាតិ
Petr Cech ត្រឡប់​ទៅ Chelsea វិញ ក្នុងតួនាទី​ជា​ប្រធាន​បច្ចេកទេស​
21, Jun 2019 , 4:30 pm        
រូបភាព
​អតីត​អ្នកចាំទី Chelsea លោក Petr Cech បាន​វិលត្រឡប់​ទៅកាន់​ទ្រនំ​ចាស់​វិញ ដោយ​កាន់តំណែង​ជា​អ្នកផ្តល់​ប្រឹក្សា​ផ្នែក​បច្ចេកទេស​ឲ្យ​ក្រុម​រហស្សនាម​តោ​ខៀវ​។ នេះ​បើតាម​ការប្រកាស់​របស់​ក្លិប (Chelsea) នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ពួកគេ​។​


 
​បុរស​សញ្ជាតិ​ឆែក វ័យ​៣៧​ឆ្នាំ​បាន​ចំណាយពេល​១១​រដូវ​កាល​នៅ Stamford Bridge ក្នុងនាម​ជា​អ្នកចាំទី​ដោយ​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់​ចំនួន​១៣​លើក រួមទាំង Premier League ចំនួន​៤​ដង និង Champions League ម្តង​។​
 
Cech បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​កាំភ្លើង Arsenal នៅ​ឆ្នាំ​២០១៥ និង​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​អ្នកចាំទី​នៅក្រោយ​បញ្ចប់​រដូវ​កាល​កន្លងទៅ​។ Cech បាន​បង្ហាញខ្លួន​លើកចុងក្រោយ​សម្រាប់ Arsenal ដែល​ប្រកួត​ចាញ់ Chelsea ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Europa League កាល​ខែឧសភា​។​
 
Chelsea ដែល​មិនទាន់​រក​អ្នកចាត់ការ​ទូទៅ​ដើម្បី​ជំនួស​តំណែង​លោក Maurizio Sarri បាន​នៅឡើយ​នោះ និយាយថា Cech នឹង​មើល​ការខុសត្រូវ​ក្នុងការ​«​ផ្ដល់​ដំបូន្មាន​អំពី​បញ្ហា​កីឡាបាល់ទាត់ និង​ទម្រង់​លេង​របស់​ក្រុម​»​។ Cech ក៏​នឹង​ជួយ​សម្រួល​ដល់​ទំនាក់ទំនង​រវាង​ក្រុមយុវជន និង​ក្រុម​ឈុត​ធំ​ផង​៕

Tag:
 បាល់ទាត់​
  Petr Cech
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com