កំពង់ចាម៖ ការបាត់បង់លៀសនិងខ្ចៅធម្មជាតិនៅក្នុងបឹងធំ នៃស្រុកកំពង់សៀម ត្រូវបានប្រជានេសាទ នៅភូមិក្តីបឹង ឃុំវិហារធំ អះអាងថា មានអ្នកនេសាទខុសច្បាប់មួយក្រុម ដែលធ្វើឲ្យពាយដាច់ពូជ តាំងពីឆ្នាំ២០១៦ ។ នេសាទខុសច្បាប់ដោយសារពួកគេ ប្រើម៉ាស៊ីនអូសស្បៃមុងដែលអាចប្រមូលដល់ក្នុងភក់ជ្រៅ ធ្វើឲ្យលៀសនិងខ្ចៅទាំងនោះដាច់ពូជអស់ពីក្នុងបឹងធំ ខណៈដែលប្រជានេសាទប្រមាណ២០គ្រួសារនៅ ភូមិក្តីបឹង ប្រើតែឈ្នៀងដៃតាមបែបប្រៃណីប៉ុណ្ណោះ។ ករណីនេះបានធ្វើឲ្យប្រជានេសាទទាំងនោះ បាត់បង់ចំណូលប្រចាំថ្ងៃ រហូតធ្វើឲ្យគ្រួសារខ្លះ សម្រេចចិត្តទៅធ្វើជាកម្មករសំណង់ និងខ្លះទៀត ចំណាកស្រុកទៅធ្វើជាកម្មករនៅប្រទេសថៃ។ ទើបតែដើមឆ្នាំ២០១៩នេះ លៀសនិងខ្ចៅនៅក្នុងបឹងធំចាប់ផ្តើមកកើតឡើងវិញ បានផ្តល់ក្តីសង្ឃឹមដល់អ្នកភូមិក្តីបឹងឲ្យត្រឡប់មកប្រកបមុខរបរនៅក្បែរផ្ទះ ដែលពួកគាត់បានធ្វើអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។
លោក យាន ឈន់ ជាប្រជានេសាទមួយរូបដែលរស់នៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានថ្លែងប្រាប់ ThmeyThmey25 ថា កក្តាដែលធ្វើឲ្យប្រជានេសាទរកលៀសនិងខ្ចៅមិនបានកាលពី៣ឆ្នាំមុន (ឆ្នាំ២០១៦) ព្រោះមានការនេសាទដោយប្រើឧបករណ៍ខុសច្បាប់។ លោក ឈន់ បញ្ជាក់ថា អ្នកនេសាទមួយក្រុមនោះបានប្រើម៉ាស៊ីនអូសស្បៃមុងដល់ភក់ជ្រៅ គឺបានអូសយកអស់ ទើបធ្វើឲ្យលៀសនិងខ្ចៅដែលនៅក្នុងបឹងពាយងាប់អស់។ នៅដើមឆ្នាំ២០១៩ លៀសនិងខ្ចៅនៅក្នុងបឹងនេះកកើតឡើងវិញ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់លោក ឈន់ និងប្រជានេសាទផ្សេងទៀត អនុញ្ញាឲ្យពួកគាត់បានត្រឡប់មករកប្រាក់ផ្គង់ផ្គង់គ្រួសារជាថ្មីបន្តទៀត តាមរយៈការប្រកបរបររាវលៀសនិងខ្ចៅនេះ។
«ឥឡូវមានលៀសនិងខ្ចៅមកវិញ អារម្មណ៍ខ្ញុំដូចរស់ឡើងវិញ។ កាលពីមុនខ្ញុំស្លាប់បាត់ហើយ តែឥឡូវ ខ្ញុំកើតឡើងវិញដោយសារបានលៀសបានខ្ចៅជួយជីវិតខ្ញុំឲ្យបានរស់»។ នេះជាសម្តីរបស់អ្នកស្រី គង់ សេង ដែលអង្គុយក្រោមឆត្រក្បែរមាត់បឹងធំរើសលៀសនិងខ្ចៅណាដែលល្អ។ អ្នកស្រី សេង និងស្វាមីដែលធ្លាប់បាត់បង់របរមួយនេះកាលពី៣ឆ្នាំមុន បានរៀបរាប់ប្រាប់ ThmeyThmey25 បន្ថែមថា៖«ខ្ញុំរំភើប ស្បាយចិត្តបាននៅក្នុងស្រុក ហើយបានឃើញគេឃើញឯង។ ទោះខ្ញុំអាចរកចំណូលបាន១០ម៉ឺនរៀល ឬមួយក៏២ម៉ឺនរៀល ក៏អាចរកបានហូបរាល់ថ្ងៃដែរ។ ហ្នឹងខ្ញុំសប្បាចិត្តត្រង់ហ្នឹង!»។
(អ្នកស្រី គង់ សេង អ្នករាវលៀសនិងខ្ចៅនៅក្នុងបឹងធំ ដែលស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម)
អ្នកស្រី លន់ សួ មានវ័យ៥៦ឆ្នាំ ដែលបានប្រកមុខរបរនេះអស់រយៈពេល៣៣ឆ្នាំមកហើយនោះ បានឲ្យដឹងថា ស្វាមីរបស់អ្នកស្រីក្រោកនៅម៉ោង៤ទៀបភ្លឺ ដើម្បីអូសយកលៀសនិងខ្ចៅដោយប្រើឈ្នៀងដៃតាមបែបប្រៃណីរហូតដល់ម៉ោង៨ព្រឹក។ អ្នកស្រី លន់ សួ ដែលកំពុងរែងលៀសនិងខ្ចៅយកដីចេញ និងលើកមកលើគោក ដើម្បីរើសយកលៀសនិងខ្ចៅណាល្អ បានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃអ្នកស្រីនិងស្វាមីអាចរកចំណូលបានពី៥ ទៅ ៧ម៉ឺនរៀលពីរបររាវលៀសនិងខ្ចៅនេះ ប៉ុន្តែ អ្នកស្រីបានបញ្ជាក់ថា ខ្ចៅមួយធុងស្ពេត្រូលក់បានតម្លៃ ១៤,០០០ពាន់រៀល រីឯលៀសវិញលក់បានតម្លៃ៥ម៉ឺនរៀល។
កំពុងឱនរើសលៀសនិងខ្ចៅនៅលើទូកឈើដែលអូសបាន លោក ចានី ឆ្លៀងពីការងារដើរមកមាត់បឹងប្រាប់ ThemyThmey25 ពីការប្រកមុខរបររបស់គាត់យ៉ាងដូច្នេះ៖«ខ្ញុំក្រោកពីម៉ោង៣ ឬម៉ោង៤ទៀបភ្លឺ ចុះទៅអូសលៀសនិងខ្ចៅ ហើយត្រូវឈរនៅហាលថ្ងៃរើសយកលៀសនិងខ្ចៅស្អុយចោល។ ទោះបីជា ការងារប្រចាំថ្ងៃនេះហត់គួរសមដែរ តែខ្ញុំយល់ថា មិនលំបាក់ដូចខ្ញុំធ្លាប់ធ្វើសំណង់ កាលពីលៀសនិងខ្ចៅនៅក្នុងបឹងធំនេះ ពាយអស់ទេ»។
លោក ចានី និយាយឧបសគ្គដែលលោកជួបទាំងអស់សំណើចថា ពេលចុះទៅដល់បឹងបម្រុងនឹងអូសលៀសនិងខ្ចៅហើយ ស្រាប់តែម៉ាស៊ីនទូកខូចរវៃមិនឆេះ គឺមានតែត្រឡប់មកផ្ទះវិញប៉ុណ្ណឹង។ តែយ៉ាងណាប្រជានេសាទ ចានី មិនព្រួយរឿងរកអ្នកទិញលៀសនិងខ្ចៅឡើយ ដោយលោកបញ្ជាក់ថា៖«របរនេះមានម៉ូយមកចាំទិញដល់កន្លែង ហើយខ្ញុំអាចរកបាន៦ទៅ៧ម៉ឺនរៀលក្នុងមួយថ្ងៃ តែបើខ្ញុំប្រឹងរកបន្ថែមទៀត គឺអាចរកបាន១០ម៉ឺនរៀល»។
(លោក ចានី អ្នករាវលៀសនិងខ្ចៅនៅក្នុងបឹងធំ ដែលស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម)
ក្រោយដឹងថា លៀសនិងខ្ចៅនៅក្នុងបឹងធំនៃស្រុកកំពង់សៀម ខេត្តកំពង់ចាមនេះ ចាប់ផ្តើមពាយម្តងទៀត ប្រជានេសាទម្នាក់ក្នុងចំណោមប្រជានេសាទជាច្រើនទៀត គឺអ្នកស្រី គង់ សេង កំពុងព្រួយបារម្ភរឿងនេះជាខ្លាំងដោយអ្នកស្រីពោលថា៖«មានគេមកធ្វើឲ្យខ្ចៅលៀសហ្នឹងពាយពីក្នុងបឹង អីចឹងខ្ញុំចាប់ផ្តើមបាត់វិញ្ញាណអស់ពាក់កណ្តាលទៅវិញហើយ ដោយសារគិតរឿងមុខរបរហ្នឹង»។
«ប្រសិនបើ បាត់បង់លៀសនិងខ្ចៅម្តងនេះទៀត គឺមិនដឹងទៅជាយ៉ាងណាទៀតទេ ព្រោះរាល់ថ្ងៃអត់មានដី អត់មានផ្ទះជ្រកផង ចុះទម្រាំតែលៀសនិងខ្ចៅនៅក្នុងបឹងនេះវាពាយអស់ទៀត»។ ប្រជានេសាទ គង់ សេង រស់នៅភូមិក្តីបឹង ឃុំវិហារធំ ដែលអាចចិញ្ចឹមជីវភាពគ្រួសារបានដោយសារបឹងធំ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាមនេះ និយាយទាំងអស់សង្ឃឹមម្តងទៀតយ៉ាងដូច្នេះ។ យ៉ាងណាក៏អ្នកស្រីមិនចង់ធ្វើចំណាកស្រុកម្តងទៀតឡើយ ប្រសិនបើ លៀសនិងខ្ចៅទាំងនោះបាត់បង់ពិតប្រាកដមែន៕