ជាតិ
អ្នកកាសែតអាជីព៨នាក់ ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ជំនាញសរសេរព័ត៌មានបរិស្ថាន
22, Jun 2019 , 1:20 pm        
រូបភាព
ភ្នំពេញ៖ អ្នកសារព័ត៌មានអាជីពចំនួន៨នាក់មកពីស្ថាប័នផ្សេងៗគ្នា បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញសរសេរព័ត៌មានបរិស្ថាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៩ នាក្រុមហ៊ុនរថយន្ត Mercedes-Benz។



ទីភ្នាក់ព័ត៌មានបារាំង CFI សហការជាមួយសារព័ត៌មាន Thmeythmey (ថ្មីៗ) បានសម្រិតសម្រាំងជ្រើសរើសអ្នកសារព័ត៌មានអាជីពដែលមានពិសោធន៍ការងារច្រើនឆ្នាំទាំង៨នាក់ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៃគម្រោងការអភិវឌ្ឍន៍ផ្នែកព័ត៌មានតំបន់មេគង្គដោយចីរភាព (Mekong: Sustainable News)។ អ្នកសារព័ត៌មានទាំង៨នាក់នេះ នឹងទទួលបានចំណេះដឹងផ្នែកបរិស្ថានបែបវិទ្យាសាស្ត្រ និងចំណេះដឹងវិធីសាស្ត្របង្រៀន (គរុកោសល្យបង្រៀន)។

នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនៅព្រឹកថ្ងៃទី ២២ មិថុនានេះ មានការចូលរួមពីលោក ជា ច័ន្ទបូរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងតំណាងទីភ្នាក់ងារបារាំង CFI រួមទាំងអ្នកសារព័ត៌មាន។



លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា៖ «ក្រសួងបរិស្ថាន គាំទ្រពេញទំហឹងចំពោះការបណ្ដុះបណ្ដាលនេះ ដែលផ្សារភ្ជាប់រវាងវិស័យសារព័ត៌មាន និងបរិស្ថាន»។ លោក បន្តថា ក្រសួងបរិស្ថាន ក៏បានត្រៀមខ្លួនផ្ដល់អ្នកជំនាញបរិស្ថាន ដើម្បីមកធ្វើបទបង្ហាញដល់សិក្ខាកាមជាគ្រូបង្គោលផងដែរ។



តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ អ្នកសារព័ត៌មានអាជីពទាំង ៨នាក់ នឹងក្លាយទៅជាគ្រូបង្គោលផ្នែកសរសេរព័ត៌មានបរិស្ថានតំបន់មេគង្គប្រចាំកម្ពុជា ដើម្បីបន្តទៅបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន និងអ្នកបរិស្ថានដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (sustainable development goals: https://sustainabledevelopment.un.org/?menu=1300 ) របស់អង្គការសហប្រជាជាតិ។

អត្ថបទទាក់ទង
 



វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល១០ថ្ងៃ។ គ្រូបង្គោលទាំងអស់នឹងស្វែងយល់កាន់តែច្បាស់អំពី ព័ត៌មានបរិស្ថានក្នុងតំបន់មេគង្គ រួមមាន ការរាយការណ៍ព័ត៌មានបរិស្ថានបែបវិទ្យាសាស្ត្រ ការបាត់បង់គម្របព្រៃឈើ បញ្ហាសំរាមនៅក្នុងទីក្រុង និងបញ្ហានៅតាមតំបន់ឆ្នេរជាដើម។

សូមបញ្ជាក់ថា ក្រៅពីប្រទេសកម្ពុជា ទីភ្នាក់ព័ត៌មានបារាំង CFI ដែលទទួលបានការគាំទ្រមូលនិធិអនុវត្តគម្រោងពីក្រសួងការបរទេស និងអភិវឌ្ឍន៍អន្តរជាតិបារាំង ក៏បានរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះ នៅក្នុងប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ាផងដែរ៕ 














Tag:
 បរិស្ថាន
  CFI
  វគ្គបណ្តុះបណ្តាលគ្រូបង្គោល
© រក្សាសិទ្ធិដោយ thmeythmey.com