អន្តរជាតិ
បាតុករ​រាប់ពាន់នាក់​ក្នុង​ក្រុង​ហុងកុង​ហែ​ក្បួន​តវ៉ា​ទាមទារ​ឱ្យ​ដក​សំណើ​ច្បាប់​បត្យាប័ន​ទាំងស្រុង​
22, Jun 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ក្រុមបាតុករ​ជា​និស្សិត​រាប់ពាន់នាក់ ដែល​ស្លៀកពាក់​ខោអាវ​ពណ៌​ខ្មៅ​បាន​ដើរ​ហែ​ក្បួន​តវ៉ា​ក្នុង​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដកចេញ​ទាំងស្រុង​នូវ​សំណើ​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​មួយ និង​ទាមទារ​ឱ្យ​មេដឹកនាំ​នៃ​ដែនដី​នេះ​គឺ​អ្នកស្រី Carrie Lam ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចុះ​ចេញពី​តំណែង​។​

 
​ក្រុមបាតុករ​បានធ្វើឱ្យ​កកស្ទះ​ចរាចរណ៍​និង​បាន​រាំងខ្ទប់​ផ្លូវ​ដ៏​សំខាន់​មួយ​ឆ្ពោះទៅកាន់​សភា​ក្រុង​ហុងកុង ដែល​រដ្ឋាភិបាល​បាន​បិទទ្វារ​នៅ​ថ្ងៃ​សុក្រ​នេះ​។​
 
​ក្រុមបាតុករ​នៅ​ថ្ងៃ​សុក្រ​នេះ ក៏បាន​ជំរុញ​ឱ្យ​មន្ត្រី​ហុងកុង​ដកចេញ​វិញ​នូវ​ការ​ពិពណ៌នា​បាតុកម្ម​កាលពី​ថ្ងៃទី​១២​ខែមិថុនា​ថា​ជាការ​បះបោរ ហើយក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះលែង​បាតុករ​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងអស់ ព្រមទាំង​ទម្លាក់ចោល​បទចោទប្រកាន់​ប្រឆាំងនឹង​បាតុករ​ទាំងនោះ​។​
 
​ក្រុមបាតុករ​នៅ​ថ្ងៃ​សុក្រ​នេះ ក៏បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ទៅលើ​ការប្រើប្រាស់​កម្លាំង​របស់​ក្រុមប៉ូលិស ក្នុងអំឡុងពេល​មាន​បាតុកម្ម​ក្នុងពេល​ថ្មីៗ​នេះ​ផងដែរ​។ ប៉ុន្តែ រដ្ឋាភិបាល​មិនទាន់​ឆ្លើយតប​ដោយផ្ទាល់​ទៅនឹង​ការទាមទារ​ទាំងនេះ​នៅឡើយ​ទេ​។​
 
​កាលពី​ថ្ងៃ​អង្គារ អ្នកស្រី Carrie Lam បានធ្វើការ​សុំទោស​ចំពោះ​វិបត្តិ​នយោបាយ​និង​ការរំជើបរំជួល​ក្នុង​ទីក្រុង​ហុងកុង​ដែល​បណ្ដាលមកពី​សេចក្ដីស្នើច្បាប់​ស្ដីពី​បត្យាប័ន​នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com