វិស័យកាត់ដេរកម្ពុជា នឹងនៅតែរក្សាស្ថានភាពល្អ និងបន្តអភិវឌ្ឍន៍ បើទោះបីជាមានការបារម្ភ ពីឥទ្ធិពលនៃការផ្លាស់ប្តូរប្រព័ន្ធបច្ចេកវិទ្យា និងការប្រឈមទល់នឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ពីទីផ្សារសំខាន់ក្តី។ នេះបើយោងតាមអ្នកតំណាងសមាគមរោងចក្រកាត់ដេរកម្ពុជា។
តែទន្ទឹមនេះ អ្នកតំណាងរូបនេះក្រើនរំឭកថា ការរក្សាលំនឹងនេះទៅបាន លុះត្រាតែភាគី ពាក់ព័ន្ធក្នុងឧស្សាហកម្មនេះ បន្តពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីទទួលបានការបញ្ជា ទិញបន្ថែមពីអ្នកបញ្ជាទិញ។
គិតមកទល់ពេលនេះ តម្រូវការដីសម្រាប់ដាក់ទីតាំងរោងចក្រថ្មី និងសាងសង់ឃ្លាំងនៅបន្តកើនឡើង ដែលបានបង្កើនតម្លៃជួលជាបន្តបន្ទាប់។ នេះបើយោងតាមអ្នកជំនាញផ្នែកអចលនទ្រព្យ។
លោក ចន ចា សមាជិកគណកម្មធិកាសមាគមរោងចក្រកាត់ដេរកម្ពុជា បានលើកឡើងប្រាប់អ្នកសារព័តមាន ក្នុងសន្និសីទស្តីពីបដិវដ្តឧស្សាហកម្ម ៤.០ និងអនាគតឧស្សាហកម្មកាត់ដេរកម្ពុជា កាលពីថ្ងៃពុធថា ការពង្រឹងភាពប្រកួតប្រជែងក្នុងឧស្សាហកម្មកាត់ដេរ មានសារៈសំខាន់ជាងអ្វីៗទាំងអស់ បើទោះបីជាស្ថិតក្នុងស្ថានភាព ដែលត្រូវសម្របខ្លួននឹងការប្រែប្រួលនៃបច្ចេកវិទ្យា ឬបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធក៏ដោយ។ លោកថ្លែងថា៖«ដរាបណាយើងធ្វើឲ្យខ្លួនឯង មានថ្លៃផលិតមានប្រសិទ្ធភាព ឧស្សាហកម្មកាត់ដេរ នៅកម្ពុជានៅតែមានភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងបាន»។
លោកបន្តថា រដ្ឋាភិបាលបានប្រកាសគំនិតផ្តួចផ្តើមជាស៊េរីជាច្រើន ក្នុងគោលដៅកាត់បន្ថយ ថ្លៃដើមក្នុងការធ្វើអាជីវកម្ម រាប់តាំងពីថ្លៃភ្លើង ឡូជីស្ទីក ថ្លៃធ្វើអធិការកិច្ចទំនិញនាំចេញជាដើម ដែលកត្តានេះបានរួមចំណែកបង្កើនភាពប្រកួតប្រជែង។ លោកបន្តថា៖«នៅពេលដែលយើងបានទទួលការបញ្ជាទិញកាន់តែច្រើន យើងត្រូវការកម្មករ ច្រើនជាងមុន។ យើងមានបំពាក់ម៉ាស៊ីនស្វ័យប្រវត្តរួចហើយ ធៀបនឹងកាលពី ២០ ឆ្នាំមុនដែលអ្វីៗធ្វើដោយដៃ។ ហើយម៉ាស៊ីនស្វ័យប្រវត្តទាំងនេះមិនបានកាត់បន្ថយបុគ្គលិក នោះទេ»។
ឆ្លើយតបនឹងសំណួរអ្នកសារព័តមាន ថាតើការប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទៅទីផ្សារអ៊ឺរ៉ុប នឹងប៉ះពាល់ផលិតកម្មកាត់ដេរធ្ងន់ធ្ងរ ឬយ៉ាងណានោះ លោក ចន ចា បានលើកឡើងថា ឧស្សាហកម្មនេះ នៅតែអាចរស់បាន ប្រសិនបើគ្រប់ភាគីកែលម្អរភាពប្រកួតប្រជែង។
លោកបញ្ជាក់ថា៖ «យើងបានកសាងគុណសម្បត្តិរបស់យើង ទាក់ទងនឹងថ្លៃ ទាក់ទងនឹងប្រព័ន្ធ ឡូជីស្ទីក និងទាក់ទងនឹងបញ្ហាប្រឈមមួយចំនួនទៀត ដែលធ្លាប់ប៉ះពាល់ដល់ឧស្សាហកម្មនេះ។ យើងបានព្យាយាមខ្លាំងបំផុត អ៊ីចឹងយើងអាចរស់បាន និងរស់បានល្អទៀតផងក៏ថាបាន»។ លោកបន្តថា៖«ថាតើ EBA ត្រូវដកឬ មិនដក យើងត្រូវពង្រឹងខ្លួនឲ្យខ្លាំង។ យើងត្រូវពង្រឹងខ្លួនឯងជាប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ»។
យោងតាមលោក ចន ចា វិស័យកាត់ដេរកម្ពុជា នៅតែមានកំណើនការបញ្ជាទិញ គិតមកទល់ពេលនេះ។ កាលពីឆ្នាំ ២០១៨ ការនាំចេញផលិតផលកាត់ដេរ និងសម្លៀកបំពាក់មានតម្លៃជាទឹកប្រាក់ ១០ ពាន់លានដុល្លារ កើនឡើង ២៤ ភាគរយ ធៀបនឹង ៨ ពាន់លានដុល្លារឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា។ កាលពីឆ្នាំ ២០១៧ អត្រាកំណើនមានត្រឹមតែ ៧,៦ ភាគរយប៉ុណ្ណោះ។
លោក សន សៀប ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បានប្រាប់ Realestate.com.kh កាលពីថ្មីៗនេះថា តម្រូវការទីតាំងសម្រាប់បើករោងចក្រថ្មី និងឃ្លាំងនៅតែមានកំណើន ហើយបានធ្វើឲ្យថ្លៃឈ្នួលកើនឡើងផងដែរ។
លោកបន្តថា៖ «គិតមកទល់ពេលនេះ មិនទាន់មានសញ្ញាអវិជ្ជមានអីណាមួយដល់តម្រូវការឃ្លាំង ឬ ទីតាំងសម្រាប់ដាក់រោងចក្រទេ។ តាមពិតទៅ តម្រូវការនៅតែកើនឡើង ហើយថ្លៃឈ្នួលក៏ខ្ពស់ជាងមុនដែរ»៕
(អត្ថបទពាណិជ្ជកម្ម)