ភ្នំពេញ៖ ក្រសួងកសិកម្មកំពុងពន្លឿនឲ្យផលិតផលស្វាយរបស់កម្ពុជា អាចឆ្លងផុតការត្រួតពិនិត្យបច្ចេកទេសរបស់ដៃគូទីផ្សារបរទេសមួយចំនួន ដើម្បីនាំចេញទៅបណ្ដាប្រទេសទាំងនោះ។
ផ្ទៃដីដាំស្វាយទូទាំងប្រទេសមានចំនួន ១០,៥ម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៨ម៉ឺនហិកតា ដោយទទួលផលសរុបប្រមាណ ១,២លានតោនក្នុង១រដូវ។ សក្ដានុពលនេះហើយដែលក្រសួងកសិកម្មបានចាប់ផ្ដើមចរចាបើកទីផ្សារជាមួយបណ្ដាប្រទេសនានា។
ក្នុងនោះប្រទេសចិន គឺជាទីផ្សារដែលត្រូវរំពឹងថានឹងទទួលទិញក្នុងពេលឆាប់ៗ។ កាលពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៩ ក្រសួងកសិកម្មរបស់កម្ពុជា និងអគ្គរដ្ឋបាលគយចិនបានបើកកិច្ចប្រជុំដើម្បីជំរុញដំណើរការភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ទីផ្សារចិន។ បន្ទាប់ពីកិច្ចប្រជុំនោះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចុះត្រួតពិនិត្យស្ថានភាពដំណើរការខ្សែសង្វាក់ផលិតកម្មដំណាំស្វាយ ការដាំដុះលក្ខណៈគ្រួសារ សហគមន៍ និងឧស្សាហកម្ម រោងចក្រកែ រោងចក្រធ្វើប្រព្រឹត្តកម្មចំហាយក្ដៅ(Vapor Heat Treatment) ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សម្រាប់ជាមូលដ្ឋានវាយតម្លៃសមត្ថភាព ចំណុចខ្វះខាត និងឈានទៅជំរុញការអនុវត្តឲ្យស្របនឹងលក្ខខណ្ឌតម្រូវរបស់ភាគីចិន ដើម្បីភាគីទាំងពីអាចចុះពិធីសារអំពីការនាំចេញស្វាយក្នុងពេលឆាប់ខាងមុខ។
បន្ទាប់ចុះពិនិត្យខ្សែសង្វាក់ផលិតកម្មដំណាំស្វាយ លោក វេង សាខុន បានកត់សម្គាល់ឃើញថា កសិករ និងសហគមន៍ដំណាំស្វាយ ជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូចជា ខ្វះទុនសម្រាប់វិនិយោគបន្ថែម ខ្វះបច្ចេកទេសគាំទ្រ(ថែទាំ ប្រមូល និងទុកដាក់) ខ្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ(ប្រព័ន្ធស្រោចស្រព និងឃ្លាំងស្តុកស្ដង់ដារ) និងខ្វះយន្តការទីផ្សារ។ នេះបើតាមព័ត៌មាននៅលើហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ខែមិថុនា។
ក្រសួងកសិកម្មបានឲ្យដឹងថា ក្រសួងបានមើលឃើញពីសក្ដានុពលដំណាំផ្លែស្វាយរបស់កម្ពុជា ដូច្នេះហើយបានចាប់ផ្ដើមចរចាបើកទីផ្សារជាមួយប្រទេសនានា។ ក្នុងនោះកម្ពុជាបានព្រមព្រៀងជាមួយប្រទេសកូរ៉េតាំងពីឆ្នាំ២០១៥ តែខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ម៉ាស៊ីនកម្ចាត់រុយចោះផ្លែដោយប្រើចំហាយទឹកក្ដៅ (VHT) គ្រប់គ្រងហានិភ័យ ដែលមិនអាចនាំចេញបានភ្លាមៗ។ តែថ្មីៗនេះក្រុមហ៊ុន Hyundai Agro (Cambodia) ដែលគ្រោងនាំចេញស្វាយទៅកូរ៉េ អាចដោះស្រាយបញ្ហានេះនៅរោងចក្ររបស់ខ្លួន ហើយទទួលការចុះពិនិត្យដោយមន្ត្រីជំនាញរបស់កូរ៉េ (APQA)។ ភាគីកូរ៉េនឹងផ្ញើលទ្ធផលត្រួតពិនិត្យនាពេលខាងមុខ។ តាមការរំពឹងទុក ក្រុមហ៊ុននឹងនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកូរ៉េលើកទី១ ក្នុងខែតុលាឆ្នាំនេះ។
រីឯប្រទេសថៃ ការនាំចេញស្វាយអាចប្រព្រឹត្តទៅបានតាំងពីឆ្នាំ២០១៦ បន្ទាប់ពីចរចាបើកទីផ្សាររួច ខណៈការនាំចេញទៅវៀតណាម ចាប់ផ្ដើមជាផ្លូវការតាំងពីឆ្នាំ២០១៥។
ជាមួយគ្នានេះសម្រាប់ទីផ្សារប្រទេសជប៉ុន នាយកដ្ឋានផ្នែកភូតគាមអនាម័យរបស់ប្រទេសទាំងពីរបានចាប់ផ្ដើមចរចាពីបញ្ហាបច្ចេកទេសសម្រាប់នាំចេញផ្លែស្វាយទៅជប៉ុន ប៉ុន្តែអស់រយៈពេលមួយឆ្នាំហើយ នៅមិនទាន់មានការឆ្លើយតបពីភាគីជប៉ុននៅឡើយ។
ដោយឡែកទីផ្សារសហរដ្ឋអាមេរិក អគ្គនាយកដ្ឋានកសិកម្មបានរៀបចំគម្រោងស្នើសុំជួយពីនាយកដ្ឋានកសិកម្មរបស់អាមេរិក (USDA) និងទីភ្នាក់ងារ USAID ផងដែរសម្រាប់នាំចេញស្វាយទៅទីផ្សារមួយនេះ។
ទោះយ៉ាងណាស្វាយរបស់កម្ពុជាក៏បានទៅដល់ទីផ្សារប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបរួចមកហើយដែរ តាមរយៈការនាំចេញផ្ទាល់របស់ក្រុមហ៊ុនរបស់លោក ម៉ុង ឫទ្ធី ៕