កីឡាជាតិ
ជាតិ
NOCC រៀបចំទិវាអូឡាំពិក ដើម្បីអបអរខួប១២៥ឆ្នាំ និងផ្សព្វផ្សាយចលនាអូឡាំពិកដល់យុវជន
22, Jun 2019 , 5:53 pm        
រូបភាព
ដោយ:
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)រៀបចំ«ទិវាអូឡាំពិក» ដើម្បីអបអរខួបនៃការបង្កើតចលនាកីឡាអូឡាំពិក ក៏ដូចជាផ្សព្វផ្សាយពីចលនាអូឡាំពិកដល់យុវជន។ ក្រៅពីចំណេះដឹងពាក់ព័ន្ធចលនាអូឡាំពិក យុវជនទទួលបានចំណេះដឹងពីរបៀបធ្វើសមាធិឲ្យចិត្តស្ងប់ និងចូលរួមលេងល្បែងកម្សាន្តជាដើម។ អូឡាំពិកមានពីរប្រភេទ គឺអូឡាំពិកបុរាណ និងទំនើប។ ទិវានេះត្រូវបានរៀបចំនៅថ្ងៃទី២២ ខែមិថុនា រៀងរាល់ឆ្នាំទូទាំងសកលលោក។



គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ចលនាកីឡាអូឡាំពិកទំនើបបានបង្កើតឡើងអស់រយៈពេល១២៥ឆ្នាំ។ អូឡាំពិកទំនើបបង្កើតឡើងនៅសតវត្សរ៍ទី១៨ ដែលប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៨៩៤។ អូឡាំពិកបានរៀបចំការប្រកួតកីឡាអូឡាំពិកជាផ្លូវការលើកដំបូងរបស់ខ្លួននៅឆ្នាំ១៨៩៦ នៅទីក្រុងអាតែនប្រទេសក្រិក។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក វ៉ាត់ ចំរើន ដែលធ្វើបទបង្ហាញពីប្រវត្តិនៃការកកើតចលនាអូឡាំពិកក្នុងទិវាអូឡាំពិកបានរៀបរាប់យ៉ាងដូច្នេះថា៖«អូឡាំពិកចែកចេញជាពីរ គឺអូឡាំពិកបុរាណ អូឡាំពិកនេះបានកើតឡើង២០០០ឆ្នាំមុនគ្រិស្តសករាជ ដែលគេធ្វើឡើងនៅលើភ្នំអូឡាំព្យ៉ាតប្រទេសក្រិក។ បន្ទាប់មក អូឡាំពិកបានកើតឡើងជាលើកទីពីរក្រោយអូឡាំពិកបុរាណបាត់ទៅ ដែលគេហៅថាការកកើតអូឡាំពិកសម័យទំនើបនៅសតវត្សរ៍ទី១៨»។

ដើម្បីរំលឹក និងអបអរខួប១២៥ឆ្នាំនៃការបង្កើតកីឡាអូឡាំពិកទំនើប គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីទិវាអូឡាពិក ដែលមានយុវជនចូលរួមជាង១០០នាក់ កាលពីព្រឹកថ្ងៃទី២២ មិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ សម្រាប់ការចូលរួមនេះ យុវជនទាំងអស់ទទួលបានចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងចលនាអូឡាំពិក ក្រោមបទបង្ហាញរបស់លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ NOCC។

យុវជនទាំងនោះ ក៏ទទួលបានការបង្ហាត់បង្ហាញពីអ្នកជំនាញផ្លូវចិត្តពីរបៀបធ្វើសមាធិ និងការប្រើប្រាស់ខ្យល់ដង្ហើមនិងអារម្មណ៍ ដើម្បីឲ្យចិត្តស្ងប់ផងដែរ។ ក្រៅពីនេះ ពួកគេបានចូលរួមលេងកីឡានិងល្បែងកម្សាន្តនានា ដើម្បីបង្កើននិងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងកីឡាករ មន្ត្រី និងថ្នាក់ដឹកនាំឲ្យកាន់តែប្រសើរទៀតផង៕

Tag:
 ទិវាអូឡាំពិក
  វ៉ាត់ ចំរើន
  ពហុកីឡដ្ឋានជាតិមរតកតេជោ
© រក្សាសិទ្ធិដោយ thmeythmey.com