ជាតិ
រលំ​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​៖ រកឃើញ​៣​នាក់​ទៀត ដោយ​២​នាក់​ស្លាប់ និង​ក្មេងស្រី​១​នាក់​នៅរស់​
23, Jun 2019 , 12:47 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រតិបត្តិការ​ក្រុម​អ្នក​សង្គ្រោះ​ជនរងគ្រោះ​ដែល​អគារ​សំណង់​រលំ​សង្កត់​លើ​នៅតែ​បន្ត​នៅ​យប់​រំលងអធ្រាត្រ​ថ្ងៃទី​២២ ឈាន​ចូលដល់​ថ្ងៃទី​២៣ ខែមិថុនា​នេះ​ដោយ​ក្រុម សង្គ្រោះបាន​រកឃើញ​មនុស្ស ៣​នាក់​ទៀត ដែល​ក្នុងនោះ​២​នាក់​បាន​ស្លាប់ ហើយ​ក្មេងស្រី ១​នាក់ នៅ​រស់រានមានជីវិត​ហើយ​បាននិងកំពុង​ត្រូវបាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ក្មេង​ស្រី​ដែល​នៅរស់​ឈ្មោះ អ៊ុន ណេង អាយុ១៦​ឆ្នាំ មកពី​ស្រុក​សំបូរ  ខេត្ត​ក្រចះ​។​



 តុល្យការ​ចុងក្រោយ​នៃ​ឧបទ្ទវហេតុ​រលំ​អគារ​ដោយគិតត្រឹមម៉ោង១១ និង៤០នាទី ឈានដល់ថ្ងៃទី​២៣ ខែមិថុនា​ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ចំនួន ៣៩ រូប​ក្នុងនោះ​ស្លាប់​ចំនួន ១៥​នាក់ (ស្រី៣នាក់) ហើយ​អ្នករងរបួស​ចំនួន ២៤ រូប​ (ស្រី២នាក់)។ រហូតមក​ទល់នឹង​នឹង​ពេលនេះ កម្លាំង​សង្គ្រោះ​បន្តធ្វើ​ការរុករក​ជន​រងគ្រោះ​ដែល​ស្ថិតក្នុង​ឧបទ្ទវហេតុ​នៃ​ការ​រលំ​បាក់ អគារ​នេះ​ចាប់តាំងពី​ព្រឹក​ព្រលឹម​មក​។

​លោក សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ សមាជិក​ក្រុមការងារ​និង​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់​នៅ កន្លែងកើតហេតុ និង​បាន​កៀរគរ​កម្លាំង​សង្គ្រោះ​ពី​មជ្ឈដ្ឋាន​នានា​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ខ្លះ​ដែល​សង្ស័យថា​បាននិងកំពុង​ស្ថិតនៅក្នុង​គំនរ​បាក់បែក​នោះ​នៅឡើយ​៕



Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com