ជាតិ
សង្គមជាតិ
រលំអគារ៖ រដ្ឋាភិបាល ជូន១ម៉ឺនដុល្លារ ដល់គ្រួសារអ្នកស្លាប់ម្នាក់ៗ និងជាង១ពាន់ដុល្លារ ដល់អ្នករបួសម្នាក់ៗ
23, Jun 2019 , 12:47 am        
រូបភាព
ពីប្រទេសថៃ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកាជាតិ យកទៅជួយជនរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារនៅខេត្តព្រះសីហនុ ដោយក្នុងនោះ ជូន១ម៉ឺនដុល្លារ ដល់គ្រួសាររបស់អ្នកបាត់បង់ជីវិតម្នាក់ៗ និងជូន១២៥០ដុល្លារ ដល់អ្នករងរបួសម្នាក់ៗ រួមទាំងទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ។



សម្តេចនាយករដ្ឋមន្រ្តី បានសរសេរលើទំព័រហ្វេសប៊ុក នៅយប់ម៉ោង១២កន្លះឈានចូលថ្ងៃទី២៣មិថុនានេះ យ៉ាងដូច្នេះថា «ឯកឧត្តម ប៊ិន ឈិន ឧបនាយរដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រី ទទួលចាត់ចែងថវិកានេះជូនបងប្អូន។ យប់នេះ ខ្ញុំនៅបន្តតាមដានការងាររុករកនិងសង្រ្គោះជាមួយបងប្អូនតទៅទៀត»។

តាមរយៈសំណេរនោះ ប្រមុខរដ្ឋាភិបាល ចាត់ទុកការរលំអគារ៧ជាន់នេះ ថាជាសោដនាដកម្ម និងជារឿងឈឺចាប់របស់ជាតិ ជាពិសេសក្រុមគ្រួសាររបស់ជនរងគ្រោះ៕

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com