ជាតិ
សេដ្ឋកិច្ច
មេដឹកនាំកម្ពុជា ស្នើឲ្យមេដឹកនាំអាស៊ាន ជំរុញការធ្វើពាណិជ្ជកម្មបន្ថែម
× ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលកំពុងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើប្រមុខរដ្ឋាភិបាលអាស៊ាន ឲ្យជំរុញការធ្វើពាណិជ្ជកម្មបន្ថែមទៀត ដើម្បីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់អាស៊ានទាំងមូល។ នេះបើតាមសារលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី។
ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តថា ឆ្នាំ២០១៩នេះ ជាខួប២០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន។ មេដឹកនាំកម្ពុជា បន្ថែមថា កន្លងមក កម្ពុជា បានគោរពតាមគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាសមាជិកអាស៊ាន ជាពិសេសការចូលរួមថែរក្សាសន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។
មេដឹកនាំអាស៊ាន បានពិភាក្សានិងផ្លាស់ប្ដូរមតិយោបល់គ្នា អំពីការប្រឈមលើការគ្រប់គ្រងការប្រែប្រួលអាកាសធាតុ។ ពួកគេ បានជំរុញឲ្យអាស៊ាន ដើរតួនាទីសំខាន់ក្នុងយន្តការសាមគ្គីភាព ការតភ្ជាប់អាស៊ាន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍។
ប្រមុខរដ្ឋាភិបាលអាស៊ាន បានផ្តោតលើបញ្ហាស្នូលរបស់អាស៊ាន ការពង្រឹងកសាងសមត្ថភាពរបស់អាស៊ាន ជាពិសេសការចូលរួមកាត់បន្ថយគម្លាតនៃការអភិវឌ្ឍអាស៊ាន ក្នុងការពង្រឹងនៃការធ្វើពាណិជ្ជកម្ម ដើម្បីជំរុញឲ្យអាស៊ានឆ្លើយតបទៅនឹងការប្រឈមនៃគ្រោះមហន្តរាយ ដោយការប្រែប្រួលអាកាសធាតុ ជាពិសេសពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនៃសំរាម ដែលបច្ចុប្បន្ននេះកំពុងតែរាតត្បាតនៅតាមឆ្នេរកោះនៃប្រទេសសមាជិកអាស៊ាន៕
Tag:
ហ៊ុន សែន
កិច្ចប្រជុំអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com