ជាតិ
សង្គមជាតិ
លោក កឹម សុខា សើ្នឲ្យផ្តន្ទាទោសអ្នកទទួលខុសត្រូវលើអគារដែលរលំ
23, Jun 2019 , 12:07 pm        
រូបភាព
រូបពីហ្វេសបុករបស់លោក កឹម សុខា
រូបពីហ្វេសបុករបស់លោក កឹម សុខា
«ខ្ញុំសូមអំពាវនាវឲ្យមានការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ដោយផ្តល់សំណង និងផ្តន្ទាទោសចំពោះអ្នកទទួលខុសត្រូវទាំងឡាយដែលពាក់ពន្ធ័ឲ្យបានសមរម្យ ហើយក៏សូមឲ្យរកមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ និងមានវិធានការបង្ការទប់ស្កាត់កុំឲ្យហេតុការណ៍បែបនេះកើតមានដដែលៗតទៅទៀត»។ នេះជាសាររបស់លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក នៅម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៣មិថុនា។



លោក កឹម សុខា ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និង មិនអាចេញទៅណាឆ្ងាយពីផ្ទះ បានបង្ហាញសមានចិត្តយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីរន្ធត់ និងសោកស្តាយយ៉ាងខ្លាំងក្រៃលែងចំពោះកម្មករសំណង់ខ្មែរក្រីក្រ ដែលទទួលរងគ្រោះស្លាប់និងរងរបួសយ៉ាងច្រើន ដោយបណ្តាលមកពីការរលំបាក់អគារសំណង់របស់ចិននៅខេត្តព្រះសីហនុ។ ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះ និងក្រុមគ្រួសារសពទាំងអស់ដោយក្តីក្រៀមក្រំបំផុត»។

គិតត្រឹមម៉ោង១២កន្លះ ថ្ងៃទី២៣មិថុនានេះ សមត្ថកិច្ច រកឃើញអ្នកស្លាប់១៨នាក់ (ស្រី៤នាក់) និងអ្នករបួស២៤នាក់ (ស្រី២នាក់)។ ជាមួយគ្នានេះ សមត្ថកិច្ច បានចាប់ជនជាតិចិន៣នាក់ និង ខ្មែរម្នាក់ ទៅសួរនាំ ក្រោយរកឃើញថាពួកគេ ជាប់ពាក់ព័ន្ធនឹងការសាងសង់អគារនេះ៕

Tag:
 រលំអគារ
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com