ជាតិ
ស្ត្រី​មេម៉ាយ សែម ភា តស៊ូ​ធ្វើស្រែ​-​ដាំ​បន្លែ​តែឯង ដើម្បី​ឲ្យ​កូនស្រី​២​នាក់​បាន​រៀន​នៅ​សាកលវិទ្យាល័យ​
23, Jun 2019 , 8:39 pm        
រូបភាព
​កណ្ដាល​៖ អ្នកស្រី សែម ភា គឺជា​ស្ត្រី​មេម៉ាយ ដែល​ខិតខំ​តស៊ូ​ធ្វើស្រែ​ចម្ការ និង​ដាំ​បន្លែ​តែម្នាក់ឯង ដើម្បី​រកប្រាក់​ឱ្យ​កូនស្រី​២​នាក់ បាន​រៀន​នៅ​មហាវិទ្យាល័យ​។ យល់ថា​ក្រ​ព្រោះ​គ្មាន​ចំណេះ ទើបបានជា​ស្ត្រី​វ័យ​៤១​ឆ្នាំ​រូបនេះ សុខចិត្ត​ខ្ចី​បំណុល​គេ យកប្រាក់​ផ្ដល់ឱ្យ​កូន​បាន​រៀន​ខ្ពស់ ក្នុង​បំណង​ឱ្យ​ពួកគេ​គេច​ឱ្យ​ផុតពី​វាសនា​ដូច​អ្នកស្រី​។ មានកូន​៤​នាក់​ក្នុងបន្ទុក អ្នកស្រី ភា ប្ដេជ្ញា​ជំរុញ​ពួកគេ​ឱ្យបាន​រៀន​ខ្ពង់ខ្ពស់​គ្រប់ៗ​គ្នា​។​



​មាន​ស្រុកកំណើត​នៅ​ស្រុក​កោះធំ ខេត្តកណ្ដាល អ្នកស្រី សែម ភា គឺជា​ស្ត្រី​មេម៉ាយ​ដែលមាន​កូន​៤​នាក់​ក្នុងបន្ទុក​។ ស្ថិតក្នុង​ជីវភាព​ក្រីក្រ ហើយ​មាន​តួនាទី​ជា​ម្ដាយ​ផង និង​ជា​ឪពុក​ផង អ្នកស្រី ភា ត្រូវ​ធ្វើស្រែ និង​ដាំ​ដំណាំ​ស្វាយ ព្រមទាំង​ដាំ​បន្លែ​រួមផ្សំ​ផ្សេងៗ​ទៀត មិន​ក្រោម​១០​មុខ​ឡើយ ដើម្បី​រកប្រាក់​ចិញ្ចឹម​កូន និង​ឱ្យ​ពួកគេ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់​នឹង​គេ​។ ស្ថិតក្នុង​ដំណាក់កាល​គ្រួសារ​កំពុងមាន​វិបត្តិ ហើយ​បន្លែ​ក៏ត្រូវ​បំផ្លាញ​អស់​ដោយ​សត្វល្អិត អ្នកស្រី សែម ភា នៅតែ​សម្រេចចិត្ត បញ្ជូន​កូន​មក​រៀន​នៅ​រាជធានី​ភ្នំពេញ​។​
 
​អង្គុយ​បោចស្មៅ​ចេញពី​ដំណាំ​ស្ពៃ ក្នុង​រោង​ដាំ​បន្លែ (​ហៅថា​ផ្ទះ​សំណាញ់​) ដែល​នៅក្នុង​ដីចម្ការ​ចម្ងាយ​ជិត​មួយ​គីឡូម៉ែត្រ ពី​ផ្ទះ​របស់ខ្លួន ស្ត្រី​សម្បុរ​ស្រអែម សម្ដី​លះៗ​រូបនេះ ថា​ទោះបីជា​ខ្លួន​ក្រ​យ៉ាងណាក៏ដោយ ក៏​អ្នកស្រី​ប្រឹង​ប្រែ​ធ្វើស្រែ​និង​ដាំ​បន្លែ​គ្រប់មុខ ដើម្បី​រកប្រាក់​ឱ្យ​កូន​បាន​រៀន​ដែរ​។ អ្នកស្រី​បញ្ជាក់​ដូច្នេះ​៖«​រាល់ថ្ងៃ​ខ្ញុំ​មិន​គិត​អ្វី​ទាំងអស់ ខ្ញុំ​ដឹង​តែ​ថា​ត្រូវ​រកប្រាក់​តាម​វិធី​ណា ដើម្បីឱ្យ​កូន​បាន​រៀន​»​។


 
​ដើរទៅ​កាត់​ដំណាំ​ជី ដែល​នៅ​ខាងក្រោយ​ផ្ទះ អ្នក​ម្ដាយ​រូបនេះ រំឭកថា មាន​អ្នកភូមិ​មិនតិច​ឡើយ ដែល​ដៀលត្មះ​អ្នកស្រី ព្រោះតែ​ការបញ្ជូន​កូនស្រី​ទាំង​២​ទៅ​រៀន​នៅ​រាជធានី​ភ្នំពេញ​៖«​មិន​ខ្វះ​ទេ​អ្នកភូមិ​ដែល​គេ​ថាឱ្យ​ខ្ញុំ​។ គេ​ថាឱ្យ​កូនស្រី​ទៅ​រៀន​ប្រយ័ត្ន​វា​ខូចខ្លួន​។ គេ​ថា​ផ្ទះ​ក្រ​ឱ្យ​កូន​រៀន​ធ្វើ​អី​។ រៀន​ហើយក៏​អត់​ប្រយោជន៍​ដដែល​។ រៀន​ហើយ​បាន​ប្រាក់ខែ​ដូច​តែ​អ្នក​មិនបាន​រៀន​ដែរ​។ តែ​ខ្ញុំ​មិន​ខ្វល់​នឹង​សំដី​គេ​ទេ ខ្ញុំ​គិតថា​មនុស្ស​ត្រូវ​ខូច នៅតែ​ផ្ទះ​ក៏​វា​អាច​ខូច​បានដែរ​»​។​
 
​អះអាងថា​ខ្លួន​មិនបាន​រៀន​ច្រើន តែ​កសិករ​រូបនេះ មាន​ការគិត​វែងឆ្ងាយ​ដោយសារតែ​អ្នកស្រី​បាន​អាន​សៀវភៅ​មួយចំនួន ដែល​បង្ហាញ​ពី​គុណ​តម្លៃ​របស់​ចំណេះដឹង​។ អង្គុយ​ក្នុង​ដីចម្ការ​ក្រោម​ដំណក់ទឹកភ្លៀង ស្ត្រី​កូន​៤​នាក់​រូបនេះ​បន្ថែម​៖« ខ្ញុំ​យល់ថា​អ្នកមាន​ចំណេះ​ទៅណា​ក៏​ចូល​ចំណោម​គេ​ចុះ​ដែរ​។ មនុស្ស​មានចំណេះ​ជាម​នុស្ស​ក្លាហាន​។ បើ​គាត់​អត់​ចំណេះ ទៅធ្វើ​ការ​ឱ្យគេ​បានតែ​ពេល​មាន​កម្លាំង​ទេ​។ តែបើ​មានចំណេះ​គាត់​ធ្វើការ​ដោយ​ប្រើ​បញ្ញា ហើយ​មិន​ហត់​ដូចជា​ខ្ញុំ​ទេ​»​។


 
​ដៃ​កាន់​កណ្តៀវ​រលះរលាំង​កាត់​ជី​ស្លឹក​វែង ដែល​នៅក្នុង​ចម្ការ​ខាងក្រោយ​ផ្ទះ កសិករ​ដែល​ប្រាប់ថា​ខ្លួន​មិនមាន​ទ្រព្យ​ធំដុំ​នោះ បាន​ចំណាយ​ប្រាក់​បង់ថ្លៃ​សាលា​ឱ្យ​កូនស្រី​ទាំង​២ ក្នុង​មួយឆ្នាំ​ប្រមាណ​ជា​១,៤០០​ដុល្លា​អាមេរិក​។ ហើយ​ប្រាក់​ប្រហែល​ជិត​២០០​ដុល្លារ​អាមេរិក​ទៀត អ្នកស្រី​បានផ្ដល់​ឱ្យ​កូន​ជា​រៀងរាល់ខែ សម្រាប់​ឱ្យ​ពួកគេ​ចំណាយ​ផ្សេងៗ​។


 
​កញ្ញា សែម ស្រី​និ​ច គឺជា​កូនច្បង​របស់​អ្នកស្រី សែម ភា​។ ស្រី​និ​ច ដែលមាន​អាយុ ២៣​ឆ្នាំ កំពុង​រៀន​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ ឆ្នាំ​ទី​៤ នៅ​សាលា​បញ្ញា​សាស្ត្រ​។ មាន​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ ស្រី​និ​ច បាន​ព្យាយាម​រក​ការងារ ធ្វើ​តាំងពី​រៀន​ឆ្នាំ​ទីមួយ ដើម្បី​ជួយ​សម្រាល​បន្ទុក​ម្ដាយ​ខ្លះ​។ 
 
​អង្គុយ​នៅមុខ​ព្រះបរមរាជវាំង​ចតុមុខ នារី​រូបនេះ និយាយ​ពីអ្វី​ដែល​ម្ដាយ​លះបង់ ដើម្បី​ខ្លួន​ទាំង​ទឹកភ្នែក​ប្រជែង​គ្នា​រមៀល​ចុះ​៖«​ម្ដាយ​ខ្ញុំ​គាត់​មិនមាន​ពេល​សម្រាក​ទេ​។ គាត់​មិនដែល​ស្រាយ​មុង​ទេ ពេល​គាត់​ក្រោក​ពី​សម្រាន្ត​។ គាត់​ក្រោក​ឡើង​ដឹង​តែ​ទៅ​កាត់​ជី និង​បន្លែ​យកទៅលក់​។ តាំងពីព្រឹក រហូតដល់​យប់ គឺ​គាត់​រវល់​រហូត​។ ពេលខ្លះ​រវល់​ពេក​គាត់​គ្រាន់តែ​ហូប​មី​២​កញ្ចប់ ជាមួយ​ប្អូន​ខ្ញុំ​២​នាក់​ទៀត ហើយ​គាត់​ទៅធ្វើ​ការ​ទៀតហើយ​។ រឿង​ទាំងនេះ គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ តែ​នៅក្នុង​គ្រួសារ​របស់ខ្ញុំ នៅ​មានរឿង​ផ្ទៃក្នុង​ជាច្រើន​ទៀត ដែល​ពិបាក​នឹង​និយាយ​។ ពេលនេះ​ខ្ញុំ​មិនទាន់បាន​ជួយ​អ្វី​ដល់​ម្ដាយ​ខ្ញុំ​ទេ គ្រាន់តែ​អាច​រកប្រាក់​ចំណាយ​លើ​ការសិក្សា​របស់ខ្លួន​ឯង​បាន​ខ្លះ​»​។ 


 
​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់​ដោយ​មិន​ខ្លាច​អ្វី ដោយ​ដើរទៅ​កាត់​ដំណាំ​ជី​ដែល​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ ឆ្លងកាត់​ដី​ជំរាល​ព្រែក​ដ៏​រអិល អមដោយ​ព្រៃ​ស៊ុបទ្រុប នៅ​ម៉ោង​៤​ទាបភ្លឺ​តែម្នាក់ឯង​ព្រោះតែ​កូន ស្ត្រី​មេម៉ាយ​រាង​តូច​សម្បុរ​ស្រអែម​រូបនេះ ប្រកាន់​គំនិត​ថា មនុស្ស​ត្រូវស្លាប់​នឹង​អ្វី ទោះបី​ចង់​គេច​ក៏​មិន​ផុត​។ 
 
​អ្នកស្រី​និយាយ​គាំទ្រ​គំនិត​របស់ខ្លួន​៖«​មាន​គេ​ថា​ដើរកាត់​ព្រៃ​ពេលយប់​បែប​ហ្នឹង មិន​ខ្លាច​សត្វ​ពស់ ឬ​មាន​គ្រោះថ្នាក់​អ្វី​ទេ​? ខ្ញុំ​ថា​មិន​ខ្លាច​ទេ ព្រោះ​ខ្ញុំ​ជឿថា​មនុស្ស​យើង បើ​ត្រូវស្លាប់​នឹង​អ្វី​ហើយ ទោះ​ខំ​គេច​ក៏​គេច​មិន​ផុត​ដែរ​»​។ 
 
​ខំ​ទាំងយប់ ខំ​ទាំង​ថ្ងៃ ជា​ញឹកញយ​អ្នកស្រី ភា ស្ថិតនៅក្នុង​ដីស្រែ​ដាច់​ឆ្ងាយ​ពី​ភូមិ ធ្វើការ​តែម្នាក់ឯង​រហូតដល់​ម៉ោង​១០ ឬ​១១​យប់​។ ទោះបីជា​ខំប្រឹងប្រែង​យ៉ាងណាក៏ដោយ ក៏​កម្លាំង​ស្រី​តែម្នាក់ឯង មិនអាច​រកប្រាក់​ឱ្យ​កូន​រៀន​ទាន់​ដែរ អ្នកស្រី ភា ចាំបាច់​ត្រូវ​ខ្ចីប្រាក់​ពី​អ្នកភូមិ​ខ្លះ ដើម្បី​ផ្ដល់ឱ្យ​កូន ទម្រាំ​ដល់​ខែ​ប្រមូល​ផល នឹង​បាន​យកទៅ​សង​គេ​វិញ​។


 
​ស្ត្រី​កូនស្រី​៣​នាក់ និង​ប្រុស​ម្នាក់​រូបនេះ និយាយ​ព្រម​ដោយ​ស្នាមញញឹម​៖«​ខ្ញុំ​គិតថា​បើ​ខ្ញុំ​ធ្វើស្រែ​មួយឆ្នាំ ខ្ញុំ​ប្រមូល​ផល​តែម្ដង​ទេ​។ ដូច្នេះ​រកប្រាក់​ឱ្យ​កូន​រៀន​មិនទាន់​ទេ​។ ខ្ញុំ​គិត​ច្រើនណាស់​។ ខ្ញុំ​ក៏​ចាប់ផ្ដើម​ដាំ​បន្លែ ព្រោះ​ខ្ញុំ​គិតថា វា​អាចឱ្យ​ខ្ញុំ​មាន​ចំណូល​រាល់ថ្ងៃ​។ ពីមុន ខ្ញុំ​ខ្ចីប្រាក់​គេ​ផ្ដល់ឱ្យ​កូន​រៀន តែ​ពេលនេះ​ខ្ញុំ​មិន​បារម្ភ​ទៀត​ទេ ហើយ​ខ្ញុំ​ក៏​សង​គេ​អស់ហើយ​ដែរ ដោយសារ​ការដាំ​បន្លែ​»​។​
 
​ទោះបី​ជាមាន​ប្រាក់ចំណូល​ចូល​គ្រួសារ​រាល់ថ្ងៃ​ក៏ពិតមែន ប៉ុន្តែ​ជីវភាព​គ្រួសារ​ដែល​មានតែ​ស្ត្រី​មេម៉ាយ​ជា​ជំហរ​តែម្នាក់ឯង​នោះ ក៏​នៅតែ​មិនអាច​ផ្ដល់ប្រាក់​ឱ្យ​កូនស្រី​ទី​២​ដែល​កំពុង​រៀន​ឆ្នាំ​ទី​២​ជំនាញ​ស្ថាបត្យកម្ម​បាន​គ្រប់គ្រាន់​ដែរ​។ ៖«​ខ្ញុំ​គិតថា​ជំនាញ​ស្ថាបត្យកម្ម​ដែល​ខ្ញុំ​កំពុង​រៀន​នេះ​ពិតជា​ពិបាក​ណាស់ ព្រោះ​ខ្ញុំ​ត្រូវ​ចំណាយ​លើ​សម្ភារ​សិក្សា​ច្រើន ហើយ​ជីវភាព​គ្រួសារ​របស់ខ្ញុំ​ខ្វះខាត​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​នៅតែ​ព្យាយាម​រៀន​រហូត​ចប់​ឆ្នាំ ព្រោះ​បំណង​របស់​ម្ដាយ​ខ្ញុំ ចង់ឱ្យ​ខ្ញុំ​មានចំណេះ និង​មាន​ការងារ​សមរម្យ​ធ្វើ​»​។ នេះ​ជាការ​រៀបរាប់​របស់​ក​ញ្ញា សែម វណ្ណា​រី ដែល​ត្រូវជា​កូនស្រី​ទី​២​របស់​អ្នកស្រី សែម ភា​។


 
​ក្ដីសង្ឃឹម​របស់​ស្ត្រី​មេម៉ាយ​កូន​៤​នាក់​រូបនេះ គឺ​ការ​បានឃើញ​កូន​ទាំងអស់​របស់ខ្លួន មាន ចំណេះដឹង​។ «​ខ្ញុំ​មិន​ចង់ឱ្យ​កូនៗ​របស់ខ្ញុំ​ទៅធ្វើ​ការ​ដើម្បី​យកប្រាក់​មកឱ្យ​ខ្ញុំ​ទេ ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​ពួកគេ​ប្រើ​ចំណេះ​ទាំងនោះ សម្រាប់​ជីវិត​របស់ខ្លួន​ទៅ​ថ្ងៃ​អនាគត តែប៉ុណ្ណោះ​»៕
 

Tag:
 សែម ភា​
 ​កសិករ​
 ​កសិកម្ម​
 ​អប់រំ​
 ​ដាំ​បន្លែ​
 ​កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com