ពីនេះ ពីនោះ
ហេតុអ្វី​បានជា​មាន​សត្វ​ឈាម​ក្តៅ និង​សត្វ​ឈាម​ត្រជាក់​?
23, Jun 2019 , 8:59 pm        
រូបភាព
​ក្នុង​ជីវ​វី​ទ្យា គេ​ចែក​សារពាង្គកាយ​ជា​ពីរ​ប្រភេទ បើ​និយាយ​អំពី​លំនាំ​នៃ​ការរក្សា​សីតុណ្ហភាព និង​កម្តៅ​នៅក្នុង​ខ្លួន​។ គេ​ឲ្យ​ឈ្មោះ​ប្រភេទ​សារពាង្គកាយ​ទាំងពីរ​នោះ​ថា​«​សត្វ​ឈាម​ក្តៅ​» និង​«​សត្វ​ឈាម​ត្រជាក់​»​។ តើ​ហេតុអ្វី​បានជា​វា​មាន​ពីរ​ប្រភេទ​? ហើយ​វា​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ​សម្រាប់​ពួកវា​?

 
​ដំបូង​គេ​គួរ​យល់​អំពី​និយមន័យ​ជាមុនសិន​។ គេហទំព័រ biodifferences.com បាន​ពន្យល់ថា សត្វ​ឈាម​ក្តៅ គឺ​សត្វ​ទាំងឡាយណា​ដែល​អាច​ផលិត​កម្តៅ​ដោយ​ខ្លួនឯងបាន មិន​ពឹងផ្អែក​ពី​ប្រភព​កម្តៅ​ខាងក្រៅ​។ ផ្ទុយទៅវិញ សត្វ​ឈាម​ត្រជាក់​ពឹងផ្អែក​លើ​ប្រភព​កម្តៅ​ពី​ខាងក្រៅ ដើម្បី​រក្សា​លំនឹង​តុល្យភាព​លូតលាស់​។ 
 
​ពាក្យ​ថា «​ឈាម​ត្រជាក់​» មិនមែន​សំដៅថា​ឈាម​ត្រជាក់​ដូច​ទឹកកក​នោះទេ តែ​សីតុណ្ហភាព​ឈាម​របស់​វា ប្រែប្រួល​ទៅតាម​មជ្ឈដ្ឋាន​ជុំវិញ​។ សត្វ​ឈាម​ក្តៅ​មានដូចជា ថនិកសត្វ និង​ត្រី​មួយចំនួន​។ ឯ​សត្វ​ឈាម​ត្រជាក់​មានដូចជា ពួក​ល្មូ​ន សត្វល្អិត ត្រី​មួយចំនួន និង​សត្វ​ឥត​ឆ្អឹង​កង​ជាដើម​។ 
 
​សម្រាប់​សត្វ​ឈាម​ត្រជាក់ ពួកវា​ត្រូវការ​ថាមពល​តិច​ដើម្បី​ផលិត​កម្តៅ ដូចនេះ​ការទទួល​ចំណីអាហារ បើ​ប្រៀប​ជាមួយ​សត្វ​ឈាម​ក្តៅ សត្វ​ឈាម​ត្រជាក់​មិនសូវ​ជា​ត្រូវការ​ច្រើន​ប៉ុន្មាន​នោះទេ​។ 
 
​ម្យ៉ាងទៀត សត្វ​ឈាម​ត្រជាក់​អាច​ការពារ​ខ្លួនប្រាណ​របស់​វាពី​បាក់តេរី និង​មេរោគ​ដោយសារតែ​សីតុណ្ហភាព​ក្នុង​ខ្លួន​។ បាក់តេរី​ខ្លះ ត្រូវការ​កម្តៅ​ក្តៅ​ល្មម​ក្នុងការ​លូតលាស់​និង​បន្ត​ពូជ ដូចនេះ​ការរស់នៅ​ក្នុង​ខ្លួន​សត្វ​ឈាម​ត្រជាក់​ប្រហែលជា​មិនសូវ​ជាមាន​ផលចំណេញ​ទេ​។ 
 
​វា​អាចមាន​លទ្ធ​ភាពល្អ​ក្នុងការ​សំងំ​យូរ ក្នុង​សំបុក នា​រដូវរងា​ដោយ​មិនត្រូវ​ការ​អាហារ​ច្រើន​។ ប៉ុន្តែ​វា​ក៏មាន​ផលវិបាក​ខ្លះ​ដែរ​។ សត្វ​ឈាម​ត្រជាក់​មិន​ងាយ​រស់នៅក្នុង​តំបន់​ត្រជាក់​ខ្លាំង​នោះទេ ហើយ​វា​តែង​ត្រូវការ​កម្តៅ​ខាងក្រៅ​ជានិច្ច​ក្នុងការ​រស់នៅ​។ វា​គ្មាន ឬ​មិនសូវមាន​ប្រព័ន្ធ​សាំ​ការពារ​ខ្លួនប្រាណ​នោះទេ​។ 
 
​ផ្ទុយ​មកវិញ សត្វ​ឈាម​ក្តៅ​មាន​កម្តៅ​ខ្លួន​ចន្លោះ​ពី ៣៥ ទៅ​៤០​អង្សា​សេ​អាស្រ័យ​លើ​ទំហំ​ខ្លួន​និង​ល្បឿន​មេ​តា​ប៉ូលីស​។ សត្វ​ប្រភេទ​នេះ​ត្រូវការ​ថាមពល​ពី​អាហារ​ច្រើន ក្នុង​ការផលិត​កម្តៅ​សម្រាប់​ទ្រទ្រង់​ការលូតលាស់​។ វា​មិន​អាស្រ័យ​លើក​ម្តៅ​ពី​ប្រភព​ក្រៅ​នោះទេ​។ 
 
​សីតុណ្ហភាព​ក្នុង​ខ្លួន​ក៏​មិន​ផ្លាស់ប្តូរ​ខ្លាំងពេក​ដែរ​។ ដោយសារ​ហេតុនេះ សត្វ​ឈាម​ក្តៅ​សម្បូរ​ទៅដោយ​បាត់​តេ​រី និង​មេរោគ​លូតលាស់​នៅ​ខាងក្នុង​។ តែ​សត្វ​ទាំងនេះ ក៏មាន​ប្រព័ន្ធ​ភាព​សាំ​ការពារ​ខ្លួន​ល្អ​គួរសម​ដែរ​។ វា​មិនអាច​សំងំ​ក្នុង​សំបុក​យូរ​ដោយ​គ្មាន​អាហារ​ដូច​សត្វ​ឈាម​ត្រជាក់​ទេ​។ សត្វ​ឈាម​ក្តៅ​ងាយស្រួល​សម្រប​ជាមួយនឹង​ម​ជ្ឍ​ដ្ឋា​ន​ច្រើន​ប្រភេទ​៕

Tag:
 ចំំ​ណេះ​ដឹង​ទូទៅ​
  ឈាម
© រក្សាសិទ្ធិដោយ thmeythmey.com