ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​បុគ្គលិក​ល្អ​មាន​លក្ខណៈសម្បត្តិ​បែបណា​?
24, Jun 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បុគ្គលិក​ល្អ គឺជា​ផ្នែក​មួយ​នៃ​ការរីកចម្រើន​របស់​ស្ថាប័ន​ទាំង​រដ្ឋ និង​ឯកជន​។ ដូច្នេះ បានជា​ម្ចាស់​ក្រុមហ៊ុន ឬ​ប្រធាន​ស្ថាប័ន តែងតែ​ខិតខំ​ជ្រើសរើស​មនុស្ស​ល្អ មក​ធ្វើជា​បុគ្គលិក ដើម្បី​ជំរុញ​ការងារ​របស់ខ្លួន ឲ្យ​ទទួលបាន​ជោគជ័យ​។ តើ​បុគ្គលិក​ល្អ​មាន​លក្ខណៈសម្បត្តិ​បែបណា​? តើ​ធ្វើ​ដូចម្តេច​ដើម្បី​ជ្រើសរើស​បាន​បុគ្គលិក​ល្អ​?



​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក លន់ បូរី អ្នកជំនាញ​ផ្នែក​ធនធានមនុស្ស និង​អាជីវកម្ម​ដូចតទៅ​៖ 




 
​លោក រ៉ឹ​ម ភា​រី​៖ តើ​ធ្វើ​ដូចម្តេច​ដើម្បី​ជ្រើសរើស​បុគ្គលិក​ល្អ​សម្រាប់​ជំរុញ​ការងារ​របស់​ក្រុមហ៊ុន​ឲ្យ​រីកចម្រើន​?

​លោក លន់ បូរី​៖ បុគ្គលិក​ល្អ គឺជា​ទ្រព្យ​ដែល​ក្រុមហ៊ុន​ទាំងអស់​តែងតែ​ប្រាថ្នា​ចង់បាន​។ មុននឹង​ត្រូវការ​ជ្រើសរើស​បុគ្គលិក យើង​ត្រូវ​ប្រាកដថា យើង​ត្រូវការ​បុគ្គល​ដែលមាន​ជំនាញ និង​ចរិតលក្ខណៈ​អ្វីខ្លះ​? បន្ទាប់មក ចាំ​យើង​សម្រួច​ក្នុង​សំណួរ​ពេល​សម្ភាស​ជាក់ស្តែង​។ ខ្ញុំ​ឧទាហរណ៍​ថា បងប្អូន​ចង់​រើស​បុគ្គលិក​ផ្នែក​ទីផ្សារ​។ អ្នក​ហ្នឹង ទោះ​មិនមាន​បទពិសោធ​ជាក់ស្តែង គាត់​ក៏​ត្រូវមាន​បរិញ្ញាបត្រ​ផ្នែក​អាជីវកម្ម ទីផ្សារ ឬអ្វី​ផ្សេងទៀត​។ មួយវិញទៀត បើសិន​បងប្អូន​ជ្រើសរើស​បុគ្គលិក​ដែលមាន​បទពិសោធ​ហើយ​ស្រាប់ ពួកគេ​ក៏ត្រូវ​តែ​ជា​មនុស្ស​ពូកែ​និយាយ មាន​យុទ្ធសាស្ត្រ​ទីផ្សារ និង​មាន​ចរិតលក្ខណៈ​ដែល​មិនមែន​ស្ងៀមស្ងាត់ ឬ​ខ្លាច​មនុស្ស ពោល​គឺជា​បុគ្គល​ពូកែ​ទំនាក់ទំនង មាន​អតិថិជន​នៅក្នុង​ដៃ​ស្រាប់ ព្រមទាំង​ស្រលាញ់​ក្រុមហ៊ុន​របស់​បងប្អូន​។ ផ្ទុយទៅវិញ បើសិន​បងប្អូន​ចង់​ជ្រើសរើស​បុគ្គលិក​ល្អ​មកកាន់​ផ្នែក​ទីផ្សារ តែ​បែរជា​រើស​បុគ្គល​ដែល​ចូលចិត្ត​ផ្នែក​គណនេយ្យ ចូលចិត្ត​អង្គុយ​ក្នុង​ការិយាល័យ មិន​ចូលចិត្ត​ចេញ​ក្រៅ គឺ​មិន​ចំ​គោលដៅ​នោះទេ​។ កន្លែង​នេះ មិនមែន​ពួកគេ​ជា​មនុស្ស​អាក្រក់​ទេ គ្រាន់តែ​ក្រុមហ៊ុន ឬ​ផ្នែក​ធនធានមនុស្ស​របស់​ក្រុមហ៊ុន​ត្រូវ​ប្រាកដថា ក្រុមហ៊ុន​ចង់បាន​អី​? ទើប​អាច​ជ្រើសរើស​បុគ្គលិក​ចំ​តម្រូវការ​របស់​បងប្អូន​។ 
 
​លោក រ៉ឹ​ម ភា​រី​៖ តើ​បុគ្គលិក​ល្អ មាន​របៀប​ធ្វើការ​ដូចម្តេច​?
 
​លោក លន់ បូរី​៖ បុគ្គលិក​ល្អ បាន​ជំរុញ​ការងារ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​លទ្ធផល​ល្អ តែ​បុគ្គលិក​មិនល្អ បាន​ជះឥទ្ធិពល​ដល់​ដំណើរ​នៃ​ការរីកចម្រើន​របស់​ក្រុមហ៊ុន ដូច​ពាក្យ​មួយ​ដែល​យើង​ធ្លាប់​ឮ គឺ​បុគ្គលិក​ល្អ គឺជា​ទ្រព្យ តែ​បុគ្គលិក​មិនល្អ គឺជា​បំណុល​។ តើ​ធ្វើ​ម៉េច​ដើម្បី​ធ្វើ​ឲ្យ​បុគ្គលិក​របស់​បងប្អូន​សុទ្ធតែ​ល្អ និង​ពូកែ​? យើង​ត្រូវ​ចាប់ផ្តើម​តាំងពី​ការជ្រើសរើស​បុគ្គលិក​ម​ក តើ​ពួកគេ​បាន​យល់​ពី​ទស្សនវិស័យ និង​បេស​សកម្ម​របស់​ក្រុមហ៊ុន​របស់​បងប្អូន​ដែរ​ទេ​? បើសិន​ពួកគេ​យល់​ពី​ទស្សនវិស័យ និង​បេស​សកម្ម​របស់​ក្រុមហ៊ុន ពួកគាត់​នឹង​ចូលមកក្នុង​ទូក​តែមួយ ដើម្បី​ជំរុញ​ក្រុមហ៊ុន​ឲ្យ​រីកចម្រើន​។ សម្រាប់​បុគ្គលិក​ល្អ គាត់​យល់​យ៉ាងច្បាស់​ពី​តួនាទី និង​ការទទួលខុសត្រូវ មា​នន​ន័យ​ថា គាត់​ត្រូវមាន​ភាពជា​ម្ចាស់​។ បងប្អូន​ធ្លាប់​លឺថា ឲ្យ​តែ​បុគ្គលិក​មាន​ឆន្ទៈ អាចធ្វើ​ការ​បាន​ហើយ ប៉ុន្តែ ពាក្យ​ថា​ឆន្ទៈ ដូចជា​ទឹកសមុទ្រ​នាច ឬ​ទឹកជោរ​អ៊ីចឹង វា​មិនអាច​វាស់វែង​បានទេ​។ ដូច្នេះ ក្នុង​អាជីវកម្ម បើ​យើង​មិនអាច​វាស់វែង​បាន វា​ជា​បញ្ហា​ក្នុងនាម​ជា​ម្ចាស់​អាជីវកម្ម​។ នៅពេល​បុគ្គលិក​ល្អ ពូកែ យល់​ពី​តួនាទី និង​មាន​ភាពម្ចាស់ការ នៅពេល​ធ្វើការ គាត់​ចង់ឃើញ​ការងារ​របស់គាត់​ជោគជ័យ និង​មាន​ភាព​រីកចម្រើន ហើយ​ពេល​គាត់​ជោគជ័យ វា​ជះឥទ្ធិពល​ដល់​ការរីកចម្រើន​របស់​ក្រុមហ៊ុន​។ ជាងនេះទៅទៀត បុគ្គលិក​ល្អ គាត់​ឃើញ​ឱកាស គឺជា​ឱកាស គាត់​ឃើញ​បញ្ហា គឺ​អត់​រត់ចេញ​ទេ តែ​គាត់​ព្យាយាម​សម្របសម្រួល និង​ធ្វើការ​ជា​ក្រុម​ដើម្បី​ប្រែក្លាយជា​ឱកាស​។ ហើយ​ចរិត​បុគ្គលិកលក្ខណៈ​បែប​ហ្នឹង ទាំង​នៅ​កម្ពុជា និង​អាស៊ាន ពិបាក​រក​ណាស់​។ 
 
​ផ្ទុយទៅវិញ បើសិន​បុគ្គលិក​របស់​បងប្អូន​មិនល្អ យើង​ត្រូវ​សម្លឹង​ទៅ​មើល​ប្រធាន​ផ្នែក ឬ​ប្រធាន​ក្រុម​វិញ​។ តើ​ប្រធាន​ផ្នែក ឬ​ប្រធាន​ក្រុម​ល្អ​ឬ​អត់​? បើសិន​ប្រធាន​ផ្នែក​ល្អ គាត់​ច្បាស់​ជា​អាច​កែប្រែ​បុគ្គលិក​មិនល្អ ឲ្យ​ទៅជា​ល្អ​វិញ ប៉ុន្តែ បើសិនជា​ប្រធាន​ផ្នែក​មិនល្អ ទោះ​បុគ្គលិក​ល្អ បងប្អូន​ប្រាកដជា​ឈឺក្បាល​ហើយ ព្រោះ បើ​បុគ្គលិក​មិនល្អ​ម្នាក់ គឺ​ម្នាក់ តែបើ​ប្រធាន​ផ្នែក​ម្នាក់​មិនល្អ គឺ​ជះឥទ្ធិពល​ដល់​បុគ្គលិក​ច្រើន​នាក់​។ 

​លោក រ៉ឹ​ម ភា​រី​៖ តើ​បុគ្គលិក​ខ្មែរ បាន​ប្រឹងប្រែង​ធ្វើការ​កម្រិតណា បើ​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​?
 
​លោក លន់ បូរី​៖ បើ​នៅ​អឺរ៉ុប កម្រិត​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគាត់ គឺ​ខ្លាំង​រួចជាស្រេច​ទៅហើយ​។ បើ​មើល​មក​បរិបទ​ស្រុក​ខ្មែរ ឬ​អាស៊ាន ប្រទេស​មួយចំនួន ពួកគាត់​មិនទាន់មាន​តម្រូវការ​ជា​មូលដ្ឋាន​គ្រប់គ្រាន់​នៅឡើយ​ទេ​។ បើសិន​ពួកគេ​មិនទាន់មាន​តម្រូវការ​ជា​មូលដ្ឋាន​គ្រប់គ្រាន់ ពួកគាត់​នឹង​សម្លឹង​ថា ធ្វើ​ម៉េច​ឲ្យ​រស់នៅ​ស្រួល និង​ហូប​គ្រប់គ្រាន់​? បើសិន​ខ្ញុំ​បាន​ប្រាក់ខែ​ច្រើន ខ្ញុំ​ប្រឹង តែបើ​បាន​ប្រាក់ខែ​តិច ខ្ញុំ​មិនបាច់​ប្រឹង​ទេ ខ្ញុំ​ទៅធ្វើ​អ្វី​ផ្សេង​។ ដូច្នេះ គ្រាន់តែ​ភាសា​មួយ​មាត់​នេះ បានបញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង ឬ​មិន​ខំប្រឹងប្រែង​បាត់ទៅហើយ​។ វា​ជះឥទ្ធិពល​មកពី​តម្រូវការ​ជា​មូលដ្ឋាន​។ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ  ពិតជា​មានការ​ខិតខំ​ប្រឹងប្រែង យើង​ចង់​ឲ្យ​ក្រុមហ៊ុន ឬ​ប្រទេស​រីកចម្រើន បើ​ធៀប​នឹង​ប្រទេស​អាស៊ាន​។ យើង​ក៏​មិនអាច​ដាក់បន្ទុក​ទៅលើ​បុគ្គលិក​តែមួយ​មុខ​នោះទេ​។ យើង​ត្រូវ​សម្លឹងមើល​ក្រុមហ៊ុន​ដែរ បើសិន​បងប្អូន​ជា​ម្ចាស់ ឬ​ប្រធាន​ក្រុមហ៊ុន តើ​ការផ្តល់ឱ្យ​របស់​បងប្អូន បាន​ជួយ​ជំរុញ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគាត់​ដែរ​អត់​? ជាជាង​យើង​និយាយថា គាត់​អាក្រក់ ឬ​ល្អ ព្រោះ​ប្រជាជន​ខ្មែរ​យើង មាន​១៦​លាន​នាក់ ពួកគាត់​មាន​កម្រិត​ពាក់ព័ន្ធ​នឹង​បញ្ហា​តម្រូវការ​ជា​មូលដ្ឋាន​ជាច្រើន​។ ដូច្នេះ គាត់     ផ្តោតលើ​តម្រូវការ​ជា​មូលដ្ឋាន​ច្រើនជាង​តម្លៃ​ការងារ​។ ដូច្នេះ បងប្អូន​ក្រឡេក​មើលថា តើ​អ្វីដែល​ពួកគាត់​កំពុង​ទទួលបាន គាត់​រស់នៅ​បាន​អត់​? គាត់​មិន​បារម្ភ​ពី​រឿង​ហូបចុក និង​ស្នាក់នៅ​ហើយ​ឬ​នៅ​? មុននឹង​បងប្អូន​និយាយ​ពី​ឆន្ទៈ ចំណុច​ល្អ ឬ​មិនល្អ​។ ចំណុច​មួយទៀត បងប្អូន ត្រូវ​ប្រាកដថា យើង​ត្រូវការ​បុគ្គលិក​ទាំងអស់ ពិតជា​ចូលរួម​ជាមួយ​បងប្អូន​ទាំងអស់គ្នា នៅពេល​ក្រុមហ៊ុន​មាន​បញ្ហា ព្រោះ​បុគ្គលិក​ខ្លះ ពេល​ដឹងថា​ក្រុមហ៊ុន​មាន​បញ្ហា គាត់​អត់​ខ្វល់ ហើយ​រត់ចេញ ទៅរក​ក្រុមហ៊ុន​ដែល​មិនមាន​បញ្ហា ហើយ​ចាប់ផ្តើម​ធ្វើការ​ជាមួយ​គេ​។ ដូច្នេះ​ក្នុងនាម​ជានា​យក ឬ​អគ្គនាយក​ក្រុមហ៊ុន ឬ​ប្រធាន​ផ្នែក ត្រូវធ្វើ​ម៉េច​ឲ្យ​ពួកគាត់​មើលឃើញ ពី​ទស្សនវិស័យ​របស់​ក្រុមហ៊ុន ដើម្បី​ជា​ផ្នែក​មួយ​ជំរុញ​ក្រុមហ៊ុន​ឲ្យ​រីកចម្រើន​។ 
 
​លោក រ៉ឹ​ម ភា​រី​៖ សំណួរ​ចុងក្រោយ តើ​លោក លន់ បូរី មាន​សារ​អ្វី​ដើម្បី​ជំរុញ​ទឹកចិត្ត​ដល់​បុគ្គលិក​ឲ្យ​ខិតខំ​ធ្វើការ​?
 
​លោក លន់ បូរី​៖ បើទោះបី​បងប្អូន​ទទួលបាន​អត្ថប្រយោជន៍​ច្រើន មធ្យម ឬ​តិចក្តី នៅ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ដែលមាន​ប្រព័ន្ធ ឬ​គ្មាន​ប្រព័ន្ធគ្រប់គ្រង​ច្បាស់លាស់​ក្តី សូម​បងប្អូន​ត្រូវ​ប្រយ័ត្ន ពាក្យ​មួយ​មាត់​ថា «​ស្តង់ដារ​ការងារ​» មានន័យថា បើ​បងប្អូន​ធ្លាប់ធ្វើ​ការងារ​ល្អ ក្រោយមក​ទម្លាក់​ស្តង់ដា​រ​ការងារ​ទៅជា​អត់​ល្អ នៅពេល​ខាងមុខ បងប្អូន​នឹងមាន​ទម្លាប់​អាក្រក់​ធ្វើការ​មិនល្អ​។ ក្នុងន័យនេះ មិនមែន​តែ​សម្រាប់​បងប្អូន​ដែល​កំពុងធ្វើការ គឺ​សម្រាប់​ប្អូន​ទាំងអស់​នៅ​ស្រុក​ខ្មែរ គឺ​គួរតែ​កំណត់​ស្តង់ដារ​ការងារ​ដែល​ល្អ មាន​ភាពជា​ម្ចាស់ ការទទួលខុសត្រូវ និង​មាន​វិន័យ​។ បើសិន​បងប្អូន​មាន​ស្តង់ដារ​ការងារ​ហើយ តែ​គ្មាន​វិន័យ​សម្រាប់​ខ្លួនឯង បងប្អូន​នឹងមិន​អាច​ថែរក្សា​ស្តង់ដារ​ការងារ​នោះបានទេ​៕       
 

Tag:
 លន់ បូរី​
 ​បុគ្គលិក​
 ​ធនធានមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com