ជាតិ
ទូតជប៉ុនរំលែកទុក្ខជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់អគារនៅខេត្តព្រះសីហនុ
× លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃចន្ទនេះ បានផ្ញើសាររំលែកទុក្ខជនរងគ្រោះដែលបានរងគ្រោះថ្នាក់ និងបាត់បង់ជីវិតក្នុងឧបទ្ទេវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា។
«ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះទៅកាន់សុគតិភព»។ នេះជាសាររបស់ទូតជប៉ុន ខណៈអ្នកស្លាប់កើនដល់២៥នាក់ និងរបួស២៤នាក់ ដោយគិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា។
សូមបញ្ជាក់ថា អគារ៧ជាន់ដែលស្ថិតនៅចំណុចភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបាក់រលំ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ អគារដែលកំពុងស្ថិតក្រោមការសាងសង់នេះ មានម្ចាស់ជនជាតិចិនឈ្មោះ Chen Kun ដែលបានជួលដីពីឈ្មោះ ញឹក ហ៊ុយ ជនជាតិខ្មែរ។ អគារនេះ ត្រូវបានម៉ៅការសាងសង់ដោយក្រុមហ៊ុនសំណង់ Xi Gang Tang Gong Gou Ji Haisao ដែលមានថៅកែ ឈ្មោះ Deng Xing Gui និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ Gao Yu ។ ក្រោយឧបទ្ទវហេតុ អ្នកទាំងនោះត្រូវបានចាប់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com