ជាតិ
អបអរសាទរទិវាក្រពើពិភពលោក! ក្រពើភ្នំ ឬក្រពើត្រី
× សូមជម្រាបសួរបងក្រពើភ្នំ! បងក្រពើភ្នំ ឬក្រពើត្រីមួយក្បាលនេះ កំពុងញញឹម ពីព្រោះគាត់ដឹងថា នៅក្នុងសប្តាហ៍នេះ ជា «ទិវាក្រពើពិភពលោក» #WorldCrocDay ដែលជាការប្រារព្ធធ្វើឡើងទូទាំងពិភពលោក ចំពោះសត្វក្រពើ និងសត្វក្រពា!
ក្រពើភ្នំមាឈ្មោះជាភាសាអង់គ្លេសថា Siamese crocodile និងឈ្មោះវិទ្យាសាស្ត្រ (Crocodylus siamensis)។ ជាប្រវត្តិសាស្ត្រត្រូវបានគេរកឃើញថា នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ សត្វក្រពើយក្សដែលមានស្រកាធំៗនេះ វាធំលូតលាស់រហូតដល់ប្រវែង ៣ ម៉ែត្រ និងអាចមានទម្ងន់រហូតដល់ ៣៥០ គីឡូក្រាម។
គួរឱ្យសោកស្តាយ ការបាត់បង់ទីជម្រក និងការប្រម៉ាញ់ពីសំណាក់មនុស្ស បានធ្វើឱ្យសត្វក្រពើប្រភេទនេះ ត្រូវបានកត់គេត្រាចូលក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ សម្រាប់ការអភិរក្សធម្មជាតិ IUCN Red List ក្នុងឆ្នាំ ២០០៩ ជាប្រភេទក្រពើដែលរងគ្រោះជិតផុតពូជ។ ដង់ស៊ីតេរបស់វានៅក្នុងធម្មជាតិ មិនត្រូវបានគេដឹងឡើយ ដោយសារតែពួកវារស់នៅក្នុងតំបន់ដាច់ស្រយាល ដែលពិបាកក្នុងការចូលទៅដល់ដើម្បីធ្វើការសិក្សាអំពីវា។ ប៉ុន្តែ វត្តមានរបស់ពួកវាមាននៅសល់តិចណាស់ កាលពីឆ្នាំ ១៩៩២ ហើយពួកវាត្រូវបានគេជឿថា ជាសត្វក្រពើដែលផុតពូជទៅហើយនៅក្នុងធម្មជាតិ។
ជាដំណឹងល្អ ក្រពើភ្នំ ឬក្រពើត្រីប្រភេទនេះ បានចាប់ផ្តើមមានវត្តមានឡើងវិញ ហើយដង់ស៊ីតេរបស់ពួកវាភាគច្រើននៅក្នុងប្រទេសកម្ពុជា ភូមា ថៃ វៀតណាម ឡាវ និងឥណ្ឌូនេស៊ី។ ក្នុងប្រទេសកម្ពុជា ក្រពើប្រភេទនេះ មានរស់នៅទន្លេស្រែពក ទន្លេសេកុង កំពង់សោម ស្រែអំបិល ពោធិសាត់ កែប តាតៃ អារ៉ែង និងវាលវែង។ សត្វល្មូនប្រភេទនេះ មានជីវិតនៅលើផែនដីយើងនេះរាប់លានឆ្នាំមកហើយ។ ពួកវាមិនឈ្លានពានមនុស្សលោកទេ។ ជាការពិត យើងមិនធ្លាប់ឮថា មានការវាយប្រហារសម្លាប់មនុស្សពីសំណាក់សត្វក្រពើប្រភេទនេះឡើយ។ ដោយមានសិក្សាបន្ថែមអំពីសត្វដ៏អស្ចារ្យនេះ មនុស្សអាចរួមរស់ជាមួយពួកវាដោយសុខសាន្ត តាមទន្លេនានា ដែលជាកន្លែងស្នាក់នៅរបស់ពួកគេ!
© រក្សាសិទ្ធិដោយ thmeythmey.com