កីឡាអន្តរជាតិ
អន្តរជាតិ
លោក ប្រា​យុទ្ធ​៖ ប្រទេស​អាស៊ាន នឹងចូលរួម​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2034
24, Jun 2019 , 9:59 pm        
រូបភាព
​នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៤ ក្នុង​ក្រុង​បាងកក នៅ​ថ្ងៃទី​២៣ ខែមិថុនា នាយករដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចន្ទ​អូ​ចា ប្រកាសថា​ប្រទេស​តំបន់​អាស៊ាន​រួមទាំង​កម្ពុជា​ផង​នឹងចូលរួម​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០៣៤​។​


 
​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​បំផុត​លំដាប់​ពិភពលោក FIFA World Cup ទីបំផុត​អាច​នឹងត្រូវ​រៀបចំ​នៅ​តំបន់​អាស៊ាន​ជា​លើកដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ពោលគឺ​នៅ​រយៈពេល​១៥​ឆ្នាំក្រោយ គិត​ចាប់ពី​ឆ្នាំ​២០១៩​នេះ​។​
 
​ក្នុងចំណោម​ការប្រកួត​កីឡា​នេះ​ចំនួន​២១​លើក​កន្លងមក ទ្វីបអាស៊ី​ទទួល​សិទ្ធិ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​បាន​មួយ​លើក​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០០២ ដែល​ដឹកនាំ​ដោយ​ជប៉ុន​និង​កូរ៉េខាងត្បូង​។ កាតា​ក៏​នឹង​ក្លាយជា​ប្រទេស​អាស៊ី​ទី​៣​ដែល​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២២​ផងដែរ​។​
 
«​មេដឹកនាំ​ក្នុង​តំបន់​បាន​គាំទ្រ​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក World Cup ក្នុង​ឆ្នាំ ២០៣៤»​។ លោក ប្រា​យុទ្ធ និយាយ​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​សន្និសីទ​លើក​ទី​១ ឆ្នាំ​២០១៩​នេះ ដែលមាន​សមាជិក​អាស៊ាន​ទាំង​១០​ចូលរួម​។​
 
​មេដឹកនាំ​ថៃ​ដែល​ទើប​ជាប់ឆ្នោត​កាលពី​ថ្មីៗ​រូបនេះ​បន្ថែមថា​៖«​ខ្ញុំ​សូម​អញ្ជើញ​ប្រជាជន​អាស៊ាន​ឲ្យ​គាំ​សហព័ន្ធ​កីឡាបាល់ទាត់​ក្នុងប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន​ដើម្បី​សម្រេច​ក្តី​សុបិន​នេះ​»​។​
 
​ប្រទេស​តំបន់​អាស៊ាន​ទាំង​១០ រួមមាន​កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ វៀតណាម និង​ព្រុយ​ណេ​។ ហើយ​ចំណោម​ទាំង​១០​ប្រទេស​នេះ មាន​ប្រជាជន​សរុប​ជាង ៦៤០​លាន​នាក់​ដែល​ភាគច្រើន​សុទ្ធតែ​ចូលចិត្ត​លេង​កីឡាបាល់ទាត់ បើទោះបី​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​មិន​ធ្លាប់​ឈានដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ក៏ដោយ​។​
 
​មិន​ត្រឹមតែ​ចង់​ដឹកនាំ World Cup ឈុត​ធំ​ឆ្នាំ​២០៣៤​នោះទេ តែ​មី​យ៉ាន់​ម៉ា និង​ថៃ​ក៏​ចាប់អារម្មណ៍​រួមគ្នា​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ World Cup អាយុ​ក្រោម​២១​ឆ្នាំ នៅ​ឆ្នាំ​២០២១​ទៀតផង​។ នេះ​បើតាម​ការបញ្ជាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) កាលពី​ខែ​មុន ដោយ​ក្នុងនោះ ឥណ្ឌូណេស៊ី​ក៏​ពិចារណា​ដេញថ្លៃ​ដែរ​។​
 
​សូមបញ្ជាក់ថា World Cup ឆ្នាំ​២០២២ កាតា​នឹង​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ មុនពេល​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ត្រូវ​រៀបចំ​រួមគ្នា​នៅ​ឆ្នាំ​២០២៦​។ យក្ស​ចិន ដែល​ស្រេកឃ្លាន​ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​កីឡាបាល់ទាត់​ពិភពលោក​ដែរនោះ សង្ឃឹមថានឹង​ឈ្នះ​ការដេញថ្លៃ​ពី​សំណាក់​ស្ថាប័ន​ក្បាលម៉ាស៊ីន​កីឡាបាល់ទាត់ FIFA សម្រាប់​ឆ្នាំ​២០៣០៕
 

Tag:
 បាល់ទាត់​
  World Cup
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com