ជាតិ
កម្ពុជា នឹង​អាច​ក្លាយជា​សមាជិក​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ការទប់ស្កាត់​បទល្មើស​នេសាទ​សមុទ្រ​
25, Jun 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​នឹង​អាច​ក្លាយជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​«​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត (illeagal Unreported and Unregulated Fishing, IUU " នៅពេល​ខាងមុខនេះ​។ មកដល់ពេលនេះ សេចក្ដីព្រាងច្បាប់​សម្រាប់​អនុម័ត​លើ​កិច្ចព្រមព្រៀង​នេះ បានមក​ដល់ដៃ​រដ្ឋសភា​។​

 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន នៅ​ថ្ងៃទី​២៤​ខែមិថុនា បាន​ដឹកនាំ​មន្ត្រី​របស់ខ្លួន ការពារ​សេចក្តីព្រាងច្បាប់​ខាងលើនេះ​នៅមុខ​គណ​:​កម្ម​ការ​ទី​៣ និង​គណ​:​កម្ម​ការ​ទី​៥ នៃ​រដ្ឋសភា​។ 
 
​ការចូល​ជា​សមាជិក​កិច្ចព្រមព្រៀង​នេះ លោក វេ​ង សាខុន អះអាងថា កម្ពុជា​នឹង​ទ​ទូល​បាន​ផលប្រយោជន៍​សំខាន់ៗ ដូចជា លើកកម្ពស់​ការប្រយុទ្ធ​ប្រឆាំងនឹង​ការនេសាទ​ខុសច្បាប់​, ស្តារ​ទំនុកចិត្ត​ក្នុង​ការប្រើ​ទង់ជាតិ​កម្ពុ​ជា​ដោយ​នាវា​សហគមន៍​អន្តរជាតិ​, កែលម្អ​តម្លាភាព​ក្នុង​អភិបាលកិច្ច​ជលផល​, ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ជាតិ​ដែល​ចូលរួម​ក្នុងការ​គ្រប់គ្រង​កំពង់ផែ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​និង​អន្តរជាតិ​។ 
 
​លើសពីនេះ កម្ពុជា​នឹង​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ការផ្ទេរ​បច្ចេកវិទ្យា និង​ការកសាង​សមត្ថភាព​បន្ថែម​ដើម្បី​ឆ្លើយតប​នឹង​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត (IUU) ជាពិសេស​អាច​ឲ្យ​សហភាព​អឺរ៉ុប​ដក​កាត​ក្រហម​ចេញពី​កម្ពុជា​ផងដែរ​។ នេះ​បើតាម​លោក វេ​ង សាខុន ដែល​ត្រូវបាន​ស្រង់​សំដី​ផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​។​
 
​សេចក្តីព្រាងច្បាប់​នេះ​មាន ១០​ផ្នែក និង​៣៧​មាត្រា ដែល​ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩​។ 
 
​គួរបញ្ជាក់ កិច្ចព្រមព្រៀង IUU ត្រូវបាន​អនុម័ត​ដោយ​សន្និសីទ​អង្គការ FAO ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០០៩ ដែលមាន​ប្រទេស​ជា​សមាជិក​ចំនួន​៦០ រួមទាំង​សហភាព​អឺរ៉ុប​។ ក្នុងនោះ​ប្រទេស​ចំនួន ៥ នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ចូលរួម​ជា​ភាគី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ផងដែរ​៕ 

Tag:
 នេសាទ​សមុទ្រ
  បទល្មើស​នេសាទ​
© រក្សាសិទ្ធិដោយ thmeythmey.com