ជាតិ
អាជ្ញាធរបិទការដ្ឋានជីកយកអាចម៍ដីដែលគ្មានអាជ្ញាប័ណ្ណមួយកន្លែង នៅស្រុកប្រាសាទបាគង រូបភាពពីរដ្ឋបាលខេត្តសៀមរាប
× ភ្នំពេញ៖ អាជ្ញាធរបានចុះបិទការដ្ឋានជីកដី ពុំមានអាជ្ញាប័ណ្ណមួយកន្លែង។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប ដែលបញ្ជាក់ថា ការដ្ឋាននេះបានជីកដីលើសជម្រៅកំណត់ នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នាយករដ្ឋបាលសាលាខេត្តសៀមរាប លោក សុខ ថុល បានដឹកនាំក្រុមការងារនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យការដ្ឋានជីកដីនៅទីតាំងខាងលើនេះ កាលពីថ្ងៃទី២២មិថុនា ឆ្នាំ២០១៩។ អាជ្ញាធរបានរកឃើញថា ការជីករណ្ដៅដីនេះ គឺគ្មានអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាត ជីកលើសជម្រៅកំណត់ និងពុំបានព័ទ្ធរបងជុំវិញរណ្តៅដីនៃការដ្ឋានឲ្យបានត្រឹមត្រូវ។ ការដ្ឋានខាងលើនេះ បានដឹកជញ្ជូនដី ដោយមិនគ្របតង់កៅស៊ូឲ្យបានត្រឹមត្រូវ រីឯច្រកចេញចូលការដ្ឋានក៏ពុំមានការស្រោចទឹក ដែលបង្កឱ្យមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
អាជ្ញាធរបានសម្រេចបិទការដ្ឋានជីករណ្តៅដីខាងលើ។ សាលាខេត្តបញ្ជាក់ថា ក្នុងករណីម្ចាស់ការដ្ឋានមិនអនុវត្តតាមសេចក្តីសម្រេចនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធី ច្បាប់៕
រូបភាពពីរដ្ឋបាលខេត្តសៀមរាប
Tag:
ជីករណ្ដៅដី
មិនមានអាជ្ញាប័ណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com