ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយ​ដក​លោក ញឹម វណ្ណដា សម្ដេច ហ៊ុន សែន ប្រកាស​មិន​ទុក​មន្ត្រី​ភូតកុហក​នៅក្បែរ​ខ្លួន​
24, Jun 2019 , 8:19 pm        
រូបភាព
លោក ញឹម វណ្ណដា (ស្តាំ) ចុះទៅតំបន់កើតហេតុជាមួយ​លោក យន្ត មីន។ ថតដោយ ជាវ សំណាង
លោក ញឹម វណ្ណដា (ស្តាំ) ចុះទៅតំបន់កើតហេតុជាមួយ​លោក យន្ត មីន។ ថតដោយ ជាវ សំណាង
​ព្រះសីហនុ​៖ ឧ​ប្ប​ទ្ទេវ​ហេតុ​បាក់​រលំ​អគារ បង្ក​ឲ្យ​មាន​ស្លាប់ និង​របួស​នៅ​ខេត្ត​ព្រះសីហនុ គឺជា​រឿង​ថ្មី​មូ​យ តែ​រឿង​ដក​មន្ត្រី​ដែល​ភូតកុហក និង​មិន​ទទួលខុសត្រូវ លើ​ករណី​អន្តរាយ​នេះ ក៏​ជា​រឿង​ថ្មី​មួយ​ដែរ​។ សម្ដេច ហ៊ុន សែន បានស្នើ​សុំ​ដក​លោក ញឹម វណ្ណដា ដែលជា​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​គណៈកម្មកា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយសារ​ការ​ភូតកុហក​។​


 
​ផ្ទុយ​ពី​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ដែល​ស្នើសុំ​លាលែង​ចេញពី​តំណែង​នោះ លោក ញឹម វណ្ណដា ត្រូវបាន​ចេញពី​តំណែង​តាមរយៈ​សំណើសុំ​ដក​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ការដក​លោក ញឹម វណ្ណដា ចេញពី​តំណែង​នេះ គឺ​សម្ដេច ហ៊ុន សែន សំអាង​លើ​ហេតុផល​ពីរ​យ៉ាង  ដោយ​ទី​១ លោក ញឹម វណ្ណដា ខ្វះ​ទំនួល​ខុសត្រូវ​លើ​ការងារ​ដែល​កើតឡើង​នៅ​ចំពោះមុខ ខណៈ​ខ្លួន​ជា​អនុប្រធាន​ទី​១​គណៈកម្មកា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ទី​២ ទេសរដ្ឋមន្ត្រី​រូបនេះ បាន​ភូតភរ​សម្ដេច ។​
 
​ថ្លែង​នៅក្នុង​សន្និសីទកាសែត នៅក្នុង​ទីតាំង​បាក់​រលំ​អគារ​៧ ជាន់ នៅក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ នៅ​ម៉ោង​៧​យប់ ថ្ងៃទី​២៤ មិថុនា​នេះ ប្រមុខ​រដ្ឋាភិបាល បាន​រៀបរាប់​ដំណើររឿង​ថា សម្ដេច បាន​ផ្ញើ​សារ​តាម​បណ្ដាញ​សង្គម Watsapp និង​ទាក់ទង​តាម​ទូរ​សព្ទ ទៅ​លោក ញឹម វណ្ណដា ដើម្បី​ចង់ដឹង​ពី​របាយការណ៍ និង​ស្ថានការណ៍​នៃ​ការបាក់​រលំ​អគារ ប៉ុន្តែ​គ្មាន​ការឆ្លើយតប​។ ដោយសារ​គ្មាន​ការឆ្លើយ​បែបនេះ សម្ដេច ហ៊ុន សែន ក៏បាន​ទាក់ទង​ទៅ​លោក យន្ត មីន អតីត​អភិបាលខេត្ត​ដែល​ទើប​លាលែង​ចេញ​តំណែង និង​លោក សាយ សំ​អាល រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ ដើម្បី​ចង់​ថា តើ​លោក ញឹម វណ្ណដា បាន​ចុះជួយ​អន្តរាគមន៍​លើ​ករណី​ឧ​ប្ប​ទ្ទេវ​ហេតុនេះ​ទេ ។ ប៉ុន្តែ​គ្មាន​អ្នកណា​ឃើញ​លោក វណ្ណដា មកជួយ​អន្តរាគមន៍​លើ​ករណី​បាក់​អគារ​នេះឡើយ​។​
 
​ត្រង់​មូលហេតុ​នេះហើយ​ទើប សម្ដេច ហ៊ុន សែន ចាត់ទុក​លោក ញឹម វណ្ណដា ជា​មន្ត្រី​ដែល​ខ្វះ​ការទទួលខុសត្រូវ និង​ភូតកុហក​។ មិនតែប៉ុណ្ណោះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រកាស​កម្ចាត់​រាល់​មន្ត្រី​ដែល​ភូតកុហក​សម្ដេច​ទៀត​ដែរ​។​
 
«​ម្សិលមិញ​ពេលដែល​ខ្ញុំ​មកដល់​កន្លែង​នេះ ខ្ញុំ​បាន​សួរ​គាត់​ថា ឯកឧត្តម (​ញឹម វណ្ណដា​) នៅ​កន្លែង​ណា​ពិតប្រាកដ គាត់​ថា​នៅ​កន្លែង​ហ្នឹង​(​កន្លែងកើតហេតុ​)​។ អ៊ីចឹង​បានជា​នៅ​ទីនោះ ខ្ញុំ​និយាយ​ពី​ការមិន​ទទួលខុសត្រូវ និង​ការ​ភូតកុហក ខ្ញុំ​មិនអាច​ទុក​ឲ្យ​មន្ត្រី​ណាមួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ភូតកុហក​របៀបនេះ​តទៅទៀត​ទេ​។ ខ្ញុំ​សូម​ថ្កោលទោស​ដោយ​ម៉ឺង​ម៉ា​ត​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​ប៉ុន្តែ​ក្រោយ​ដកតំណែង​ភ្លាមៗ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​មួយទៀត​នៅ​ថ្ងៃទី​២៤ មិថុនា ដោយ តែងតាំង​លោក ញឹក វណ្ណដា ជាទី​ប្រឹក្សា​រដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​វិញ តាមរយៈ​សំណើ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ សម្ដេច អះអាងថា ការស្នើ​តែងតាំង​លោក វណ្ណដា ជាទី​ប្រឹក្សា​នេះ ដោយសារ​នៅមាន​ការយោគយល់ ប៉ុន្តែ​បើសិនជា​គាត់​មិន​ពេញចិត្ត​ធ្វើការ​ងារ​នេះ​ទេ នោះ​សម្ដេច​នឹង​សម្រេច​ដកចេញ​ជាថ្មី​ម្ដងទៀត​។​

Tag:
 ​ហ៊ុន សែន​
  ញឹម វណ្ណដា​
  រលំ​អគារ​
© រក្សាសិទ្ធិដោយ thmeythmey.com