អត្ថបទពាណិជ្ជកម្ម
សន្និសីទ​និស្សិត​លើក​ទី​៥​នៅ​កម្ពុជា​ពិភាក្សាគ្នា​អំពី​បដិវត្តន៍​ឧស្សាហកម្ម ៤.០
25, Jun 2019 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ
​សាកលវិទ្យាល័យ​អន្តរជាតិ ផា​រ៉ា​ហ្គ​ន (Paragon International University) បានរៀបចំ​សន្និសីទ​និស្សិត​លើក​ទី​ប្រាំ ស្ដីពី​បំលាស់ប្ដូរ បុគ្គល សង្គម និង​ធុរកិច្ច ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ដោយ​សន្និសីទ​នេះ​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​សៅ​រិ៍ ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។
 
​សន្និសីទ​និស្សិត​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន បាន​ស្វាគមន៍ ពី​និស្សិត និង​អ្នកស្រាវជ្រាវ​ខ្មែរ និង​សាសន៍​ដទៃទៀត ឲ្យ​ធ្វើ​បទ​បង្ហាញ​សំណេរ​ស្រាវជ្រាវ​ខ្លួន ពាក់ព័ន្ធ​នឹង​ប្រធានបទ​ដូចជា​៖ “​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ក្នុង​រាជធានី​ភ្នំពេញ​” ដោយ​និស្សិត​ខ្មែរ សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន​, “​រដ្ឋបាល និង​ប្រព័ន្ធ​ព័ត៌មាន នៃ​ភូមិ​ជនបទ​ឥណ្ឌូនេស៊ី​មួយ សម្រាប់​កំណែទម្រង់រដ្ឋបាល និង​មនុស្សសាស្ត្រ​” ពី​និស្សិត​ឥណ្ឌូនេស៊ី សាកលវិទ្យាល័យ​Syiah Kuala, “​ស្វែងយល់​ពី​តួនាទី​ស្ថាប័នរដ្ឋ ទាក់ទង​នឹង​ភារៈ​ផ្សព្វផ្សាយ បច្ចេកវិទ្យា​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូ​ន នៃ​រដ្ឋាភិបាល​សិង្ហ​បុរី​” ពី​និស្សិត​សិង្ហ​បុរី សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ណា​យ៉ាង​, “​អនាគត និង​បញ្ហា​ប្រឈម របស់​ឧស្សាហកម្ម​ហ្វី​ន​តិច​កម្ពុជា​” តាមរយៈ​និស្សិត​ខ្មែរ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ប្រធានបទ​ដ៏ទៃទៀត​។​
 

 
​លោក​បណ្ឌិត​ដេ​ត សុខ​ឧ​ត្ត​ម សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​អន្តរជាតិ ផា​រ៉ា​ហ្គ​ន បានឱ្យដឹងថា​៖“​នេះ​ជា​សន្និសីទ​អន្តរជាតិ​ប្រចាំឆ្នាំ​ដែល​អនុញ្ញាតិ​ឲ្យ​និស្សិត និង​អ្នកស្រាវជ្រាវ​វ័យក្មេង​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​តំបន់ ចែករំលែក​ការងារ​ស្រាវជ្រាវ​របស់ខ្លួន​ទៅ​សាធារណៈ ហើយ​ទទួលបានរ​ង្វា​យ​តម្លៃ​ពី​អ្នកស្រាវជ្រាវ​ដែលមាន​បទពិសោធន៍ និង​អាច​បង្កើតជា​បណ្ដាញ​អ្នកស្រាវជ្រាវ​វ័យក្មេង​ដូចគ្នា​។ ដោយឡែក ប្រធានបទ​នៃ​សន្និសីទ​ឆ្នាំនេះ គឺ​ផ្ដោតលើ​បដិវត្តន៍​ឧស្សាហកម្ម​៤.០, រីឯ​បួន​ឆ្នាំ​កន្លង អតីត​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​តែងតែ​បានរៀបចំ​សន្និសីទ​ពាក់ព័ន្ធ​នឹង វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ​ដែល​និស្សិត និង​អ្នកស្រាវជ្រាវ​ច្រើន​ធ្វើ​បទ​បង្ហាញ​ក្រោម​ប្រធានបទ នយោបាយ ទំនាក់ទំនង​អន្តរជាតិ និង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ជាដើម​។​” 
 

 
​លោក​បណ្ឌិត​កូ​រ៉ា​ដូ រី​កាដ​-​ដូ (Riccardo Corrado) សាស្ត្រាចារ្យ​សញ្ជាតិ​អ៊ីតាលី ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​កិច្ច​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន និង​ជា​អ្នករៀបចំ​កម្មវិធី​បាន​សម្ដែង​ក្ដី​សោមនស្ស​ន៍​លើ គុណ​វឌ្ឍន៍​កិច្ច​ស្រាវជ្រាវ និង​បទ​បង្ហាញ​និស្សិត​ស្រាវជ្រាវ​, ភាព​ឃ្លាវ​ខ្លា នៃ​និស្សិត​ក្នុងការ​ស្វះ​ស្វែងរក​ចំណេះ និង​ការ​រាប់អាន​រវាង​គ្នា និង​គ្នា បើ​ទោះ​និស្សិត​ស្រាវជ្រាវ​ទាំងអស់ មកពី​ប្រទេស​ផ្សេងៗ ឬ​សិក្សា​នៅ​សាកលវិទ្យាល័យ​ឡែក​ពីគ្នា​ក្ដី​។ 
 
​ទន្ទឹមនឹង​ពាក្យ​សរសើរ​លើកទឹកចិត្ត​និស្សិត​ស្រាវជ្រាវ បណ្ឌិត​រី​កាដ​-​ដូ​បានទទួល​ស្គាល់​ដែរ​ថា និស្សិត​ស្រាវជ្រាវ​ទាំងនោះ មាន​ចំណុច​ខ្វះខាត​ខ្លួន​គួរ​ពង្រឹង ដែល​នេះ​ជា​វត្ថុបំណង​នៃ​សន្និសីទ​នេះ ពោលគឺ​កិច្ច​ផ្ដល់ឱកាស​ដល់​និស្សិត ដើម្បី​ចូលរួម​សន្និសីទ​លក្ខណៈ​អន្តរជាតិ​ដូចដែល​ផា​រ៉ា​ហ្គ​ន​បានរៀបចំ​, ឱកាស​ផ្ដល់​បទ​បង្ហាញ​ចំពោះមុខ​សាស្ត្រាចារ្យ អ្នកជំនាញ និង​និស្សិត​ដូចគ្នា និង​ឱកាស​ទទួល​ដំបូន្មាន ចំណុច​គួរ​កែតម្រូវ​ពី​បុគ្គល​ដែលមាន​បទពិសោធន៍ និង​ចំណេះដឹង​ទាំងនោះ​។​
 

 
លោក​ស៊ូ យូ​អាន​ហាវ អ៊ី​ម៊ើ​សស្សុ​ន (Xu YuanHao Emerson) និស្សិត​បញ្ចប់​ថ្នាក់បរិញាប័ត្រ​ជាន់ខ្ពស់ រដ្ឋបាល​សាធារណៈ ពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ណា​យ៉ាង (Nanyang Technological University) ជា​វាគ្មិន​មួយរូប​ក្នុង​សន្និសីទ​និស្សិត​។ ក្រោម​ប្រធានបទ​៖ “​ស្វែងយល់​ពី​តួនាទី​ស្ថាប័នរដ្ឋ ទាក់ទង​នឹង​ភារៈ​ផ្សព្វផ្សាយ បច្ចេកវិទ្យា​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូ​ន នៃ​រដ្ឋាភិបាល​សឹង្ហ​បុរី​”, លោក​អ៊ី​ម៊ើ​សស្សុ​ន ដែលជា​មន្ត្រី​ក្រុមការងារ​យន្តហោះ​ដ្រូ​ន នៃ​ក្រសួង​ដឹកជញ្ជូន​សឹង្ហ​បុរី​ដែរនោះ​លើកឡើងថា​៖ “​ខណៈ​សឹង្ហ​បុរី​កំពុងធ្វើការ​សហការ​ជាមួយ ក្រុមហ៊ុន​ឯកជន​ជាតិ​-​អន្តរជាតិ​ទាញយក​ប្រយោជន៍​បច្ចេកវិទ្យា​ដ្រូ​ន បម្រើ​ប្រយោជន៍​សាធារណៈ លោក​មើលឃើញថា​ច្បាប់​បំរាម​សាធារណៈ​ប្រើប្រាស់​ដ្រូ​ន មាន​សារៈសំខាន់ ទម្រាំ​តែ​សាធារណៈជន​ដឹង​នូវ​ទំនួល​ខុសត្រូវ​របស់ខ្លួន​ក្នុងការ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក មិន​បំពាន​សិទ្ធ​ឯកជន កិច្ច​សម្ងាត់​ប្រព្រឹត្តិ​ការ​ស្ថាប័នរដ្ឋ គោរព​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​-​មនុស្សសាស្ត្រ និង​មិន​ប៉ះពាល់​សុវត្ថិភាព​ចរាចរណ៍​យន្តហោះ​យោធា​-​ឯកជន​។​” 
 
​លោក​ដា ដូច​បំណង និស្សិត​ឆ្នាំ​ទី​បី ជំនាញ​សិក្សា​អន្តរជាតិ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​វាគ្មិន​មួយរូប​ធ្វើ​បទ​បង្ហាញ​សំណើ​ស្រាវជ្រាវ​លើ​ប្រធានបទ​៖ “​អនាគត និង​បញ្ហា​ប្រឈម នៃ​វិស័យ​ហ្វី​ន​តិច​កម្ពុជា​” បាន​បញ្ជាក់ថា មូលហេតុ​ដែល​ខ្លួន​ចូលរួម​សន្និសីទ​និស្សិត​ផា​រ៉ា​ហ្គ​ន​គឺ​ដោយសារ​សន្និសីទ​នេះ​ជា​ឱកាស​ដែល​លោក​អាច​ទទួល​បទពិសោធន៍​ស្រាវជ្រាវ បន្ថែម​លើ​ការសិក្សា​ម៉ោង​ស្រាវជ្រាវ ឯ​សាកលវិទ្យាល័យ ជា​ប្រយោជន៍​ដែល​លោក​អាច​នឹង​ប្រើប្រាស់​ចំណេះ​ស្រាវជ្រាវ ក្នុងការ​បំពេញ​កិច្ចការងារ​ផ្សេងៗ​ទៀត​នាពេល​អនាគត​។​
 
​កញ្ញា​ធា ដា​ពេជ្រ​សម្បត្តិ និស្សិត​ឆ្នាំ​ទី​ពីរ ជំនាញ​ទំនាក់ទំនង​អន្តរជាតិ និង​វិទ្យាសាស្ត្រ​នយោបាយ នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន បាន​ចាប់អារម្មណ៍​ខ្លាំង​លើ​ការស្រាវជ្រាវ ពាក់ព័ន្ធ​នឹង​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ Go-Jek នៅ​ឥណ្ឌូណេស៊ី ដែល​បាន និង​កំពុង​ជម្រុញ​សេដ្ឋកិច្ច​តំបន់ និង​ការស្រាវជ្រាវ​ពី​បច្ចេកវិទ្យា​យន្តហោះ​ដ្រូ​ន​សឹង្ហ​បុរី ដែល​កំពុង​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​សឹង្ហ​បុរី​។ យ៉ាងណា​ម៉ិ​ញ កញ្ញា​ចង់ឱ្យ​សាកលវិទ្យាល័យ​ខ្លួន​ទទួលយក​អត្ថបទ​ស្រាវជ្រាវ​ផ្ដោត​ទន្ទឹមគ្នា លើ​បញ្ហា និង​ដំណោះស្រាយ ត្បិត​សំណេរ​ស្រាវជ្រាវ​ភាគច្រើន​មិនទាន់​បានផ្ដល់​ដំណោះស្រាយ​ក្បោះក្បាយ លើ​បញ្ហា​វាគ្មិន​បាន​សិក្សា​នោះទេ​។​
 
​គួរ​បញ្ជាក់ថា សន្និសីទ​និស្សិត​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន គឺជា​សន្និសីទ​ប្រចាំឆ្នាំ​ដែលជា​ទូទៅ​ត្រូវបាន​រៀបចំឡើង​ក្នុងអំឡុង​ខែមិថុនា ឬ​ខែកក្កដា ដោយមាន​ការចូលរួម​ពី​សំណាក​និស្សិត​ខ្មែរ​ពី​បណ្ដា​សាកលវិទ្យាល័យ​នានា​ក្នុងប្រទេស​កម្ពុជា និង​ពី​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​លើកកម្ពស់​សមត្ថភាព​ស្រាវជ្រាវ​របស់​និស្សិត​វ័យក្មេង​។​
 











      
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com