ជាតិ
សង្គមជាតិ
ក្រសួងកសិកម្ម ធ្វើច្បាប់លុបបំបាត់ការនេសាទខុសច្បាប់ រូបពីក្រសួងកសិកម្ម
× រដ្ឋមន្ត្រីក្រសួងកសិកម្ម បានដឹកនាំមន្ត្រី ចូលទៅការពារសេចក្តីព្រាងច្បាប់ស្តីពី «វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត» នៅចំពោះមុខគណ:កម្មការទី៣ និងគណ:កម្មការទី៥ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ការធ្វើច្បាប់នេះ គឺដើម្បីដាក់កម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀង «Illegal Unreported and Unregulated Fishing, IUU» នៃអង្គការ FAO។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជានឹងទទួលបានផលប្រយោជន៍សំខាន់ៗដូចជា លើកកម្ពស់ការប្រយុទ្ធប្រឆាំងនឹង IUU ស្តារទំនុកចិត្តក្នុងការប្រើទង់ជាតិកម្ពុជា ដោយនាវាសហគមន៍អន្តរជាតិ កែលម្អតម្លាភាពក្នុងអភិបាលកិច្ចជលផល ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នជាតិ ដែលចូលរួមក្នុងការគ្រប់គ្រងកំពង់ផែ ជំរុញកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ។
លើសពីនេះ កម្ពុជានឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពបន្ថែម ដើម្បីឆ្លើយតបនឹង IUU និងជាពិសេស អាចឲ្យសហភាពអឺរ៉ុប ដកកាតក្រហម ចេញពីកម្ពុជាផងដែរ។
លោក វេង សាខុន បាននិយាយថា៖«ទី១ ដើម្បីប្រយុទ្ធប្រឆាំង និងលុបបំបាត់ IUU តាមរយៈការអនុវត្តវិធានការរដ្ឋម្ចាស់កំពង់ផែឲ្យមានប្រសិទ្ធភាព ធានាបានការអភិវឌ្ឍ អភិរក្ស ប្រើធនធានមច្ឆជាតិ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ឲ្យមានចីរភាពនិងនិរន្តរភាព។ ទី២ ទប់ស្កាត់ផលនេសាទ IUU ចូលទៅក្នុងទីផ្សារអន្តរជាតិ»។
សេចក្តីព្រាងច្បាប់នេះ មាន ១០ជំពូក និង៣៧មាត្រា នឹងត្រូវបានគណៈរដ្ឋមន្ត្រី សម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។
គួររម្លឹកថា កិច្ចព្រមព្រៀង IUU ត្រូវបានអនុម័តដោយសន្និសីទអង្គការ FAO ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលមានប្រទេសជាសមាជិកចំនួន៦០ រួមទាំងសហភាពអឺរ៉ុប និងប្រទេសចំនួន ៥ នៅតំបន់អាស៊ីអាគ្នេយ៍ បានចូលរួមជាភាគីអនុវត្តកិច្ចព្រមព្រៀងនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com