ជាតិ
សង្គមជាតិ
គ្រឿងញៀន​ជាង​២​តោន នឹងត្រូវ​ដុតចោល
25, Jun 2019 , 8:19 pm        
រូបភាព
អាជ្ញាធរ ដុតបំផ្លាញគ្រឿងញៀនកន្លងមក
អាជ្ញាធរ ដុតបំផ្លាញគ្រឿងញៀនកន្លងមក
​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា គ្រឿងញៀន​ជាង​២​តោន នឹងត្រូវ​ដុតបំផ្លាញ​ចោល នៅក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ សម្តេច ស ខេង រដ្ឋមន្ត្រី​មហាផ្ទៃ ធ្វើជា​អធិបតី​ក្នុង​ពិធី​ដុតបំផ្លាញ​គ្រឿងញៀន​នេះ​។

 
​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា​៖«​ក្នុង​ទិវា​នោះ នឹងមាន​ការដុត​បំផ្លាញ​សារធាតុ​ញៀន​៤២០​គីឡូក្រាម និង​សារ​ធាតុគីមី​ផ្សំ​ពាក់ព័ន្ធ​គ្រឿងញៀន ជិត​២០០០​គីឡូក្រាម​»​។​
 
​របាយការណ៍​ស្តីពី​បទល្មើស​គ្រឿងញៀន ចាប់ពី​ខែមករា ដល់ ខែឧសភា ឆ្នាំ​២០១៩ បង្ហាញថា សមត្ថកិច្ច បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ជាង​៣,៣​ពាន់​ករណី ឃាត់​មនុស្ស​ជាង​៧​ពាន់​នាក់ រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​ជាង​៣០០​គីឡូក្រាម កញ្ឆា​ស្រស់​ជាង​៤,៧​ម៉ឺន​ដើម និង​សម្ភារ​មួយចំនួនទៀត​។ ហើយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ចំនួន ១២​នាក់ និង​ខ្សែរយៈ​បណ្ដាញ​ចំនួន ៥២ នាក់​។ 
 
​បទល្មើស​គ្រឿងញៀន ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នោះ គឺ​ភាគច្រើន​នៅតាម​អាជីវកម្ម ក្លិប​កម្សាន្ត និង​ទីតាំង​សប្បាយ​នានា ចំនួន ៧១១៣​ទីតាំង ដោយ​ទីតាំង​ទាំងនោះ ត្រូវបាន​សមត្ថកិច្ច​ចុះ​ផ្សព្វផ្សាយ​អប់រំ​ធ្វើ​កិច្ចសន្យា ដើម្បី​ស្នើសុំ​កិច្ចសហការ​បង្ក្រាប ទប់ស្កាត់​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៣៧៤១​កន្លែង​។​
 
​កាលពីពេល​ថ្មីៗ​នេះ សម្តេច ស ខេង រដ្ឋមន្ត្រី​មហាផ្ទៃ បានដាក់​បទបញ្ជា​ដល់​សមត្ថកិច្ច​ទូទាំងប្រទេស ត្រូវ​លុបបំបាត់​ឲ្យ​អស់​ការប្រើប្រាស់ និង​បទល្មើស​គ្រឿងញៀន នៅតាម​ទីតាំង​ខារ៉ាអូខេ និង​ក្លិប​កម្សាន្ត​។ 
 
​គួររម្លឹកថា អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) បានកំណត់​យក​ថ្ងៃទី​២៦ ខែមិថុនា ជា​ថ្ងៃ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​៕
 

Tag:
 គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com