កីឡាអន្តរជាតិ
អន្តរជាតិ
អុីតាលី ប្រជែង​ឈ្នះ​ស៊ុយអែត ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០២៦
25, Jun 2019 , 5:02 pm        
រូបភាព
​ទីក្រុង Milan និង Cortina d’Ampezzo របស់​អ៊ីតាលី​បានឈ្នះ​ការដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវរងា និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវរងា ឆ្នាំ ២០២៦ ដោយ​ផ្តួល​គូប្រជែង​ពី​ទីក្រុង Stockholm និង Are របស់​ប្រទេស​ស៊ុយអែត​។ នេះ​បើតាម​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ប្រកាស​នៅ​ក្រុង Lausanne ប្រទេស​ស្វី​ស នា​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។​


 
​ភាពសប្បាយ​រីករាយ​ពី​សំណាក់​ប្រជាជន​អ៊ីតាលី​បានកើត​ឡើង​បន្ទាប់ពី IOC ប្រកាសថា​ទីក្រុង​ចំនួន​ពីរ​ដែល​ស្ថិតក្នុង​ប្រទេស​ពួកគេ​ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​មួយ​នេះ​ជា​លើក​ទី​៣​។ អ៊ីតាលី​ធ្លាប់​រៀបចំ​កីឡា​អូឡាំពិក​រដូវរងា​ពីរលើក​រួចមក​ហើយ ពោលគឺ​នៅ​ឆ្នាំ​១៩៥៦ ក្នុង​ក្រុង Cortina d’Ampezzo និង​ឆ្នាំ​២០០៦ ក្រុង Turin​។​
 
​បើតាម​ប្រធាន IOC លោ Thomas Bach អ៊ីតាលី​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ ៤៧​សំឡេង នាំមុខ​ស៊ុត​អែ​ត​ដែល​ទទួលបាន ៣៤​សំឡេង​។ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០២៦ ឬ​លើក​ទី​២៥ នឹង​ដំណើរការ​ការប្រកួត​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​២២ ខែកុម្ភៈ​។ សម្រាប់​ប៉ា​រ៉ា​ឡាំ​ពិ​ក នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ដល់​១៥ ខែមីនា​។​
 
​ក្រោយ​ឈ្នះ​ការដេញថ្លៃ នាយករដ្ឋមន្ត្រី​អ៊ីតាលី​ លោក Giuseppe Conte បាន​ហៅ​ការ​ឈ្នះ​នេះ​ថា ​ជា​ជ័យជម្នះ​របស់​ប្រទេស​អ៊ីតាលី​ជា​លើក​ទី​៣ សម្រាប់​ការរៀបចំ​កីឡា​ដ៏​ធំ​នេះ ដែល​វា​នឹងធ្វើ​ឲ្យ​ពិភពលោក ​រឹត​តែ​ស្គាល់​ប្រទេស​ចំណាស់​ក្នុង​តំបន់​អឺរ៉ុប​នេះ ​មួយកម្រិត​​ទៀត​។​
 
​មុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ ២០២៦ មហា​យក្ស​ចិន ​នឹង​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ ២០២២ ក្នុង​ក្រុង​ប៉េកាំង បន្ទាប់ពី​កូរ៉េខាងត្បូង​ បាន​ប្រើប្រាស​ទីក្រុង Pyeongchang នៅ​ឆ្នាំ​២០១៨ រួចមក៕

Tag:
 បាល់ទាត់​
  កីឡា​អូឡាំពិក​
  អ៊ីតាលី
© រក្សាសិទ្ធិដោយ thmeythmey.com