អត្ថបទ៖ ស៊ីធី
កីឡាការិនីម្ចាស់ផ្ទះ Jihin “Shadowcat” Radzuan កំពុងរង់ចាំយ៉ាងអន្ទះសាដើម្បីត្រឡប់ទៅសង្វៀន ONE Championship វិញនៅក្រុងកូឡាឡាំពួ ប្រទសម៉ាឡេស៊ី នាដើមខែកក្កដា។
កីឡាការិនីគុនចម្រុះវ័យ ២០ ឆ្នាំរូបនេះ នឹងជួបជើងខ្លាំងហ្វីលីពីន Jomary Torres នៅសង្វៀន ONE: MASTERS OF DESTINY នាថ្ងៃសុក្រ ទី១២ ខែកក្កដា នាទីលាន Axiata Arena ក្នុងការប្រកួតដ៏កក្រើកក្នុងប្រភេទទម្ងន់ Atomweights។ កីឡាការិនីមកពីក្លិប Ultimate MMA Academy ឡើងប្រកួតក្រៅដីតែម្ដងគត់នាពេលកន្លងមក ដោយធ្វើដំណើរទៅប្រកួតនៅក្រុងបាងកក ប្រទេសថៃ កាលពីខែកុម្ភៈ។ ប៉ុន្តែពេលនេះ ត្រលប់មកទឹកដីរបស់ខ្លួន ដែលជាផលចំណេញមួយ មានអ្នកគាំទ្រច្រើនកុះករ ក្នុងជំនួបខែ កក្កដាខាងមុខ។
កីឡាការិនីដែលមានរហស្សនាម «Shadowcat» បានបញ្ជាក់ថា ៖«វាពិតជាល្អណាស់ ដែលត្រឡប់មកប្រកួតនៅម៉ាឡេស៊ី វិញ។ ខ្ញុំតែងតែនឹកការហ៊ោកញ្ជ្រៀវ ពីអ្នកគាំទ្រនៅទីនេះ ពេលណាខ្ញុំឡើងវ៉ៃនៅ កូឡាឡាំពួ។ នេះជារឿងពិសេសពេលប្រកួតក្នុងប្រទេសរបស់ខ្លួន ព្រោះអ្នកគាំទ្រជាសាក្សី ហើយខ្ញុំនឹងផ្ដល់ឲ្យអ្នកគាំទ្រនូវការប្រកួតដ៏អស្ចារ្យ។ វាជារឿងអស្ចារ្យដែលខ្ញុំត្រូវបង្ហាញឲ្យអ្នករាល់គ្នាឃើញនូវអ្វីដែលខ្ញុំមិនទាន់បានធ្វើវា»។
ដ្បិតអាយុត្រឹម ២០ ឆ្នាំប៉ុន្តែ «Shadowcat» បានបង្ហាញការប្រកួតយ៉ាងល្អនៅក្នុងអាជីពដោយឈ្នះ ៤ និង ចាញ់ ១ ដងគត់ក្នុងការប្រកួតលើសង្វៀនគុនចម្រុះ ហើយក្នុងនោះជ័យជម្នះ ៣ ដងនៅសង្វៀន ONE។ គេជាកីឡាការិនីដ៏មានសក្ដានុពល។ ម្ចាស់ជើងឯកវូស៊ូពិភពលោក (Wushu World Champion) បានបង្ហាញថាគេអាចប្រកួតបានគ្រប់ក្បាច់ដែលប្រើក្បាច់គុនចម្រុះ និង ធ្វើឲ្យអ្នកគាំទ្រជក់ចិត្ត។ ការប៉ងជួប Torres គឺជាក្ដីប្រាថ្នារបស់គេនាពេលកន្លងមក។ Jihin ជឿជាក់ថា ការប្រកួតនេះនឹងធ្វើឲ្យកាន់តែក្ដៅគគុក និងជួយឲ្យរូបគេឆ្ពោះ ដំណែងកីឡាការិនីកំពូលម្នាក់ទៅថ្ងៃមុខ។
កីឡាការិនីជំនាញខាងក្បាច់គុនវូស៊ូ បញ្ជាក់បែបនេះ ៖«ខ្ញុំតែងតែចង់ជួប Jomary បន្ទាប់ពីខ្ញុំឈ្នះ Puja Tomar, Priscilla Hertati Lumban Gaol, និង Jenny Huang។ ប៉ុន្តែបែរត្រូវជួប Gina Iniong ទៅវិញ។ ខ្ញុំអត់មានការតវ៉ាទេ ប៉ុន្តែ Jomary នឹងធ្វើឲ្យការវ៉ៃរបស់ខ្ញុំកាន់តែល្អ ។ ខ្ញុំតែងតែនិយាយថា Jomary ជាគូប្រជែងដ៏ឥតខ្ចោះសម្រាប់ខ្ញុំ និងអាចឲ្យខ្ញុំឈានទៅដណ្ដើមខ្សែក្រវាត់ កម្រិតពិភពលោក»។
កីឡាការិនីវ័យ ២០ ឆ្នាំដដែលនេះ បានថ្លែងអំណរគុណ ដែលបានរៀបចំការប្រកួត ហើយគេរង់ចាំយ៉ាងអន្ទះអន្ទែង ដើម្បីការប្រកួតដ៏កម្រនេះ។ Jihin កំពុងបុកហ្វឹកហាត់ខ្លាំងក្លា បង្កើនសមត្ថភាព និងបច្ចេកទេស ដែលបោះជំរំហ្វឹកហាត់ មុនពិធីបុណ្យសាសនា Hari Raya ព្រោះរូបគេ មិនបោះជំរំបែបនេះទេពីមុន។
កីឡាការិនីមកពី Johor Bahru ថ្លែងសារអរគុណទៀតថា៖«សូមអរគុណដល់គ្រូបង្វឹករបស់ខ្ញុំ Melvin Yeoh ដែលតែងតែរៀបចំសកម្មភាពប្រចាំថ្ងៃ ក្នុងការតមអាហារ និងប្រឹក្សាយោបល់លើរបបអាហារជាប្រចាំដើម្បីញ៉ាំ និងអ្វីដែលត្រូវធ្វើជាបន្តបន្ទាប់ ក្រោយពីញ៉ាំអាហារ»។
ទន្ទឹមគ្នានេះ កីឡាការិនីរូបស្រស់បង្កើនការហ្វឹកហាត់ សូម្បីតែចុងសប្ដាហ៍ នៅក្លិប Ultimate MMA Academy ដោយហាត់ ២ដងបន្ថែម ក្នុងមួយថ្ងៃនាថ្ងៃចុងសប្ដាហ៍។ ការហាត់នេះ ដើម្បីបង្កើនថាមពល និងរាងកាយមាំមួន រហូតដល់ការប្រកួតខិតជិតទើបបន្ថយការហាត់មកវិញ។
Jihin ជឿជាក់ថារូបគេ មិនត្រឹមតែធ្វើឲ្យការប្រកួតរំភើបទេ ប៉ុន្តែថែមទាំងទទួលជ័យជម្នះទៀតផង នៅក្រុងកូឡាឡាំពួ។ ទោះជាយ៉ាងណាក្ដី «Shadowcat» មិនមើលងាយលើគូប្រកួតទេដោយសារក្បាច់ទាត់ និងកណ្ដាប់ដៃ ជាចំណុចខ្លាំងរបស់ Jomary ហើយអ្វីៗក៏អាចកើតឡើងដែរលើសង្វៀន ប៉ុន្តែគេប្ដេជ្ញា នឹងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ៕