កីឡាជាតិ
ជាតិ
Sir Bobby Charlton វីរ​បុរស Man Utd បើក​មជ្ឈមណ្ឌល​ជួយ​ជនពិការ​ខ្មែរ​នៅ​ពោធិ៍សាត់​
25, Jun 2019 , 6:30 pm        
រូបភាព
ដោយ: រួបរួម
Sir Bobby Charlton ដែលជា​វីរ​បុរស​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្លិប Manchester United នឹង​បើក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ជួយ​ដល់​ជនពិការ​ដោយសារ​សង្គ្រាម​។ អតីត​ខ្សែបម្រើ​វ័យ​៨១​ឆ្នាំ​រូបនេះ បាន​អះអាងថា មជ្ឈមណ្ឌល Sir Bobby Charlton Center ទី​ពីរ​នឹង​ចាប់​បើក​ដំណើរការ​ចាប់ពី​ខែកញ្ញា ខាងមុខនេះ ដោយមាន​ទីស្នាក់ការ​នៅ​ខេត្តពោធិ៍សាត់​។​





​ក្រោម​គម្រោង​មូលនិធិ Find A Better Way (FABW) ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​២០១១ អតីត​តារាបាល់ទាត់​អង់គ្លេស លោក Bobby Charlton មាន​មហិច្ឆតា​ខ្ពស់​ក្នុង​ការជួយ​សម្រួល​ទុក្ខលំបាក​ជនរងគ្រោះ​ដោយសារ​សង្គ្រាម ជាពិសេស​ចាប់តាំងពី​លោក​បានឃើញ​ពី​ស្ថានភាព​ជនរងគ្រោះ​នៅ​តំបន់​ចម្ការមីន នា​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០០៧​។​



Sir Bobby Charlton Center for Vocational Training នឹង​អនុវត្ត​ដោយ​ដៃគូ​របស់ FABW គឺ​អង្គការ​សេវាកម្ម​អភិ​វ​ឌ្ឈ​ន៍​ជនពិការ (DDSP)​។ មជ្ឈមណ្ឌល​ទីមួយ ត្រូវ​បានដាក់​ដំណើរការ​កាលពី​ខែសីហា ឆ្នាំ​២០១៧ នៅ​ក្រុង​អា​ម៉ាន់ ប្រទេស​ហ្ស៊​កដា​នី​។​

​មជ្ឈមណ្ឌល Sir Bobby Charlton នៅ​កម្ពុជា នឹង​ជួយ​គាំទ្រ​ដល់​ការងារ​របស់ DDSP ដើម្បី​លើកកម្ពស់​សកម្មភាព​ជនពិការ​គ្រប់​ប្រភេទ ជាពិសេស​អ្នក​រស់រានមានជីវិត​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន រួមទាំង​ជនពិការ​រាងកាយ ប្រាជ្ញា​ស្មារតី​ផ្សេងៗ​។​



សកម្មភាព​ទាំងនោះ មានដូចជា ការបណ្តុះបណ្តាល​ជំនាញ​កុំព្យូទ័រ អាជីព មុខរបរ ការជួយ​ផ្តល់ឱកាស​កា​រងារ និង​ការកសាង​ទំនុកចិត្ត​ផ្សេងៗ​។​

Sir Bobby Charlton ស្ថាបនិក​មូលនិធិ FABW បាន​មានប្រសាសន៍ថា​៖ «​កម្ពុជា​នៅតែ​ជាទី​កន្លែង​ដ៏​ពិសេស​សម្រាប់​ខ្ញុំ ដោយនៅ​ទីនោះ ខ្ញុំ​បាន​យល់ដឹង​ច្រើន​ពី​ផលប៉ះពាល់​ដ៏​អាក្រក់​នៃ​អាវុធជាតិផ្ទុះ​ក្នុង​សង្គ្រាម ដែល​បន្ត​យាយី​នៅ​តំបន់​ពលរដ្ឋ​ក្រីក្រ​មួយចំនួន​»​។​



ម្ចាស់​ពាន Ballon d’Or ឆ្នាំ​១៩៦៦​រូបនេះ មានជំនឿថា មជ្ឈមណ្ឌល​របស់ខ្លួន​នឹង​ជួយ​សម្រួល​ការលំបាក​ជាច្រើន​របស់​ពលរដ្ឋ​ខ្មែរ ជាពិសេស​ពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​៕





Tag:
 បាល់ទាត់
  Sir Bobby Charlton
© រក្សាសិទ្ធិដោយ thmeythmey.com