ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​
27, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការជក់បារី និង​ការ​ញ៉ាំ​អាហារ​ប្រៃៗ​ច្រើនតែ​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​បាន​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា មានរឿង​ជាច្រើន​ផ្សេងទៀត​ដែល​អាចធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​ដែរ​។



ខាងក្រោម​នេះ​គឺជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយចំនួន ដែល​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បាន​៖
 
​ចូលចិត្ត​ញ៉ាំ​ផ្អែម​
 
​ការ​ញ៉ាំ​របស់​ផ្អែមៗ​ច្រើន​មិន​ត្រឹមតែ​មិនល្អ​ចំពោះ​ធ្មេញ​ទេ តែ​ក៏​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​ដែរ​។ នេះ​ដោយសារតែ ជាតិ​ផ្អែម​កែឆ្នៃ​នេះ​អាច​ជំរុញ​ដល់​ការ​រលាក​ក្នុង​ខ្លួន​។ អ្នកជំនាញ​និយាយថា ការ​រលាក​នេះ​អាចធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាច្រើន ហើយ​ការ​លើស​សម្ពាធ​ឈាម​ក៏​ជា​ផ្នែក​មួយ​របស់​វា​ដែរ​។ 
 
​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​
 
​ខណៈពេលដែល​វា​ជាការ​ពិត​មួយ​ថា គ្រឿង​ស្រវឹង​អាច​ជំរុញ​ដល់​សុខភាព​នៅពេល​ញ៉ាំ​ក្នុង​កម្រិត​មធ្យម តែ​ការ​ញ៉ាំ​ច្រើនពេក​អាច​បង្ក​ជា​រឿង​ផ្ទុយគ្នា​វិញ​។ រឿង​មួយ​ក្នុងចំណោម​រឿង​ជាច្រើន​ដែល​អាច​កើតចេញពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​គឺ លើស​សម្ពាធ​ឈាម​តែម្តង​។ 
 
​គេង​បាត់​ដង្ហើម​
 
​បើសិនជា​អ្នក​ភ្ញាក់​ពី​គេង​មក​មិនមាន​អារម្មណ៍​ស្រស់ស្រាយ ព្រមទាំង​ស្រមុក​ឮៗ​ទៀត​នោះ មានន័យថា​អ្នក​កំពុង​តែមាន​បញ្ហា​គេង​បាត់​ដង្ហើម​ហើយ ដែល​វា​អាច​នឹងធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​បាន​។ បញ្ហា​នៃ​ការ​គេង​នេះ​មិនអាច​ធ្វើ​ឲ្យ​អ្នកទទួលបាន​គុណភាព​នៃ​ការ​គេង​ឡើយ​ទោះបីជា​អ្នក​គេង​លក់​ក៏ដោយ​។ 

​ស្ត្រេ​ស​គ្រប់ពេល​
 
​អ្នកជំនាញ​និយាយថា ស្ត្រេ​ស​រ៉ាំរ៉ៃ​គឺជា​រឿង​ដែល​ត្រូវការ​គ្រប់គ្រង​ឲ្យ​បាន ព្រោះ​វា​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បង្កបញ្ហា​ដល់​សុខភាព​ច្រើន​ផង​។ ចូរ​ព្យាយាម​ចៀសវាង​មូលហេតុ​នាំ​ឲ្យ​ស្ត្រេ​ស​ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន​។ 
 
​នៅក្នុង​បន្ទប់​សូ​ណា និង​ងូតទឹក​ក្តៅ​
 
​និយាយ​ដល់​អ្នក​ស្ត្រេ​ស​វិញ មនុស្ស​ភាគច្រើន​ប្រើប្រាស់​ការ​នៅក្នុង​បន្ទប់​សូ​ណា និង​ងូតទឹក​ក្តៅ​ដើម្បី​រំងាប់​អារម្មណ៍​ស្ត្រេ​ស​។ ប៉ុន្តែ​បើសិនជា​អ្នក​លើស​សម្ពាធ​ឈាម អ្នក​គួរតែ​ស្វែងរក​វិធីសាស្ត្រ​បន្ធូរ​អារម្មណ៍​ផ្សេង​វិញ ព្រោះថា វិធី​ទាំងពីរ​នេះ​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បាន​។ ដើម្បី​សុវត្ថិភាព គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជានិច្ច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com