ជាតិ
សហរដ្ឋអាមេរិក ប្តេជ្ញា​បន្ត​ជួយ​អភិវឌ្ឍ​និង​រក្សា​ដៃគូ​នឹង​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ​
27, Jun 2019 , 8:19 am        
រូបភាព
អ្នក​នេសាទ​ម្នាក់ ​បាន​ប្រមូល​សំណាញ់នេសាទ​ត្រី​លើ​ទន្លេ​មេគង្គ​ក្បែរ​ស្រុក Chiang Khan ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី ២៤ កក្កដា​ ២០១៦។ (នៅ​ វណ្ណរិន/VOA​ Khmer)
អ្នក​នេសាទ​ម្នាក់ ​បាន​ប្រមូល​សំណាញ់នេសាទ​ត្រី​លើ​ទន្លេ​មេគង្គ​ក្បែរ​ស្រុក Chiang Khan ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី ២៤ កក្កដា​ ២០១៦។ (នៅ​ វណ្ណរិន/VOA​ Khmer)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក​បន្ត​ចាត់ទុក​តំបន់​ទន្លេមេគង្គ​ថា​ជា​តំបន់​ដែលមាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ដែល​នឹងត្រូវ​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​និង​មើលឃើញថា​សេដ្ឋកិច្ច​នៃ​តំបន់​នេះ​កំពុងមាន​ការរីកចម្រើន​លឿន​និង​មាន​ពលរដ្ឋ​វ័យក្មេង​ជាច្រើន​។​

 
​លោក​ម៉ាក ក្លាក (Mark Klark) ឧបការី​រង​ស្តីទី​នៃ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​បញ្ជាក់ប្រាប់​អ្នកចូលរួម​នៅឯ​មជ្ឈមណ្ឌល Meridian អន្តរជាតិ​កាលពីដើម​ខែមិថុនា​ថា​៖
 
«​តំបន់​ទន្លេមេគង្គ​គឺជា​តំបន់​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ដល់​សហរដ្ឋអាមេរិក​។ ទីនេះ​មាន​ប្រទេស​ថៃ​ដែលជា​សម្ព័ន្ធមិត្ត​ដែលមាន​សន្ធិសញ្ញា​របស់​យើង​និង​វៀតណាម​ដែលជា​ដៃគូ​កាន់តែ​សំខាន់​ឡើង​របស់​យើង និង​ប្រទេស​មួយចំនួនទៀត​ដែល​នឹង​ធ្វើជា​ប្រធាន​សមាគម​អាស៊ាន​នៅ​ឆ្នាំ​២០១៩​និង​២០២០​។ ដោយ​រួមបញ្ចូល​ប្រទេស​ឡាវ ភូមា និង​កម្ពុជា​គឺ​រួមគ្នា​បានជា​សេដ្ឋកិច្ច​ដែលមាន​ការរីកលូតលាស់​យ៉ាង​រហ័ស​និង​មាន​ពលរដ្ឋ​វ័យក្មេង​រស់រ​វើ​ក‍​»​។​
 
​ប​ណ្តូ​រ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ​មាន​ចំនួន​១០៩​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៨​។ ក្នុង​ឆ្នាំ​២០១៧​សហរដ្ឋអាមេរិក​បាន​វិនិយោគទុន​ចំនួន​១៧​ពាន់​លាន​ដុល្លារ​ដែល​កើនឡើង​ពី​ទឹកប្រាក់​វិនិយោគ​ចំនួន​១០​ពាន់​លាន​ក្នុង​ឆ្នាំ​២០០៩​។ 
 
​នៅ​ខែកក្កដា​ខាងមុខនេះ​សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​នៅ​ទន្លេមេគង្គ​ខាងក្រោម​ដែលមាន​កម្ពុជា វៀតណាម ឡាវ ថៃ​និង​ភូមា​នឹង​ប្រារព្ធ​ខួប​លើក​ទី​១០​នៃ​ការអនុវត្ត​គម្រោង​គំនិត​ផ្តួចផ្តើម​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម ដែលជា​គម្រោង​បង្កើតឡើង​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​នៅ​ថ្នាក់​អនុតំបន់​។ គំនិត​ផ្តួចផ្តើម​នេះ​ធ្វើជា​វេទិការ​សម្រាប់​ដោះស្រាយ​ការអភិវឌ្ឍ​ឆ្លង​ព្រំដែន​ដែលមាន​លក្ខណៈ​ពហុ​វិស័យ​និង​បញ្ហា​ប្រឈម​ខាង​គោលនយោបាយ​នៅ​អនុតំបន់​ទន្លេមេគង្គ​ក្រោម​។​
 
​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ សហរដ្ឋអាមេរិក​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ជាង​៣,៨​ពាន់​លាន​ដុល្លារ​ជួយ​ដល់​បណ្តា​ប្រទេស​ទាំង​៥​នៅ​តំបន់​ទន្លេមេគង្គ ហើយ​បាន​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ជាង​១,៤​លាន​នាក់​តាមរយៈ​ការនាំ​ទំនិញ​ចូល​ទីផ្សារ​សហរដ្ឋអាមេរិក​។​
 
​ដោយឡែក​នៅ​ប្រទេស​កម្ពុជា​វិញ​តាមរយៈ​គម្រោង​គំនិត​ផ្តួចផ្តើម​ទន្លេមេគង្គ​ខាងក្រោម សហរដ្ឋអាមេរិក​បាន​ជួយ​ដល់​កសិករ​២០០.០០០​នាក់​ឱ្យ​រកចំណូលបាន​លើសពី​៤០០​ដុល្លារ​ក្នុង​មួយឆ្នាំ​និង​មាន​ជួយ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន​ទៀត​។​
 
​លោក​ជុំ សុន្ទរី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​បានបញ្ជាក់​ប្រាប់​វី​អូ​អេ​នៅក្រោយពី​កិច្ចប្រជុំ​ថា​៖
 
«​យើង​បាន​ពិនិត្យឃើញថា​កិច្ចសហប្រតិបត្តិការ​រ​បស់​សហរដ្ឋអាមេរិក​ចំពោះ​បណ្តា​ប្រទេស​ដែលជា​សមាជិក​មេគង្គ​ខាងក្រោម​ទាំង​៥​នេះ ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ក្តី​ក៏ដូចជា​ក្នុង​ក្របខណ្ឌ​គំនិត​ផ្តួចផ្តើម​ទន្លេមេគង្គ​នេះ​គឺ​បាន​នាំមក​នូវ​កិច្ច​អភិវឌ្ឍ​នៅក្នុង​តំបន់​នេះ​ហើយក៏​អាចរួមចំណែក​ជួយ​ដល់​អនុតំបន់​មេគង្គ​នេះ​ក្នុងការ​ប្រឈម​នឹង​បញ្ហា​ដែល​យើង​ចាត់ទុកថា​ជា​បញ្ហា​បន្ទាន់​និង​សំខាន់​ចំពោះមុខ​ដូចជា​បញ្ហា​ទឹកជំនន់ ការរាំងស្ងួត ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បញ្ហា​ការប្រើប្រាស់​ធនធានទឹក​ប្រកបដោយ​ចីរភាព​ជា​ដើ​ម‍​»​។​
 
​លោក​ហា គីម​ង៉ុ​ក ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន​បាន​លើកឡើងថា​បណ្តា​ប្រទេស​ទន្លេមេគង្គ​ត្រូវការ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ខ្លាំង​ពី​សហរដ្ឋអាមេរិក​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ឋា​ម​ពល​កកើត​ឡើងវិញ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល‍​។​
 
​រីឯ​លោកស្រី​ប៊ូ​សា​រ៉ា ក​ញ្ច​នា​ឡៃ ភារធារី​នៃ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​បានស្នើ​ឱ្យ​ក្រុមហ៊ុន​អាមេរិកាំង​ទៅធ្វើ​ការវិនិយោគ​បន្ថែម​នៅក្នុង​តំបន់​មេគង្គ​។​
 
​លោកស្រី​បាន​បន្ថែមថា​៖
 
«​យើង​អាច​ផ្តល់​កន្លែង​ដែល​សហរដ្ឋអាមេរិក​អាច​ពង្រីក​ជំនួញ​ក៏ដូចជា​ពង្រីក​តួនាទី​គាំទ្រ​ដល់​បណ្តា​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ធ្វើ​គម្រោង​ជាច្រើន​ដែល​ផ្តល់​ប្រយោជន៍​ដល់​តំបន់​មេគង្គ​ប៉ុន្តែ​ផ្តល់​ផលប្រយោជន៍​ដល់​សហរដ្ឋអាមេរិក​វិញ​និង​ពង្រឹង​មិត្តភាព​រវាង​សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​ទន្លេ​មេគ​ង្គ‍​»​។​
 
​ទន្ទឹមនឹង​នេះដែរ​ក៏ សហរដ្ឋអាមេរិក​មើលឃើញថា​តំបន់​នេះ​កំពុង​ជួបនឹង​និន្នាការ​គួរឱ្យ​ព្រួយបារម្ភ​មួយចំនួន​។ ក្នុងនោះ​មាន​កង្វះ​អភិបាលកិច្ច​ល្អ​និង​ការងា​កមក​ពឹង​លើ​ប្រាក់​បំណុល​បរទេស​កាន់​តែ​ខ្លាំង​ឡើងជា​ពិសេស​មកពី​ប្រទេស​ចិន ការព្រួយបារម្ភ​ពី​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍន៍​នៅ​ផ្នែក​ខាងលើ​ទន្លេមេគង្គ ផែនការ​បូម​ខ្សាច់ ការធ្លាក់ចុះ​នៃ​ការគ្រប់គ្រង​ទន្លេ ការរីក​រាលដាល​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការជួញដូរ​មនុស្ស​និង​ថ្នាំញៀន​ជាដើម​។​
 
​លោក​ម៉ាក ក្លាក (Mark Klark) នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​បានបញ្ជាក់​បន្ថែមថា​៖
 
«​និន្នាការ​ទាំងនេះ​នាំឱ្យមាន​ហានិភ័យ​ដល់​អនាគត​សេដ្ឋកិច្ច ឯករាជ្យភាព​ខាង​សេដ្ឋកិច្ច​និង​ឋា​ម​ពល​ទឹក និង​សុវត្ថិភាព​ស្បៀងអាហារ​នៃ​បណ្តា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគ​ង្គ‍​»​។​
 
​សហរដ្ឋអាមេរិក​បាន​ចាត់ទុកថា​ដោយសារតែ​និន្នាការ​ទាំងនេះ​នាំឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់ខ្លួន​ទើប​សហរដ្ឋអាមេរិក​នឹង​ខិតខំ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​តាមរយៈ​យន្តការ​ជាច្រើន​ក្នុងនោះ​មានដូចជា​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជាដើម​។​
 
​លោក​ម៉ាក ក្លា​កបាន​ពន្យល់ថា​តំបន់​មេគង្គ​គឺជា​ចំណុច​ផ្តោត​ចំណាប់អារម្មណ៍​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ហើយក៏​ជា​ផ្នែក​ដ៏​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ទូលំទូលាយ​របស់​សហរ​ដ្ឋ​អាមេរិក​ក្នុងការ​គាំទ្រ​ដល់​អាស៊ាន​ក្នុងនោះ​មានគំនិត​ផ្តួចផ្តើម​របស់​អាស៊ាន​ក្នុង​ការធ្វើសមាហរណកម្ម​តំបន់​ដើម្បី​បិទ​ភ្ជិត​គម្លាត​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​សមាជិក​ហើយ​ជំរុញឱ្យមាន​ឯកភាព​ក្នុង​តំបន់​។​
 
​លោក​ម៉ាក ក្លាក​បាន​បន្ថែមថា​៖
 
«​យើង​ចូលរួម​ជាមួយនឹង​តំបន់​មេគង្គ​ដោយ​ឈរលើ​គោលការណ៍​វិជ្ជមាន​ផ្តោតលើ​សន្តិសុខ​និង​វឌ្ឍនភាព​នៅ​ទូទាំង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក្នុងពេល​ជាច្រើន​ទសវត្សរ៍​ទៅមុខ​ទៀតហើយ​យើង​ស្ថិតនៅ​ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​ថ្នាក់​តំបន់​នេះ​។ ក្នុងនេះ​រួមមាន​ការប្តេជ្ញា​គោរព​អធិបតេយ្យភាព តម្លាភាព អភិបាលកិច្ច​ល្អ ការប្រមូលផ្តុំ​អាស៊ាន និង​សណ្តាប់ធ្នាប់​ផ្អែកលើ​ច្បាប់​ដែលមាន​ការគោរព​ច្បាប់​អន្តរ​ជា​ត‍ិ​»​។​
 
​សហរដ្ឋអាមេរិក​នឹង​បង្ហាញ​ពី​ការប្តេជ្ញា​ថែមទៀត​នៅ​អំឡុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​នៃ​បណ្តា​ប្រទេស​ទន្លេមេគង្គ​ក្រោម​នៅ​ទីក្រុង​បាងកក​នៅ​ខែសីហា​ខាងមុខ​។ បន្ទាប់មក​គឺ​បង្ហាញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​មេគង្គ​ថ្មី​មួយទៀត​ដែលមាន​ដូចជា​ការប្រឆាំង​នឹង​ការជួញដូរ​ថ្នាំញៀន ជួញដូរ​មនុស្ស​និង​សត្វព្រៃ​ជាដើម​ដើម្បី​បន្ថែម​ដល់​គំនិត​ផ្តួចផ្តើម​ទន្លេមេគង្គ​ក្រោម​ឱ្យស្រប​តាម​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​សម្រប​កិច្ចខិតខំ​ប្រឹងប្រែង​ឱ្យស្រប​គ្នា​នឹង​ដៃគូ​មួយចំនួនទៀត​របស់​ស​ហ​រដ្ឋ​អាមេរិក​ដែលមាន​ជប៉ុន អូស្ត្រាលី និង​កូរ៉េខាងត្បូង​ដែល​កំពុង​ជួយ​ប្រទេស​នៅ​តំបន់​នេះដែរ​លើ​ផ្នែក​ឋា​ម​ពល ការប្រយុទ្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​និង​អភិបាលកិច្ច​លើ​ផ្នែក​សេដ្ឋកិច្ច​។​
 
​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក៏​បញ្ចូល​គំនិត​ផ្តួចផ្តើម​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​តំបន់​ទន្លេមេគង្គ​ផងដែរ​ដែល​ផ្តោតលើ​ហេដ្ឋារចនាសម្ព័ន្ធ ឋា​ម​ពល ពាណិជ្ជកម្ម​ឌីជីថល និង​ការផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍន៍​។​
 
​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានទទួល​ស្គាល់​ថា​ការណ៍​ដែល​សហរដ្ឋអាមេរិក​ចូលរួម​កាន់តែខ្លាំង​នៅក្នុង​តំបន់​ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ប៉ុន្តែ​ឥទ្ធិពល​ចិន​ក៏បាន​ដាក់​សម្ពាធ​ខ្លះ​មកលើ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងនោះ​ផងដែរ​។​
 
​លោក​ម៉ាក ក្លាក (Mark Klark) បាន​បញ្ជាក់ថា​៖
 
«​នៅ​ពីក្រោម​នោះ​គឺមាន​ភាពមិន​ស្ងប់ស្ងាត់​និង​ភាព​អន្ទះសារ​ដោយសារ​មាន​សម្ពាធ​ពី​ប្រទេស​ចិន​ឱ្យ​ទទួលយក​គំរូ​អភិវឌ្ឍន៍​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​និង​មាន​សម្ពាធ​ឱ្យ​ពឹងផ្អែក​សេដ្ឋកិច្ច​កាន់តែខ្លាំង​លើ​ប្រទេស​ចិ​ន‍​»​។​
 
​លោក​ម៉ាក ក្លាក បាន​បន្ថែមថា​អ្វីដែល​សហរដ្ឋអាមេរិក​លើកកម្ពស់​គឺ​ផ្តល់​សិទ្ធិ​ឱ្យ​ប្រទេស​ទាំងនោះ​មាន​ជម្រើស​ក្នុង​ការគិត​ឱ្យបាន​ប្រយ័ត្នប្រយែង​មុននឹង​ទទួលយក​អ្វីដែល​មើលទៅ ហាក់ដូចជា​វិថី​ដ៏​ងាយស្រួល​ក្នុងការ​ទទួលបាន​ហិរញ្ញវត្ថុ​ប៉ុន្តែ​វា​នឹង​ក្លាយទៅជា​ការពឹងផ្អែក​សេដ្ឋកិច្ច​លើ​ប្រទេស​គេ​យ៉ាងខ្លាំង​ហើយ​ឈានទៅដល់​បាត់​អធិបតេយ្យភាព​ប្រទេស​ក្នុងពេល​អនាគត​។​
 
​លើ​ជ្រុង​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​វិញ ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​មើលឃើញថា​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​នីមួយ​នៅក្នុង​តំបន់​មេគង្គ​មានការ​ខុសប្លែកគ្នា​។ សហរដ្ឋអាមេរិក​មាន​ទំនាក់ទំនង​តិចតួច​ជាមួយនឹង​ប្រទេស​ឡាវ​និង​កម្ពុជា ក្នុងខណៈ​ពេលដែល​ទំនាក់ទំនង​ជាមួយនឹង​ថៃ​មាន​លក្ខណៈ​ចាស់ទុំ និង​យូរអង្វែង​ហើយ​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​វៀតណាម​កំពុងតែ​ប្រសើរឡើង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក រ៉ែ​ន​ដាល ស្ជ្រា​យ​វើ (Randal Schriver) ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com