ជាតិ
រដ្ឋមន្ត្រី ឆ្លើយតបនឹងបញ្ហាផ្លូវជាតិលេខ៤ដែលតែងតែឆក់យកជីវិតមនុស្ស
× ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ចុងក្រោយនៅផ្លូវជាតិលេខ៤ គឺមានមនុស្សស្លាប់១០នាក់ នៅត្រង់គីឡូម៉ែត្រ៨៥ កាលពីដើមខែមិថុនា។ គ្រោះថ្នាក់ចរាចរណ៍ដែលឆក់យកជីវិតមនុស្ស បានកើតឡើងជារឿយៗនៅលើដងផ្លូវជាតិមួយនេះ។
បញ្ហានេះត្រូវបានអ្នកកាសែតនៃសារព័ត៌មានថ្មីៗ យកទៅចោទសួរលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ និងដឹកជញ្ជូន នៅក្រោយពិធីចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវជាតិលេខ២ នៅថ្ងៃទី២៥មិថុនា ម្សិលមិញ។ តើផ្លូវជាតិលេខ៤នេះ រដ្ឋាភិបាលនឹងកែប្រែ ឬទុកដដែល ខណៈផ្លូវនេះបង្កើតភាពរសើប ដោយសារកើតមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សញឹកញាប់?
សូមស្ដាប់ការឆ្លើយតបរបស់លោក ស៊ុន ចាន់ថុល ៖
រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ បានឆ្លើយតបចំពោះបញ្ហានេះ។ លោកប្រាប់ថា ផ្លូវនេះនឹងត្រូវពង្រីកពីទទឹង ៧ម៉ែត្រ ទៅ១១ម៉ែត្រ។ លោក ស៊ុន ចាន់ថុល ថ្លែងដូច្នេះថា៖«យើងបានទទួលប្រាក់កម្ចីពីធនាគារពិភពលោក ដើម្បីពង្រីកផ្លូវនេះ ដែលផ្លូវនេះសព្វថ្ងៃតែ៧ម៉ែត្រទេ យើងនឹងពង្រីកដល់១១ម៉ែត្រ ហើយយើងកំពុងរៀបចំនីតិវិធីដាក់ដេញថ្លៃ ដើម្បីលើកគុណភាពផ្លូវជាតិលេខ៤ឡើងវិញ»។
ប៉ុន្តែលោក ស៊ុន ចាន់ថុល អះអាងថាការពង្រីកផ្លូវ ក៏មិនអាចដោះស្រាយបានទាំងស្រុងនោះដែរ បើអ្នកបើកបរមិនគោរពច្បាប់ បើកលឿនពេក វ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន ជាដើម។ «ប៉ុន្តែទោះជាយើងពង្រីកផ្លូវនេះ១១ម៉ែត្រ ឬ១៣ម៉ែត្រ ១៥ម៉ែត្រ យ៉ាងណាក៏ដោយ បើអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកលឿនពេក បើកវ៉ាជែងដោយគ្មានប្រុងប្រយ័ត្នជាដើម ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះឯង»។ នេះជាប្រសាសន៍លោក ស៊ុន ចាន់ថុល ។
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ផ្លូវគោករូបនេះ បានអំពាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកបើកបរទាំងអស់ ត្រូវគោរពច្បាប់ចរាចណ៍ និងបើកបរដោយការប្រុងប្រយ័ត្ន ព្រមទាំងត្រូវយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)ឲ្យបានត្រឹមត្រូវ៕
Tag:
ស៊ុន ចាន់ថុល
ផ្លូវជាតិលេខ៤
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com