កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី​៖ ក្រុម​អឺរ៉ុប ហូ​ឡង់ និង​អុីតាលី ទៅ​ជួបគ្នា​វគ្គ​១/៤ ខណៈ​ក្រុម​អាស៊ី ជប៉ុន និង​ចិន ហាលអាវ​
26, Jun 2019 , 11:35 am        
រូបភាព
​ក្រុម​កីឡាការិនី​ជម្រើសជាតិ​ជប៉ុន​បាន​បរាជ័យ​ក្រោយ​ថ្វី​ជើង​ហូ​ឡង់​យ៉ាង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល ២-១ ស្របពេល​ចិន​ក៏​ចាញ់​អ៊ីតាលី ២-០ នា​ជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ FIFA Women's World Cup ឆ្នាំ​២០១៩​។ ហូ​ឡង់ និង​អ៊ីតាលី​ត្រូវ​បន្ត​ជួបគ្នា​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​


 
​នា​ជំនួប​វគ្គ​១៦​ក្រុម នៅ​រាត្រី​ថ្ងៃទី​២៥ ខែមិថុនា ហូ​ឡង់​ជា​អ្នករក​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​១៧ ដែល​សម្រេចបាន​ដោយ​កីឡាការិនី Lieke Martens មុនពេល Yui Hasegawa ស៊ុត​តាម​ស្មើ​ឲ្យ​ជប៉ុន​វិញ​នៅ​នាទី​៤៣​។ ចូលដល់​តង់​ទី​២​រយៈពេល​៤៥​នាទី​ពេញ​ក្រុម​ទាំងពីរ​មិនមាន​គ្រាប់​បាល់​ឡើយ រហូតដល់​នាទី​៩០+ ទើប​ហូឡង់ទ​ទួលបាន​បាល់​ពិន័យ​១១​ម៉ែត្រ​។ Lieke Martens ដែល​រក​គ្រាប់​បាល់​ទី​១ ជា​អ្នក​បញ្ចប់​ទី​របស់​ជប៉ុន​សម្រាប់​គ្រាប់​បាល់​ជ័យ​ជ​ន្នះ ២-១ ដើម្បី​នាំ​ហូ​ឡង់​ឈានទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។​


 
​ដោយឡែក​អ៊ីតាលី​ក៏បាន​ឈ្នះ​ចិន ២-០ នៅ​វគ្គ​១/៨ នេះដែរ ដែល​សម្រេច​ទី​បាន​ដោយ Valentina Giacinti (១៥) និង Aurora Galli (៤៩)​។ ដូច្នេះ​អ៊ីតាលី​ត្រូវ​ឡើងទៅ​ជួយ​ប​ហូ​ឡង់​នៅ​វគ្គ​បន្ត​១/៤​។​
 
​ជប៉ុន និង​ចិន​ជា​ក្រុម​ពី​តំបន់​អាស៊ី​ចុងក្រោយ​គេ​ដែល​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ផ្នែក​នារី​ឆ្នាំ​២០១៩ ដែល​បារាំង​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​។ ប៉ុន្តែ​អ្វីដែល​គួរ​ចាប់អារម្មណ៍​បំផុត​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ គឺមាន​ក្រុម​ពី​ទ្វីបអឺរ៉ុប​រហូតដល់​ទៅ​៧​ក្រុម​រួមជាមួយ​ក្រុម​ពី​អាមេរិក​ខាងជើង​សហរដ្ឋអាមេរិក​មួយក្រុម​។ ៤​គូ​ចុងក្រោយ បារាំង​ប៉ះ​អាមេរិក ស៊ុយអែត​ជួប​អាល្លឺម៉ង អង់គ្លេស​ត្រូវ​តទល់​ជាមួយ​ន័​រ​វែ​ស និង​ហូ​ឡង់​ជួប​អ៊ីតាលី​។ ការប្រកួត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ តទៅ​៕





Tag:
 ​បាល់ទាត់​
  World Cup Women
© រក្សាសិទ្ធិដោយ thmeythmey.com