ក្រុមប្រឹក្សាអឺរ៉ុប បានអនុម័តការសម្រេចចិត្ត ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ។ ដោយចាត់ទុកថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី «ជំនាន់ថ្មីមួយ» កិច្ចព្រមព្រៀងនេះ ក៏នឹងរាប់បញ្ចូលលក្ខខណ្ឌសំខាន់ៗមួយចំនួន រួមមាន កិច្ចការពារកម្មសិទ្ធិបញ្ញា សេរីភាវូបនីយកម្មនៃពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែមិថុនា ក្រុមប្រឹក្សាអឺរ៉ុប បានប្រកាសថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរនេះ នឹងត្រូវប្រព្រឹត្តទៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩។ ឯកសារដដែលនេះ បញ្ជាក់ថា «EVFTA» គឺជាកិច្ចព្រមព្រៀងសេរីដ៏មហិច្ឆតាមួយរបស់ខ្លួនជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដោយពន្ធរហូតដល់ ៩៩ភាគរយលើទំនិញរបស់ភាគីទាំងពីរ នឹងត្រូវលុបចោល ។
សម្រាប់ដំណាក់កាលដំបូង ពន្ធចំនួន ៦៥ភាគរយលើការនាំចេញពី EU ទៅកាន់វៀតណាម នឹងត្រូវកាត់ចេញភ្លាមៗ ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន ខណៈពន្ធដែលនៅសេសសល់ នឹងត្រូវលុបចោលជាបន្តបន្ទាប់ ក្នុងរយៈពេល១០ឆ្នាំ។ ចំពោះការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុបវិញ ជាបឋម ពន្ធចំនួន ៧១ភាគរយ នឹងត្រូវដកចេញ កាលណាកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ចូលជាធរមាន។ ចំណែកឯ ពន្ធដែលនៅសេសសល់ នឹងត្រូវលុបចោលក្នុងរយៈពេល ៧ឆ្នាំ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក៏នឹងកាត់បន្ថយរនាំងពាណិជ្ជកម្មមិនមែនពន្ធជាមួយវៀតណាម និងបើកចំហទីផ្សារដេញថ្លៃសាធារណៈ និងសេវាកម្មវៀតណាមសម្រាប់ក្រុមហ៊ុនសហភាពអឺរ៉ុប។ ទន្ទឹមគ្នានេះ វាក៏នឹងពង្រឹងកិច្ចគាំពារលើការវិនិយោគរបស់បណ្តាក្រុមហ៊ុន EU ក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះផងដែរ។
ដោយចាត់ទុកថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី «ជំនាន់ថ្មីមួយ» កិច្ចព្រមព្រៀង EVFTA នេះ ក៏នឹងរាប់បញ្ចូលលក្ខខណ្ឌសំខាន់ៗមួយចំនួន រួមមាន កិច្ចការពារកម្មសិទ្ធិបញ្ញា សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។ សម្រាប់ទិដ្ឋភាពចុងក្រោយ កិច្ចព្រមព្រៀងនេះ ក៏ទទួលស្គាល់លើការតាំងចិត្តក្នុងការអនុវត្តស្តង់ដារចម្បងៗរបស់អង្គការពលកម្មអន្តរជាតិ (ILO) ដូចជាសេរីភាពក្នុងការចូលរួមក្នុងសហភាពពាណិជ្ជកម្មឯករាជ្យ និងការហាមឃាត់ពលកម្មកុមារជាដើម ក៏ដូចជាអនុសញ្ញារបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹង ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ឬកិច្ចគាំពារលើជីវៈចម្រុះជាដើម។
ទាក់ទិននឹងរឿងនេះ ប្រធានគណៈកម្មការអឺរ៉ុប លោក Jean-Claude Juncker បានកោតសរសើរចំពោះ ការសម្រេចចិត្តរបស់សមាជិក EU ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរនេះ។ លោក Juncker សង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះ បង្ហាញពីការតភ្ជាប់រវាងអឺរ៉ុប និងវៀតណាម ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដែលឆ្លុះបញ្ចាំងពីការតាំងចិត្តទៅកាន់ «ពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ យុត្តិធម៌ និងបើកចំហ»។
សូមបញ្ជាក់ថា ការចរចារវាង EU និងវៀតណាម បានចាប់ផ្តើមដំបូង ក្នុងខែមិថុនា ឆ្នាំ២០១២ និងបានបិទបញ្ចប់កាលពីថ្ងៃទី ២ ធ្នូ ឆ្នាំ២០១៥ ។ យ៉ាងណាមិញ ការសម្រេចជាផ្លូវការនៃកិច្ចព្រមព្រៀងនេះ ត្រូវបានពន្យារពេល ដោយរង់ចាំគំនិតយោបល់ពីសំណាក់តុលារយុត្តិធម៌អឺរ៉ុប លើការបែងចែកភាពប្រកួតប្រជេងរវាងសហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន ពាក់ព័ន្ធនឹងការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម EU- សិង្ហបុរី។
វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី២ របស់ EU ក្នុងតំបន់អាស៊ាន បន្ទាប់ពីសិង្ហបុរី។ ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងអឺរ៉ុប ស្មើនឹង ៥០,៤ពាន់លានដុល្លារ។ ក្នុងចំណោមនេះ ការនាំចេញរបស់វៀតណាម ស្មើនឹង ៣៨,៣ពាន់លានដុល្លារ និងការនាំចូលស្មើនឹង ១២,១ពាន់លានដុល្លារ។
ទំនិញនាំចេញចម្បងរបស់វៀតណាមទៅកាន់ EU គឺមានដូចជា សម្ភារទូរគមនាគមន៍ សំលៀកបំពាក់ និងចំណីអាហារ។ ចំណែកផលិតផលនាំចេញសំខាន់របស់ EU ទៅកាន់វៀតណាម គឺមានដូចជា សម្ភារទាក់ទងនឹងការដឹកជញ្ជូន និងគ្រឿងម៉ាស៊ីន, ផលិតផលកសិកម្ម និងគីមីជាដើម។