ជាតិ
សង្គមជាតិ
សម្តេច ស ខេង៖ អ្នកឯងរកស៊ីគ្រឿងញៀន កុំសង្ឃឹមថា ពួនកន្លែងណាសុខ
26, Jun 2019 , 12:52 pm        
រូបភាព
រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩
រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩
សម្តេច ស ខេង រដ្ឋមន្រ្តីមហាផ្ទៃ ចាត់ទុកជាសិទ្ធិបញ្ចេញមតិ ចំពោះអ្នកដែលរិះគន់ថា សមត្ថកិច្ច បង្ក្រាបបានតែអ្នកតូចតាច ក្នុងបទល្មើសគ្រឿងញៀន។ ប៉ុន្តែ សម្តេច បានបកស្រាយទៅវិញថា កន្លងមក សមត្ថកិច្ច ក៏ចាប់បានមេខ្លោង មិនតិចដែរ ដែលរកស៊ីខាងគ្រឿងញៀន។



សម្តេច បានលើកយកករណីចាប់ឧកញ៉ា គិត ធាង ម្ចាស់ក្លិប Rock ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ទៅធ្វើជាឧទាហរណ៍។ រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាក់ដូច្នេះថា «មិនមែនអត់ទេ ចាប់បានមេខ្លោង មិនមែនស្ទើរទេ»។

បន្ទាប់មក សម្តេចរដ្ឋមន្រ្តី បានផ្ញើសារទៅកាន់អ្នកដែលលួចរកស៊ីគ្រឿងញៀននៅកម្ពុជា ថាកុំសង្ឃឹមថា ទៅពួននៅកន្លែងណាបានសុខ។ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេច ព្រមានថា «ឲ្យតែមានឯកសារ មានភស្តុតាងហើយ លោកឯង គ្មានទៅនៅកន្លែងណាសុខទេ ផែនដីក្នុងពិភពលោកហ្នឹង តូចណាស់ គេចអត់ផុតទេ»។

យ៉ាងណាក៏ដោយ សម្តេច ខេង បានបង្ហាញពីការលំបាករបស់សមត្ថកិច្ច ក្នុងការចាប់ខ្លួនមេខ្លោងជាជនបរទេសមួយចំនួន ដែលមិនស្ថិតក្នុងប្រទេសកម្ពុជា។ សម្តេច ថ្លែងថា «ខ្លះមិនមែនជាខ្មែរទេ អ្នកដឹកគ្រឿងញៀនហ្នឹង ស៊ីឈ្នួលដឹកឲ្យគេ។ មេខ្លោងក្នុងស្រុក យើងចាប់បានគរគោកហ្នឹង»៕

អត្ថបទទាក់ទង
 

Tag:
 ស ខេង
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com