កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយក្នុងការអភិវឌ្ឍទីក្រុង ហើយស្ថិតក្នុងដំ ណាក់កាលចាំបាច់ ក្នុងការផ្លាស់ទៅជាទីក្រុងឆ្លាតវៃ។ នេះបើយោងតាមអ្នកជំនាញ ដែលបានលើកឡើង ក្នុងកិច្ចពិភាក្សាមួយកាលពីថ្ងៃអង្គារ។
កិច្ចពិភាក្សាទាក់ទងនឹង ទីក្រុងវៃឆ្លាត និងអនាគត នៃការអភិវឌ្ឍទីក្រុង ត្រូវបានរៀបចំឡើងនៅភ្នំពេញ ដែលជាកិច្ចសហការរៀបចំដោយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ CBRE ក្រុមហ៊ុនប្រឹក្សាវិនិយោគ DFDL និងក្រុមហ៊ុនផ្នែកសំណង់ Archetype។
លោក Guillaume Massin សហអគ្គនាយកក្រុមហ៊ុន DFDL Cambodia បានលើកឡើងនៅក្នុងកិច្ចពិភាក្សាថាទីក្រុងភ្នំពេញ គឺជាទីក្រុងដែលមានការអភិវឌ្ឍលឿនរហ័ស និងត្រូវបានផ្លាស់ប្តូរ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើកមួយ។ លោកលើកឡើងថា៖«កាលពី១០ ឆ្នាំមុន យើងស្ទើរតែមិនដែលស្រមៃផងថា សំណង់ផ្សារទំនើបធំៗ និងអគាខ្ពស់ៗ នឹងលេចរូបរាងដូចពេលនេះ»។
លោកបន្តថា ការអភិវឌ្ឍគម្រោងថ្មី និងការសាងសង់អាកាសយាន្ដដ្ឋានអន្តរជាតិថ្មីជាដើម សុទ្ធសឹងធ្វើតាមគោលគំនិតទីក្រុងឆ្លាតវៃ។ លោក បន្ថែមថា៖«វានឹងមានគម្រោងច្រើនទៀតចូលមក ប៉ុន្តែកម្ពុជា ត្រូវតែខិតខំដើម្បីធ្វើឲ្យប្រដំត្រសងនឹងប្រទេសផ្សេង។ ខ្ញុំគិតថា កម្ពុជាមានភាពប្រកួតប្រជែងទាក់ទងនឹងការរៀបចំទីក្រុង»។
ទីក្រុងឆ្លាតវៃ គឺជាការអភិវឌ្ឍទីក្រុងដែលប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកត់សម្គាល់ពីបញ្ហាដូចជាកង្វះខាតផ្ទះ ការស្ទះចរាចរណ៍ និងការប៉ះពាល់បរិស្ថាន។
ទីក្រុងភ្នំពេញ បាត់ដំបង និងសៀមរាម ត្រូវបានជ្រើសរើសជាទីក្រុង សម្រាប់បណ្តាញទីក្រុងឆ្លាតវៃអាស៊ាន។ ទីក្រុងទាំងបីនេះ បានទទួលជំនួញពីរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍគម្រោងរៀបចំទីក្រុង។
ក្រៅពីគម្រោងថ្នាក់ជាតិ គម្រោងអភិវឌ្ឍន៍ឯកជនមួយចំនួន ក៏កំពុងតម្រង់ទិសការអភិវឌ្ឍស្របតាមគោលការណ៍បណ្តាញទីក្រុងឆ្លាតវៃអាស៊ានដែរ។ ទីក្រុងទាំងនោះ មានដូចជា៖ ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន អូស៊ីអាយស៊ី និងទីក្រុងរណប អ៊ីង ស៊ីធី ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន អ៊ីង គ្រុប។
លោក សេង វណ្ណៈ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹង នៅក្នុងកិច្ចពិភាក្សាថា ការលើកតម្លើងគុណតម្លៃទីក្រុងវៃឆ្លាតគឺជាការល្អ ប៉ុន្តែវាមានបញ្ហាច្រើនណាស់ដែលត្រូវប្រឈម។
ក្នុងចំណោមបញ្ហាប្រឈមធំៗ លោក វណ្ណៈ លើកឡើងថាការលើកកម្ពស់ចំណេះដឹង ក្នុងចំណោមប្រជាជនកម្ពុជា និងជួយឲ្យពួកគេយល់ពីការផ្លាស់ប្តូរ និងរបៀបនៃរស់នៅក្នុងទីក្រុងវៃឆ្លាត គឺជាបញ្ហាប្រឈមចម្បង។ លោកថ្លែងថា៖«បញ្ហាប្រឈមចម្បងជាងគេ គឺធ្វើម៉េចជួយប្រជាជន ឲ្យបានយល់ពីអ្វីដែលពួកគេត្រូវចូលរួមសហការ នៅក្នុងទីក្រុង និងថាតើពួកគេត្រូវធ្វើដូចម្តេច ដើម្បីក្លាយជាចំណែកមួយនៃការអភិវឌ្ឍនោះ»។
(អត្ថបទពាណិជ្ជកម្ម)