ជាតិ
សង្គមជាតិ
សម្តេច ស ខេង កំពុង​ស៊ើបអង្កេត​រក​អ្នកពាក់ព័ន្ធ​លើ​ករណី​រលំ​អាគារ​នៅ​ព្រះសីហនុ​
26, Jun 2019 , 9:39 pm        
រូបភាព
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អៈ​អាង​ថា សម្តេច​នឹង​ចាត់ការ​អ្នកពាក់ព័ន្ធ ក្នុងករណី​រលំ​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០១៩​។ សម្តេច​កំពុង​ត្រួតពិនិត្យ​ឯកសា​រដ្ឋបាល​ផ្សេងៗ ដើម្បី​រកមុខ​អ្នក​ជាប់​ពាក់ព័ន្ធ​បន្ថែមទៀត​។

 
​សម្តេច បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុង​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ថា​៖«​ខ្ញុំ​បាន​ដឹកនាំ​ត្រួតពិនិត្យ​ឯកសា​រដ្ឋបាល​ទាំងអស់​របស់​ខេត្ត​ព្រះសីហនុ ថា​តើ​មាន​ភាពមិនប្រក្រតី​អ្វីខ្លះ​។ ហើយ​យើង​នឹង​ចាត់ការ​តាម​ជាក់ស្ដែង​»​។ 



 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ​បន្តថា ករណីនេះ​អាច​នឹងមាន​អ្នកពាក់ព័ន្ធ​ផ្សេងទៀត មិនមែន​មានតែ​លោក​អភិបាលខេត្ត​តែ​ម្នាក់​នោះទេ​។​« កិច្ចការ​នឹង​មិនមែន​មានតែ​ចៅហ្វាយខេត្ត អ្នកធ្វើ​នោះទេ​។ ករណី​ហ្នឹង​អាច​នឹងមាន​ពាក់ព័ន្ធ​អ្នក​ផ្សេងទៀត ប៉ុន្តែ​ខ្ញុំ​មិនទាន់​ហ៊ាន​ថា​ទេ យើង​ត្រូវ​ពិនិត្យ​ឯកសារ​ឲ្យ​បានច្បាស់លាស់ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​យុ​តិ្ត​ធម៌​។ ក្នុងករណី​យើង​ធ្វើ​លើស​វា​អាច​ប៉ះពាល់​អ្នក​ដែល​បាន​ខិតខំ​ធ្វើការ​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​
 
​គិត​ត្រឹម​យប់​ថ្ងៃទី​២៥ មិថុនា គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព និង​លក្ខណៈ​បច្ចេកទេស​នៃ​សំណង់ បាន​រកឃើញ​សំណង់​អគារ​គ្មាន​ច្បាប់​សាងសង់​ចំនួន ៥ កន្លែង​នៅ​ព្រះសីហនុ ។ តួនាទី​របស់​គណៈកម្មកា​រ​ពិសេស​នេះ គឺ​នឹង​ត្រួតពិនិត្យ​លើ​សំណង់​អគារ​ទាំងអស់ ទាំង​សំណង់​សង់​រួច ហើយ​កំពុងធ្វើដំណើរ​ការ​អាជីវ​កម្ម និង​សំណង់​ដែល​មិនទាន់​សង់​រួច​។ នេះ​ជាការ​បញ្ជាក់​សម្ដេច ស ខេង ។​
 
​គួរ​បញ្ជាក់ថា គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់ ត្រូវបាន​បង្កើតឡើង បន្ទាប់ពី​កើតមាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ក្រុងព្រះសីហនុ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២២​ខែមិថុនា​។ ករណី​បាក់​អគារ​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​២៨​នាក់​ស្លាប់ និង​រងរបួស​២៦​នាក់​៕ 
 

Tag:
 រលំ​អាគា​
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com