ជាតិ
សង្គមជាតិ
ត្រឹម​រយៈពេល​មួយថ្ងៃ គណៈកម្មការ​ត្រួតពិនិត្យ បាន​រកឃើញ​សំណង់​គ្មាន​ច្បាប់ ៥​កន្លែង​នៅ​ព្រះសីហនុ
26, Jun 2019 , 5:17 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព និង​លក្ខណៈ​បច្ចេកទេស​នៃ​សំណង់ បាន​រកឃើញ​សំណង់​អគារ​គ្មាន​ច្បាប់​សាងសង់​ចំនួន ៥ កន្លែង​នៅ​ព្រះសីហនុ គិត​ត្រឹម​យប់​ថ្ងៃទី​២៥ មិថុនា​។ នេះ​បើ​យោងតាម​ប្រសាសន៍​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

 
​សម្ដេច ស ខេង បាន​បញ្ជាក់ថា តួនាទី​របស់​គណៈកម្មកា​រ​ពិសេស​នេះ គឺ​នឹង​ត្រួតពិនិត្យ​លើ​សំណង់​អគារ​ទាំងអស់ ទាំង​សំណង់​សង់​រួច ហើយ​កំពុងធ្វើដំណើរ​ការ​អាជីវ​កម្ម និង​សំណង់​ដែល​មិនទាន់​សង់​រួច​។​



 
​ប្រមុខ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុង​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ថា​៖«​គ្រាន់តែ​យប់មិញ​ខ្ញុំ​ទទួលបាន​ព័ត៌មាន​ពី​ឯកឧត្ដម ជា សុផារ៉ា មក​ថា ជាបឋម​មាន​សំណង់ ៥​កន្លែង ដែល​កំពុង​សាងសង់ តែ​អត់​មានច្បាប់​ទាំងអស់​។ ដូច្នេះ​នេះ​ជា​ហានិភ័យ​មួយ​ធំ ហើយ​យើង​ត្រូវធ្វើ​អាហ្នឹង​ទាំងអស់​ឡើងវិញ​»​។​
 
​សម្តេច​បាន​បន្ថែមថា ជំហាន​ដំបូង​គណៈកម្មការ​នឹង​ត្រួតពិនិត្យ​សំណង់​អាគារ​ក្នុង​ខេត្ត​ព្រះសីហនុ មុន​ឈានទៅដល់​ការត្រួតពិនិត្យ​ទូទាំងប្រទេស នៅ​ជំហាន​បន្ទាប់​។ 
 
​គួរ​បញ្ជាក់ថា គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់ ត្រូវបាន​បង្កើតឡើង បន្ទាប់ពី​កើតមាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ក្រុងព្រះសីហនុ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២២​ខែមិថុនា​។ ករណី​បាក់​អគារ​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​២៨​នាក់​ស្លាប់ និង​រងរបួស​២៦​នាក់​៕ 

Tag:
 សំណង់​គ្មាន​ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com