ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលគ្រោងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
× ភ្នំពេញ៖ ការសិក្សាបង្កើតផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង កំពុងស្ថិតក្នុងដំណើរការ។
នៅថ្ងៃទី២៥ខែមិថុនា ម្សិលមិញ លទ្ធផលនៃការសិក្សាបឋមអំពីផែនការមេនេះ ត្រូវបានយកមកពិភាក្សា។ កិច្ចពិភាក្សានេះដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាដើម។
ការធ្វើផែនការមេនេះ ត្រូវបានគាំទ្រពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។ ហើយការបង្កើតផែនការមេនេះ ត្រូវបានជួយសិក្សាដោយវិទ្យាស្ថាននគរូបនីយកម្ម និងរចនាស៊ិនជិនរបស់ប្រទេសចិន។ លោក Xiao Sima ប្រធានវិទ្យាស្ថាននេះបានធ្វើបទបង្ហាញពីលទ្ធផលសិក្សាបឋមពីគម្រោងផែនការមេះនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ផែនការមេនេះត្រូវរួមបញ្ចូលនូវទិដ្ឋភាពជាច្រើន។ ក្នុងនោះរួមមាន៖ ចក្ខុវិស័យវែងឆ្ងាយដោយឈរលើគោលការណ៍សំខាន់ៗដូចជា តំបន់បច្ចេកវិទ្យាវ័យឆ្លាត បរិក្ខារសម្រាប់ការរស់នៅលំដាប់ពិភពលោក បរិស្ថានបៃតង តំបន់ឧស្សាហកម្ម និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដើម្បីបម្រើឲ្យខ្សែសង្វាក់ផលិតកម្មក្នុងតំបន់។
រូបពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ទិដ្ឋភាពមួយទៀត ខេត្តព្រះសីហនុ គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សដែលមានជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីគាំទ្រវិស័យឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍។ ជាមួយគ្នានេះ ផែនការមេនេះត្រូវបញ្ចូលទិដ្ឋភាពជាតំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុ ខ្សែសង្វាក់បៃតងកសិកម្ម និងតំបន់លំនៅដ្ឋាន ព្រមទាំងគិតគូរដល់ការផ្គត់ផ្គង់សេវាសាធារណៈដែលមានគុណភាពស្ដង់ដារខ្ពស់។
ការសិក្សាផែនការមេ សម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ នឹងបន្តធ្វើទៀត។ ជាមួយគ្នានេះ កិច្ចប្រជុំខាងលើបានស្នើឲ្យក្រុមការងារនៃការសិក្សានេះ គិតគូរឲ្យគ្រប់ជ្រុងជ្រោយសម្រាប់ដាក់បញ្ចូលផែនការសកម្មភាពអនុវត្តជាក់លាក់ទៅក្នុងគម្រោងផែនការមេនេះ៕
Tag:
តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
© រក្សាសិទ្ធិដោយ thmeythmey.com