“ទឹកផ្លែម្នាស់ស្រស់” អាចផ្ដល់អត្ថប្រយោជន៍វិជ្ជមានស្មានមិនដល់ជាច្រើនចំពោះសុខភាពរាងកាយតាមរយៈផ្ទុកនូវជាតិស្ករធម្មជាតិ រួមទាំងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត។ ការទទួលទានទឹកផ្លែម្នាស់ស្រស់នឹងផ្ដល់ឲ្យរាងកាយនូវវីតាមីននិងសារធាតុរ៉ែចាំបាច់ជាច្រើនប្រភេទដែលអ្នកត្រូវការដើម្បីការពាររាងកាយពីជំងឺផ្សេងៗ។ ថាតើទឹកផ្លែម្នាស់ស្រស់ល្អយ៉ាងណាខ្លះទៅចំពោះសុខភាព?
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលទឹកម្នាស់ក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ទប់ស្កាត់ជំងឺរលាកសន្លាក់
ទឹកផ្លែម្នាស់ស្រស់ គឺមានផ្ទុកនូវជាតិអាស៊ីតធម្មជាតិដែលអាចជួយទប់ស្កាត់ជំងឺរលាកសន្លាក់និងកាត់បន្ថយអាការៈឈឺសន្លាក់បានយ៉ាងប្រសើរ។ ហើយប្រសិនបើអ្នកមានការឈឺចាប់ខ្លាំងបន្ទាប់ពីធ្វើលំហាត់ប្រាណអ្នកអាចទទួលទានទឹកផ្លែម្នាស់ស្រស់ ១ កែវ ដើម្បីកាត់បន្ថយការឈឺចាប់។
២. ទប់ស្កាត់ជំងឺមហារីក
នោះក៏ព្រោះតែម្នាស់ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយ គឺវីតាមីន C។ សារធាតុប្រឆាំងអុកសីតកម្មនេះជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។ លើសពីនេះទៅទៀត ម្នាស់ មានផ្ទុកសម្បូរទៅដោយសារធាតុ bromelain អាចរារាំងទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកនិងថែមទាំងធ្វើឱ្យកោសិកាមហារីកងាប់ផងដែរ ជាពិសេសជំងឺមហារីកពោះវៀនធំ។
៣. ទប់ស្កាត់ព្យាបាលអាការៈទល់លាមក
ទឹកផ្លែម្នាស់មានផ្ទុកសម្បូរទៅដោយជាតិសរសៃ dietary ដែលជួយទប់ស្កាត់និងដោះស្រាយអាការៈ
ទល់លាមកប្រកបដោយប្រសិទ្ធិភាពខ្ពស់។ លើសពីនេះទៅទៀត សារធាតុ bromelain ក្នុងម្នាស់ក៏ជួយបំបែកប្រូតេអ៊ីននិងមានប្រយោជន៍ក្នុងការរំលាយអាហារបានត្រឹមត្រូវផងដែរ។
៤. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
នោះក៏ព្រោះតែទឹកផ្លែម្នាស់ស្រស់មានផ្ទុកសម្បូរទៅដោយជាតិសរសៃខ្ពស់ដែលជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាមនិងធ្វើឱ្យកម្រិតនៃអាំងស៊ុយលីនកាន់តែប្រសើរឡើង។ ប៉ុន្តែទោះជាយ៉ាងណាកុំទទួលទានច្រើនលើសពេក ហើយត្រូវប្រាកដថាអ្នកមិនបានបន្ថែមស្ករចូល។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
បរិមាណនៃវីតាមីន C ក្នុងទឹកផ្លែម្នាស់មានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងរាល់ការខូចខាតដែលកើតឡើងក្នុងកោសិកាជួយជំរុញពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរចៀសផុតពីជំងឺផ្សេងៗ។
៦. បញ្ចុះសម្ពាធឈាម
ទឹកផ្លែម្នាស់ស្រស់ជាប្រភពដ៏ល្អនៃជាតិប៉ូតាស្យូមជួយបញ្ចុះសម្ពាធឈាមដោយកម្ចាត់នូវជាតិសូដ្យូមដែលលើសក្នុងឈាមនិងសម្រួលដល់សរសៃឈាម។ ទឹកផ្លែម្នាស់ស្រស់ក៏ជួយទប់ស្កាត់ដោះស្រាយបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh