អន្តរជាតិ
ជិះតាម Google Maps ដោយគិតថាផ្លូវកាត់ ប៉ុន្តែបែរជានាំគ្នាធ្លាក់ពេញវាលស្រែ
× អ្នកបើកបររថយន្តប្រមាណ១០០នាក់នៅរដ្ឋ Colorado សហរដ្ឋអាមេរិក បាននាំគ្នាជិះរថយន្តតាមការត្រួសត្រាយរបស់ Google Maps ដើម្បីបញ្ចៀសចរាចរណ៍ដ៏កកស្ទះមួយកាលពីចុងសប្តាហ៍កន្លងមក។ ប៉ុន្តែបច្ចេកវិទ្យាក៏មិនសុក្រឹត្យទាំងអស់នោះឡើយ អ្នកបើកបរទាំងអស់នោះ បែរជាទៅកកស្ទះបន្តកន្ទុយគ្នាតាមវាលស្រែទៅវិញ។ នេះបើតាមការផ្សាយរបស់ CNN។
គ្រោះថ្នាក់ចរាចរណ៍មួយនៅលើមហាវិថី Pena ដែលឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិ Denver បង្កឲ្យមានការកកស្ទះយ៉ាងខ្លាំង។ អ្នកបើកបរដែលមានការប្រញាប់ បាននាំគ្នាបង្វែទិសផ្សេង ទៅតាមការបង្ហាញរបស់ Google Maps។
អ្វីៗមិនដំណើរការទៅដោយរលូននោះឡើយ រថយន្តប្រមាណ១០០គ្រឿង បានទៅចតបន្តកន្ទុយគ្នានៅលើផ្លូវដែលបើកភក់ពេញ ក្រោយភ្លៀងធ្លាក់។ រថយន្តទាំងនោះ ធ្លាក់ចង្កូតចូលវាលស្រែជាបន្តបន្ទាប់ រហូតដល់រថយន្តខ្លះមិនអាចបន្តដំណើរទៅមុខបាន។
យោងតាម CNN អ្នកស្រី Connie Monsees ដែលជាម្ចាស់រថយន្តម្នាក់ បានបញ្ជាក់ថា អ្នកស្រីត្រូវទៅយកស្វាមីនៅអាកាសយានដ្ឋាន។ ដោយសារការកកស្ទះនៅលើមហាវិថី Pena អ្នកស្រីសម្រេចជិះតាមការចង្អុលបង្ហាញ Google Maps ដោយបញ្ជាក់ថា ត្រឹមតែកន្លះម៉ោងដល់គោលដៅ ប៉ុន្តែអ្នកស្រីត្រូវចំណាយពេលជិត១ម៉ោងឯណោះ។
តាមរយៈសេចក្តីថ្លែងការរបស់ខ្លួន Google បានបញ្ជាក់ថា ផ្លូវនោះ មិនមានការកត់សម្គាល់ច្បាស់លាស់ថា ជាផ្លូវឯកជននោះឡើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំជាងគេលើលោកមួយនេះ ក៏បានអះអាងផងដែរ ពួកគេព្យាយាមដើម្បីផ្តល់គោលដៅដ៏ល្អប្រសើរសម្រាប់ការធ្វើដំណើរ ក្នុងនោះមានការបញ្ជាក់ពីទំហំផ្លូវជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ Google បានស្នើដល់អ្នកបើកបរទាំងអស់យល់ដឹងនូវអ្វីដែលជាប្រធានសក្កិ ដូច្នេះ ស្ថានភាពផ្លូវអាចប្រែប្រួលទៅតាមនោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com