ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
នឹក​សាលា តែ​ឃើញ​ស្លាក​ខកចិត្ត​…!
27, Jun 2019 , 4:04 pm        
រូបភាព
​ខ្ញុំ​បាន​រៀន​ចប់ និង​ចេញពី​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង​ក្នុង​វិទ្យាស្ថាន​ភាសាបរទេស​នៃ​សកល​វិទ្យាល័យ​ភ្នំពេញ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ ហើយ​ទើបតែ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ខ្ញុំ​បាន​ទៅ​កម្សាន្ត​នៅ​ទីនោះ​ម្តងទៀត​ឡើងវិញ​។ ចូលដល់​ទីធ្លា​សាលា​ភ្លាម ចិត្ត​ខ្ញុំ​សែន​រំភើប ព្រោះ ខ្ញុំ​បានឃើញ​ទីធ្លា​សាលា​ធំ​ទូលាយ​ដដែល ត្រពាំង​ពោរពេញ​ដោយ​ផ្កា​ឈូ ដើមឈើ​ហ៊ុំព័ទ្ធ​ដោយ​ស្លឹក​ស្រស់​ខៀវស្រងាត់ ស្មៅ​ដុះ​ស្រស់បំព្រង​នា​ដើមរដូវ​វស្សា​។



​ងាក​ទៅ​មើល​អគារ​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង វា​មិនមាន​ការប្រែប្រួល​រូបរាង​អ្វី​ឡើយ​។ ទម្រង់​ដដែល សម្បុរ​ដដែល តែ​ដើម​ជ្រៃ​ដុះ​ធំ​ជាង​មុន​។​ល​។ បរិយាកាស​សាលា​ហាក់បីដូចជា​នៅ​ដដែល ឬ​ប្រសើរ​ជាង​ពី​ពេលមុន​ក៏​អាច​ថា​បាន​។ និយាយ​ជារួម អ្វីៗ​ដូចជា​នៅ​រក្សា​ធាតុ​ដើម ឬ​ប្រសើរ​ជាង​មុន​។ ពិនិត្យ​ជារួម ខ្ញុំ​រំភើប និង​សប្បាយចិត្ត​ណាស់​ដោយបាន​បោះជំហាន​ចូលក្នុង​ទីធ្លា​សាលា​ដែល​ធ្លាប់​សិក្សា​កាលពី​ជាង​២០​ឆ្នាំមុន​។ អនុស្សា​រី​យ៍​រាប់មិនអស់​ដែល​ខ្ញុំ​បាន​កសាង​ជាមួយ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង​ក្នុង​វិទ្យាស្ថាន​ភាសាបរទេស​នៃ​សកល​វិទ្យាល័យ​ភ្នំពេញ រាប់​ចាប់តាំងពី​អគារ ធម្មជាតិ សា​ស្រា្ត​ចា​រ្យ​ជនជាតិ​បារាំង​។​ល​។ 


 
​ប៉ុន្តែ​មាន​ចំណុច​មួយ​ដែល​ខ្ញុំ​ខកចិត្ត នៅពេលដែល​ខ្ញុំ​បោះជំហាន​ដើរចេញ​ពី​អាគារ​នោះ​វិញ​។ ចំណុច​នោះ គឺ​ស្លាក​ឈ្មោះ​ដែល​ស្ថិតនៅ​ក្បែរ​អគារ​បណ្ណាល័យ​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង​។ ស្លាក​នោះ​ចាស់ ចាស់ ចាស់ ចាស់​ពេក​ណាស់​។ ស្លាក​នោះ មិន​ស័ក្តិសម ជា​ស្លាក​នៃ​ស្ថាប័ន​បណ្តុះ​បញ្ញវន្ត​ឡើយ​៕ 
 



លិខិត​មិត្ត​អ្នកអាន​
​ពី​អតីត​និស្សិត​ម្នាក់​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង​

© រក្សាសិទ្ធិដោយ thmeythmey.com