ជាតិ
សង្គមជាតិ
វេជ្ជបណ្ឌិត ណែនាំ​ពី​វិធី​ទប់ស្កាត់ ខណៈ​គ្រុនឈាម ផ្ទុះឡើង​ខ្លាំង​លើ​កុមារ​កម្ពុជា​
27, Jun 2019 , 9:39 pm        
រូបភាព
វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ឡើងថ្លែងក្នុងសន្និសីទ
វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ឡើងថ្លែងក្នុងសន្និសីទ
ដោយ:
​ភ្នំពេញ​៖ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បានធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី «​ស្ថានភាព​ជំងឺគ្រុនឈាម នាពេល​បច្ចុប្បន្ន​» នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ ដោយមាន​ការចូលរួម​ពី​វេជ្ជបណ្ឌិត​មួយចំនួន​។ វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ នៃ​ក្រសួងសុខាភិបាល ដែលជា​វាគ្មិន​ម្នាក់​ក្នុង​សន្និសីទ​នេះ បានផ្តល់​អនុសាសន៍​ខ្លះៗ ក្នុងការ​ច​ម្ចា​ត់​មូស​ខ្លា ដែលជា​ប្រភព​ចម្បង​ក្នុង​ការបង្ក​ជំងឺគ្រុនឈាម​។


 
​លោក ហ៊ុយ រ៉េ​កុល លើកឡើងថា ការបាញ់​ថ្នាំ មិនអាច​សម្លាប់​មូស​ខ្លា​បាន​១០០​ភាគរយ​នោះទេ​។ លោក ថ្លែងថា ថ្នាំ បាន​ត្រឹម​សម្លាប់​មូស ដែល​មាននៅ​បរិវេណ​ជុំវិញ​ផ្ទះ​ប៉ុណ្ណោះ តែ​មិនអាច​សម្លាប់​ពួកវា ដែល​លាក់ខ្លួន​ក្នុងផ្ទះ​នោះទេ ហើយ​ផ្ទុយទៅវិញ ថ្នាំ អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​បរិស្ថាន​ថែមទៀត​។ 
 
​វេជ្ជបណ្ឌិត​រូបនេះ ណែនាំ​ថា វិធីសាស្ត្រ​ល្អ ដែល​អាច​ទប់ស្កាត់​កុំ​ឲ្យ​មាន​មូស​ខ្លា​បាន​នោះ គឺ​ត្រូវមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ដោយ​ត្រូវ​បោសសម្អាត​បរិវេណ​ក្រៅ​ផ្ទះ ក្នុងផ្ទះ លាង​ពាង​ម្តង​ក្នុង​មួយ​សប្តាហ៍ និង​ប្រមូល​វត្ថុ ដែល​អាច​ដក់​ទឹក​យកទៅ​ដុតចោល ឬ​កប់​ក្នុង​ដី​។ លោក បន្តថា វត្ថុ​ដែល​ផ្ទុក​មូស​ខ្លា​ច្រើនជាងគេ​នោះ គឺ​សំបក​កង់ឡាន សំបក​ម៉ូតូ និង​ពាងទឹក ជាដើម​។ លោក បន្ថែមថា វត្ថុ​ទាំងអស់នោះ ជា​កន្លែង​ដែល​មូស​ខ្លា​ចូលចិត្ត​រស់នៅ ដោយ​មូស​ខ្លា​មួយ​ក្បាល អាច​ពង​កូន​បាន​ដល់​ទៅ​៣០០​ពង​។ 
 
​បើតាម​លោក​វេជ្ជបណ្ឌិត​ដដែល ជំងឺគ្រុនឈាម​ឆ្នាំនេះ អាច​កើន​ឡើងដល់​៥​ម៉ឺន​ករណី​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​សកម្មភាព​បាញ់ថ្នាំ​មូស​ជាច្រើន​កន្លែង ក៏​កើនឡើង​ផងដែរ​។ លោក អះអាងថា ដើម្បី​ទប់ស្កាត់​ជំងឺគ្រុនឈាម មន្ត្រី​ពាក់ព័ន្ធ បាន​ប្រើប្រាស់​ថ្នាំ​សម្លាប់សត្វ​មូស​ជាង​៧​ម៉ឺន​លីត្រ​រួចមកហើយ នៅ​ទីតាំង​ដែលមាន​ផ្ទុះ​ជំងឺគ្រុនឈាម​។​
 
​សូមបញ្ជាក់ថា គិត​ចាប់​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៩​នេះ ជំងឺគ្រុនឈាម​បាន​ផ្ទុះ​ឡើងដល់​១,២​ម៉ឺន​ករណី ដែល​ភាគច្រើន​កើត​លើ​កុមារ ហើយ​មាន​ជាង​២០​នាក់ បាន​ស្លាប់​៕

Tag:
 គ្រុនឈាម​
 ​មូស​ខ្លា​
 ​ជំងឺ​
 ​សុខភាព​
 ​ថ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com