អាជ្ញាធរ​បន្ត​ដោះស្រាយ​អគារ​ដទៃ​ដែល​ខូចខាត ពី​ការបាក់​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ
ជាតិ
សង្គមជាតិ
អាជ្ញាធរ​បន្ត​ដោះស្រាយ​អគារ​ដទៃ​ដែល​ខូចខាត ពី​ការបាក់​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ
27, Jun 2019 , 5:51 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​បញ្ចប់​ការរុករក​មនុស្ស​ដែល​ជាប់​នៅក្នុង​អគារ​៧​ជាន់​ដែល​ដួលរលំ អាជ្ញាធរខេត្ត​ព្រះសីហនុ កំពុង​បន្ត​ចុះ​ត្រួត​ពិនិត្យមើល​អគារ​និង​ហាង​ផ្សេងៗ ដែល​រង​ការខូចខាត ដោយសារ​ការដួលរលំ​អគារ​៧​ជាន់​នោះ​។ 


 
​លោក ឯម ភាព នាយក​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា អាជ្ញាធរ មិនទាន់​ដឹង​ច្បាស់​ថា​មានផ្ទះ ហាង ឬ​អគារ​ប៉ុន្មាន​ទេ ដែល​រង​ការខូចខាត ដោយសារ​ការ​រលំ​អគា​រ​៧​ជាន់​។ លោក អះអាងថា អាជ្ញាធរ ត្រូវ​ត្រួត​ពិនិត្យមើល​សិន ទើប​អាច​ដឹងថា មាន​ទំហំ​ខូចខាត​ប៉ុន្មាន​។ 
 
​លោក​បញ្ជាក់ថា​៖«​យើង​ទើបតែ​បញ្ចប់​កិច្ចការ​ជួយសង្គ្រោះ​មនុស្ស​រួច ទើប​យើង​បន្ត​កិច្ចការ​ការងារ និង​សិក្សា​អំពី​ផលប៉ះពាល់​ដល់ផ្ទះ​ដែល​នៅ​ជុំវិញ​អគារ​ដែល​ដួលរលំ​នោះ​។ កិច្ចការងារ​ដោះស្រាយ​បែបណា យើង​អត់​ទាន់​ដឹងថា ត្រូវ​ផ្តល់​សំណង​ដល់​ពួកគេ​ប៉ុន្មាន​នោះទេ គ្រាន់តែ​យើង​ធ្វើ​របាយការណ៍​ទៅ​អភិបាលខេត្ត​សិន​»​។ 
 
​ការ​រលំ​អគារ បាន​បណ្តាល​ស្លាប់​២៨នាក់​(​ស្រី​៤​នាក់ និង​របួស​២៦​នាក់ (​ស្រី​២​នាក់​។ គ្រួសារ​របស់​អ្នកស្លាប់​ម្នាក់ៗ ទទួលបាន​ថវិកា​ឧបត្ថម្ភ​ប្រមាណ​៧​ម៉ឺន​ដុល្លារ ហើយ​អ្នករបួស​២៤​នាក់ ទទួលបាន​ប្រមាណ​១​ម៉ឺន​ដុល្លារ​។ ដោយឡែក អ្នករបួស​២​នាក់ ដែល​ត្រូវបាន​រកឃើញ​ក្រោយ​គេ ទទួលបាន​ប្រមាណ​៣​ម៉ឺន​ដុល្លារ​។ 
 
​តុលាការខេត្ត​ព្រះសីហនុ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាតិ​ជនជាតិ​ចិន​៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រលំ​អគារ​៧​ជាន់​នេះ​។ ជនជាតិ​ចិន ឈ្មោះ Cheng Kun ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ដែល​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ «​មនុស្សឃាត​ដោយ​អ​ចេតនា បង្ក​ឲ្យ​មាន​របួស​ដោយ​អ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​បង្ក​របួសស្នាម​ដល់​អ្នកដទៃ​»​។​
 
​ដោយឡែក ថៅកែ​ម៉ៅការ​សំណង់ ឈ្មោះ Deng Xin Gul ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជាងសំណង់​ឈ្មោះ Gao Yu ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​អ្នកមើល​ការងារ​ការដ្ឋាន ឈ្មោះ Xie Ya Ping ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ «​សមគំនិត​ក្នុង​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា សមគំនិត​ក្នុង​អំពើ​បង្ក​ឲ្យ​មាន​របួស​ដោយ​អ​ចេតនា និង​សមគំនិត​ក្នុង​អំពើ​ធ្វើ​ឲ្យ​ខូច​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​បង្ក​របួសស្នាម​ដល់​អ្នកដទៃ​»៕

Tag:
 ​រលំ​អគារ
© រក្សាសិទ្ធិដោយ thmeythmey.com