កីឡាជាតិ
ជាតិ
កីឡាករកម្ពុជា២០រូបប្រជែងជាមួយកីឡាករមកពី៩ប្រទេស ក្នុងជើងឯកយុវជនអាស៊ីអាគ្នេយ៍ រូបភាពពីសហព័ន្ធខ្មែរកីឡាហែលទឹក
× អត្តពលិកចំនួន៤០៦រូបមកពីប្រទេសក្នុងតំបន់អាស៊ានចំនួន១០ត្រូវប្រកួតប្រជែងគ្នាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅអាងហែលទឹកក្នុងពហុកីឡដ្ឋានមរតកតេជោ។ ដើម្បីលើកទឹកចិត្តកីឡាករវ័យក្មេងកម្ពុជា សហព័ន្ធខ្មែរកីឡាហែលទឹក អំពាវនាវឲ្យសាធារណជនចូលរួមទស្សនាការប្រកួតឲ្យបានច្រើនកុះករ។
កីឡាករកីឡាការិនីអាយុក្រោម១៨ឆ្នាំកម្ពុជាចំនួន២០រូប ត្រូវប្រជែងជាមួយអត្តពលិកមកពី៩ប្រទេសផ្សេងទៀត នាព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣។ ការប្រកួតរៀបចំនៅអាងហែលទឹកក្នុងពហុកីឡដ្ឋានមរតកតេជោ ចន្លោះពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០១៩។
វាជាការប្រកួតដ៏ល្អសម្រាប់កម្ពុជា ក្នុងការវាស់ស្តង់សមត្ថភាពកីឡាករវ័យក្មេង ក៏ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម មុនត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ កម្ពុជារំពឹងថា អត្តពលិកវ័យក្មេងនឹងទទួលបានបទពិសោធល្អៗពីការប្រកួតនេះ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរថែមទៀត។
សម្រាប់ការប្រកួតនេះមានកីឡាករកីឡាការិនីចូលរួមសរុបចំនួន៤០៦នាក់ ដោយពួកគេមកពីប្រទេសក្នុងតំបន់អាស៊ានចំនួន១០បូករួមទាំងម្ចាស់ផ្ទះកម្ពុជា។
ដើម្បីជាការលើកទឹកចិត្តដល់អត្តពលិកវ័យក្មេងកម្ពុជា សហព័ន្ធខ្មែរកីឡាហែងទឹកអំពាវនាវឲ្យសិស្សានុសិស្ស និងសាធារណជនចូលរួមទស្សនាការប្រកួតផ្ទាល់ឲ្យបានច្រើនកុះករ ខណៈការប្រកួតបើកឲ្យចូលរួមទស្សនាដោយសេរី៕
រូបភាពពីអគ្គនាយកដ្ឋានកីឡា
Tag:
ហែលទឹក
ជើងឯកអាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com