ជាតិ
ក្រសួងស្នើភោជនីយដ្ឋាន បើកឲ្យជនពិការចូលសម្ដែងសិល្បៈខ្លីៗ ដើម្បីបានប្រាក់ខ្លះ
× ភ្នំពេញ៖ ក្រសួងទេសចរណ៍លើកទឹកចិត្តដល់បណ្ដាភោជនីយដ្ឋាន បៀរហ្គាឌិន អនុញ្ញាតឲ្យជនពិការចូលច្រៀង និងសម្ដែងសិល្បៈខ្លីៗ ដើម្បីបានកម្រៃដោះស្រាយជីវភាពរស់នៅរបស់ពួកគេ។
ក្នុងសិក្ខាសាលាស្ដីពី«ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍» នៅថ្ងៃទី២៧ខែមិថុនា លោក ហោ សារុន អះអាងថា ក្រសួងទេសចរណ៍លើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋាន បៀរហ្គាឌិនទាំងឡាយ អនុញ្ញាតឲ្យជនពិការចូលច្រៀង និងសម្ដែងសិល្បៈខ្លីៗ ដើម្បីបានកម្រៃដោះស្រាយជីវភាព។ លោក ហោ សារុន គឺជាអនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍។
គួរបញ្ជាក់ថា សិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព និងកម្មវិធីនយោបាយរបស់រដ្ឋាភិបាលចំពោះជនពិការ។ ក្រសួងទេសចរណ៍ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន អះអាងថា រដ្ឋាភិបាលតែងលើកទឹកចិត្ត និងផ្ដល់ឱកាសដល់ជនពិការដែលលក្ខណៈសម្បត្តិ និងសមត្ថភាព ចូលបំពេញការងារក្នុងស្ថាប័នរដ្ឋ។ ក្រសួងបន្ថែមថា រដ្ឋាភិបាលបានបងកើតក្របខណ្ឌគោលនយោបាយ ការគាំពារសង្គម ដែលគោលនយោបាយនេះនឹងបន្តអនុវត្តគម្រោងប្រាក់ឧបត្ថម សម្រាប់ជនពិការដែលជាសមាជិកគ្រួសារដែលមានបណ្ណក្រីក្រ។ ជនពិការទទួលបានការថែទាំសុខភាព និងការព្យាបាលមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com