កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ FIFA ឲ្យ​ស្រីលង្កា​ទៅ​វគ្គ​បន្ត និង​ពិន័យ​ម៉ា​កាវ​មួយ​ម៉ឺន​ដុល្លារ​
28, Jun 2019 , 10:22 am        
រូបភាព
​គណៈកម្មាធិការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានសម្រេច​ពិន័យ​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ា​កាវ (MFA) ដែល​មិន​បញ្ជូន​ក្រុម​ជម្រើសជាតិ​ទៅលេង​ជើង​ទី​២​ទល់នឹង​ស្រីលង្កា នៃ​ការប្រកួត​ជម្រុះ​បឋម World Cup ឆ្នាំ​២០២២​។


 
អត្ថបទទាក់ទង
 
​ការប្រកួត​រវាង​ម្ចាស់ផ្ទះ​ស្រីលង្កា និង​ម៉ា​កាវ​សម្រាប់​ជំនួប​ជើង​ទី​២​ដែល​ត្រូវ​លេង​តាំងពី​ថ្ងៃទី​១១ ខែមិថុនា​ឆ្នាំ​២០១៩  ហើយ​លុបចោល​ដោយសារ ម៉ា​កាវ មិន​បញ្ជូន​ក្រុម​ទៅលេង​ដោយ​លើក​ហេតុ​ហេតុផល​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​នោះ ត្រូវ FIFA ប្រកាស​ឲ្យ​ស្រីលង្កា​ឈ្នះ​៣-០ ដោយ​ស្វ័យប្រវត្តិ​។​
 
​កាលពី​ជើង​ទី​១ ម៉ា​កាវ​យកឈ្នះ​ស្រីលង្កា ១-០​។ ដូច្នេះ​សរុប​លទ្ធផល​ទាំងពីរ​ជើង ស្រីលង្កា​ឈ្នះ​ម៉ា​កាវ ៣-១ ហើយ​បាន​សិទ្ធិ​បន្តទៅ​កាន់​វគ្គ​ជម្រុះ​ជុំ​ទី​២​តែម្តង​។​
 
​មិន​ត្រឹមតែ​អស់សិទ្ធិ​ទៅ​វគ្គ​បន្ត MFA ថែមទាំង​ត្រូវ FIFA ពិន័យ​ជា​ប្រាក់ ១០០០០​ហ្វ្រ​ង់​ស្វ៊ី​ស (១០២៥១​ដុល្លារ​អាមេរិក​) បន្ទាប់ពី​គណៈកម្មាធិការ​វិន័យរ​បស់ FIFA ចោទ​ពួកគេ​ក្នុង​បទ​រំលោភ​លើ​មាត្រា​៥ នៃ​បទបញ្ជា FIFA World Cup ឆ្នាំ​២០២២ និង​មាត្រា​៥៦ ជុំវិញ​ការបោះបង់ចោល​ការប្រកួត​។​
 
​ការសម្រេច​មិន​បញ្ជូន​ក្រុម​ទៅ​ប្រកួត​ជើង​ទី​ពីរ​នៅ​ទឹកដី​ស្រីលង្ការ បើ​ទោះ​ម៉ា​កាវ​ឈ្នះ ១-០ កាលពី​ជើង​ទីមួយ​ក្នុង​ទឹកដី​ខ្លួនឯង​រួចទៅហើយ​នោះ ពួកគេ​ពិតជា​ដឹង​ច្បាស់​ថា​នឹងត្រូវ​បាត់បង់​ឱកាស​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ការឈាន​ទៅកាន់​វគ្គ​បន្ត​រូ​ច​ទៅហើយ​។ ប៉ុន្តែ MFA នៅតែ​បញ្ជាក់ថា ទោះ​មានប្រៀប​នៅ​ជើង​ទី​១​ក្តី តែ​ស្ថាប័ន​ខ្លួន​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កីឡាករ និង​ក្រុម​ម៉ា​កាវ​ទាំងមូល​ដោយសារតែ​ស្រីលង្កា ទើបតែ​រង​ការវាយប្រហារ​ដោយ​ភេរវកម្ម​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​ដោយមាន​អ្នកស្លាប់​ដល់​ទៅ​ជាង​២០០​នាក់ និង​របួស​លើស​៥០០​នាក់​។​
 
​ដូច្នេះ​ស្រីលង្កា​បាន​ឈានចូល​ជុំ​ទី​២ នៃ​វគ្គ​ជម្រុះ​បឋម ការប្រកួត​កីឡា​បាល់​ពិភពលោក​នៅ​កាតា ឆ្នាំ​២០២២ ដោយ​ត្រូវ​រង់ចាំ​ការចាប់​ឆ្នោត​នៅឯ​ទីស្នាក់ការ AFC នាទី​ក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩៕

Tag:
 ​បាល់ទាត់​
  ម៉ា​កាវ​
  ស្រីលង្កា​
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com