អន្តរជាតិ
រដ្ឋមន្ត្រីការពារប្រទេសអាមេរិកជំរុញឲ្យសម្ព័ន្ធមិត្តអង្គការអូតង់ប្រឆាំងនឹងអ៊ីរ៉ង់នៅពេលដែលការតានតឹងកើនឡើង លោក Mark Esper រដ្ឋមន្រ្តីការពារប្រទេសអាមេរិកស្តីទីថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្នុងពេលបិទកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារប្រទេសនៅស្នាក់ការកណ្ដាលរបស់អង្គការអូតង់ ក្នុងទីក្រុងប៊្រុចសែល កាលពីថ្ងៃទី២៧ មិថុនា ២០១៩។
× រដ្ឋមន្ត្រីការពារប្រទេសអាមេរិកស្តីទីលោក Mark Esper កំពុងជំរុញឲ្យសម្ព័ន្ធមិត្តអង្គការអូតង់ធ្វើការជជែកដេញដោលជាលក្ខណៈអន្តរជាតិអំពីថាតើត្រូវឆ្លើយតបទៅនឹងប្រទេសអ៊ីរ៉ង់យ៉ាងដូចម្តេច នៅពេលដែលភាពតានតឹងរីកកាន់តែធំឡើងនៅក្នុងតំបន់ឈូងសមុទ្រពែក។
ដោយបាននិយាយនៅក្នុងការពិភាក្សាសម្ងាត់កាលពីថ្ងៃព្រហស្បតិ៍ជាមួយសមាជិករបស់អង្គការអូតង់នៅឯទីស្នាក់ការធំរបស់អង្គការអូតង់ក្នុងទីក្រុងប្រ៊ុចសែល នៃប្រទេសបែលហ្ស៊ិក លោករដ្ឋមន្ត្រីការពាប្រទេសស្តីទីអាមេរិក Esper បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកបានអំពាវនាវដល់សម្ព័ន្ធមិត្តឲ្យប្រឆាំងនឹងអ៊ីរ៉ង់នៅពេលដែលពិចារណាពីការចូលរួមក្នុងផែនការមុនដំបូងដើម្បីធ្វើឲ្យប្រសើរឡើងនូវសន្តិសុខនៅច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz។
លោក Esper ក៏បានជំរុញឲ្យសម្ព័ន្ធមិត្តជួយបង្កើតដំណោះស្រាយខាងការទូតកាន់តែខ្លាំងឡើងចំពោះអ៊ីរ៉ង់នៅក្នុងការខំប្រឹងប្រែងមួយដើម្បីបញ្ចៀសជម្លោះខាងយោធា។
លោក Esper និយាយទៀតថា៖ «យើងមិនស្វះស្វែងរកជម្លោះប្រដាប់អាវុធជាមួយអ៊ីរ៉ង់ទេ ក៏ប៉ុន្តែ យើងប្រុងប្រៀបខ្លួនជាស្រេចហើយដើម្បីការពារកងទ័ពនិងផលប្រយោជន៍សហរដ្ឋអាមេរិកក្នុងតំបន់»។
លោក Jens Stoltenberg អគ្គលេខាធិការរបស់អង្គការអូតង់ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ការខំប្រឹងប្រែងការគាំទ្រសម្ព័ន្ធមិត្តដើម្បីបន្ធូបន្ថយការតានតឹងជាមួយអ៊ីរ៉ង់ដែលចាប់ផ្តើមរីកកាន់តែធំឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានចុះហត្ថលេខាដោយមហាអំណាចពិភពលោក និងអ៊ីរ៉ង់ហើយបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងលើរដ្ឋាភិបាលអ៊ីរ៉ង់»៕
© រក្សាសិទ្ធិដោយ thmeythmey.com