ជាតិ
សម្ដេច ហ៊ុន សែន៖ ហាងជនជាតិជប៉ុន ដែលរងការខូចខាតដោយសារបាក់អគារនោះ ត្រូវដោះស្រាយតាមផ្លូវតុលាការ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យជនជាតិជប៉ុន ដែលរងការខូចខាតហាង ដោយសារឧប្បទ្ទេវហេតុបាក់រលំអគារ៧ជាន់ នៅខេត្តព្រះសីហនុ ដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីដោះស្រាយសំណងតាមផ្លូវច្បាប់។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ហាងជនជាតិជប៉ុនដែលរងការខូចខាតនេះ គឺមិនស្ថិតនៅក្រោមគម្រោងឧបត្ថម្ភឡើយ ហើយរូបគាត់ក៏មិនអាចទទួលបានសំណងពីរដ្ឋាភិបាលដែរ ព្រោះគាត់គ្មានរងរបួស ឬបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះទេ។ និយាយបែបនេះហើយ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើសិនជាជនជាតិជប៉ុននោះ ចង់ទាមទារសំណងលើការខូចខាតសម្បត្តិនោះ គឺគាត់អាចដាក់ពាក្យប្ដឹងទៅតុលាការ ដើម្បីអនុវត្តតាមនីតិវធីច្បាប់។
តាមរយៈការឆ្លើយតបនឹងពលរដ្ឋប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលសួរដេញដោលចង់ដឹងពីបញ្ហានេះ ប្រមុខរដ្ឋាភិបាល បានសរសេរលើហ្វេសប៊ុកខ្លួនតបថា៖« បងប្អូនមួយចំនួននៅលើកឡើងច្រំដែលអំពីជនជាតិជប៉ុនដែលហាងគាត់ត្រូវបំផ្លាញដោយអគាររលំសង្កត់លើ។ខ្ញុំឆ្លើយតបច្រើនហើយ។ខ្ញុំគួរតែបញ្ជាក់ជាថ្មីថា ប្រសិនបើគាត់ស្លាប់ឬរបួស គាត់នឹងទទួលបានជំនួយដូចពលរដ្ឋខ្មែរដែរ តែនេះជាការខូចខាតទ្រព្យសម្បត្តិ គឺត្រូវដោះស្រាយតាមផ្លូវតុលាការ ដែលគាត់ត្រូវដាក់ពាក្យប្តឹងដើម្បីទាមទាសំណង។សម្រាប់ការដោះស្រាយកន្លែងស្នាក់នៅលោក យន្ត មីន បានឲ្យគាត់ស្នាក់នៅស្នាក់ការកាកបាទក្រហមនិងបានឧបត្ថម្ភថវិការមួយចំនួនរួចហើយដែរ»។
បន្ថែមពីនេះសម្ដេច ហ៊ុន សែន បាននិយាយទៀតថា មិនមែនជនជាតិជប៉ុននោះទេ សូម្បីតែគ្រួសារសព និងអ្នករបួស ដែលបានទទួលជំនួយឧបត្ថម្ភពីរដ្ឋាភិបាលរួចហើយ ក៏អាចប្តឹងបន្តទៅតុលាការ ដើម្បីទាមទាសំណងពីម្ចាស់អគារផងដែរ។ ចំណែកហាងលាងឡានអរុណរះ ដែលរងការខូចខាតដែរនោះ ក៏ត្រូវប្តឹងទាមទារសំណងដូចគ្នា។
គួរបញ្ជាក់ថា ឧប្បទ្ទេវហេតុបាក់រលំអគារ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ មិថុនា បានបណ្តាលឲ្យមនុស្សស្លាប់២៨នាក់(ស្រី៤នាក់ និងរបួស២៦នាក់ (ស្រី២នាក់)។ មកដល់ពេលនេះ គ្រួសារសពម្នាក់ៗ ទទួលបានថវិកាឧបត្ថម្ភប្រមាណ៩ម៉ឺនដុល្លារ ហើយអ្នករបួស២៤នាក់ ទទួលបានជាង១ម៉ឺនដុល្លារ។ ដោយឡែក អ្នករបួស២នាក់ ដែលត្រូវបានរកឃើញក្រោយគេ ទទួលបានប្រមាណ៣ម៉ឺនដុល្លារ។ ក្នុងហេតុការណ៍នេះ តុលាការខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិជនជាតិចិន៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីរលំអគារ៧ជាន់នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com