ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ុន ចាន់​ដា ឡើងកាន់តំណែង​អភិបាលខេត្ត​កំពង់ចាម​ផ្លូវការ​
28, Jun 2019 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក អ៊ុន ចាន់​ដា ឡើងកាន់តំណែង​ផ្លូវការ​ជា​អភិបាល​ខេត្តកំពង់ចាម បន្ត​ពី​លោក គួច ចំរើន​។ ពិធី​ផ្លូវការ​ត្រូវបាន​រៀបចំឡើង​ក្រោម​អធិបតីភាព​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​២៨ ខែមិថុនា ពោលគឺ​មួយថ្ងៃ​ក្រោយ លោក អ៊ុន ចាន់​ដា ផ្ទេរតំណែង​ជា​អភិបាលខេត្ត​ព្រះវិហារ ដល់​លោក ប្រាក់ សុវណ្ណ​។​



អត្ថបទទាក់ទង


​លោក អ៊ុន ចាន់​ដា ត្រូវបាន​ផ្គូរ​ផ្គង​សម្រាប់​តំណែង​ជា​អភិបាលខេត្ត​កំពង់ចាម ជំនួស លោក គួច ចំរើន ដែល​ត្រូវ​ទៅធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ ក្រោយ​ការលាលែង​របស់ លោក យន្ត មីន​។ ទាំង​លោក អ៊ុន ចាន់​ដា លោក ប្រាក់ សុវណ្ណ និង​លោក គួច ចំរើន សុទ្ធតែ​ត្រូវ​តែងតាំង​តាម​ព្រះរាជក្រឹត្យ ចុះ​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ក្រោយ​ឧ​ប​ទ្ទេវ​ហេតុ​នៃ​ការបាក់​រលំ​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​។​

​តំណែង​នេះ កើតចេញពី​ការ​ផ្គូរ​ផ្គង​ការដោះដូរ​អភិបាលខេត្ត ក្រោយពី​លោក យន្ត មីន បាន​សុំលាលែង​ពី​តួនាទី​អភិបាលខេត្ត​ព្រះសីហនុ​។ តំណែង​លោក យន្ត មីន ត្រូវបាន​ជំនួស​ដោយ​លោក គួច ចំរើន ខណៈ​តំណែង​អភិបាលខេត្ត​កំពង់ចាម របស់លោក គួច ចំរើន ត្រូវបាន​ដាក់ជំនួស​ដោ​យ លោក អ៊ុន ចាន់​ដា រីឯ​លោក ប្រាក់ សុវណ្ណ ដែលជា​អតីត​អភិបាលរង​ខេត្តស្វាយរៀង កាន់តំណែង​ជំនួស​លោក អ៊ុន ចាន់​ដា នៅ​ព្រះវិហារ​។​



​ក្នុង​លិខិត​ដែល​សរសេរ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៤ ខែមិថុនា សម្តេច ស ខេង បានលើកឡើង​ពី​គុណសម្បត្តិ​របស់លោក អ៊ុន ចាន់​ដា ថា​ទទួលបាន​ការគាំទ្រ និង​សម្រេចបាន​សមិទ្ធផល​ជាច្រើន​ក្នុងតួនាទី​ជា​អភិបាលខេត្ត​ព្រះវិហារ​ក​ន្ល​ង​មក​។​

«​ការផ្ទេរ​ភារកិច្ច​មកកាន់​ខេត្ត​ធំ​ជាង​នេះ ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​លោក អ៊ុន ចាន់​ដា ដើម្បី​បន្ត​ការ​ខំប្រឹងប្រែង​ដឹកនាំ និង​សម្របសម្រួល​ការងារ​នៅ​កំពង់ចាម ស្របតាម​សមត្ថភាព និង​បទពិសោធន៍​កន្លងមក​»​។ នេះ​បើតាម​ការគូសបញ្ជាក់រ​បស់​សម្តេច ស ខេង​៕

Tag:
 អ៊ុន ចាន់ដា
© រក្សាសិទ្ធិដោយ thmeythmey.com