កីឡាអន្តរជាតិ
អន្តរជាតិ
កូ​ឡុំ​ប៊ី​នឹង​រៀប Copa America 2020 តែឯង​ដោយ​មិន​ចង់​សហការ​ជាមួយ​អា​ហ្ស​ង់​ទីន​ឡើយ​
28, Jun 2019 , 8:19 pm        
រូបភាព
​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​លោក Ivan Duque បាន​អះអាង​នៅ​ថ្ងៃទី​២៧ ខែមិថុនា ថា​ការប្រកួត​ពានរង្វាន់ Copa America ឆ្នាំ​២០២០ នឹងត្រូវ​ធ្វើ​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​តែមួយ​ប៉ុណ្ណោះ ដោយ​មិនចាំបាច់​មានការ​សហកា​រ​ជាមួយ​អា​ហ្ស​ង់​ទីន​ឡើយ​។​

 
​នាពេល​កន្លងមក ការប្រកួត​ពានរង្វាន់​ប្រចាំ​តំបន់​អាមេរិក​ឡាទីន​ឆ្នាំ​២០២០ ត្រូវបាន​ឲ្យ​រៀបចំ​រួមគ្នា​រវាង​កូ​ឡុំ​ប៊ី និង​អា​ហ្ស​ង់​ទីន​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែលមាន​ប្រទេស​ពីរ​សហការគ្នា​។​


 
​ប៉ុន្តែ​ក្រោយមក​លោក​ប្រធានាធិបតី Duque បានប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​នៅក្នុង​ទីក្រុង Bogota ប្រទេស​កូ​ឡុំ​ប៊ី ថា​ប្រទេស​លោក​នឹង​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ​តែម្នាក់ឯង និង​បាន​ថ្លែងអំណរគុណ​ដល់​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន​លោក Mauricio Macri ចំពោះ​ការគាំទ្រ​កន្លងមក​។​
 
Copa America ឆ្នាំ​២០២០ គឺជា​ការរៀបចំ​លើក​ទី​៤​ក្នុង​រយៈពេល​៦​ឆ្នាំ​ចុងក្រោយ​។ ការប្រកួត​នេះ​នឹង​ប្រមូលផ្តុំ​ក្រុម​ពី​តំបន់​អាមេរិក​ខាងត្បូង​ចំនួន​១០ និង​ក្រុម​ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ចំនួន​ពីរ​ក្រុម​ទៀត​មកពី​តំបន់​អាស៊ី​រួមមាន​កាតា និង​អូស្ត្រាលី​។​
 
​អ្វីដែល​ប្លែក​នោះ Copa America ឆ្នាំ​២០២០ នឹងមាន​ការផ្លាស់ប្តូរ​ក្បួន​ប្រកួត​ផងដែរ ដោយ​ត្រូវ​បែងចែក​តែ​ពីរ​ពូ​ល​ប៉ុណ្ណោះ​។ ក្នុង​មួយ​ពូ​ល​មាន​៦​ក្រុម ហើយ​ត្រូវ​សម្រេចយក​មួយ​ពូ​ល​៤​ក្រុម​ដើម្បី​ឡើងទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​តែម្តង​។​
 
​ដោយឡែក Copa America ឆ្នាំ​២០១៩ នេះ​វិញ​កំពុងដំណើរការ​ពី​វគ្គ​៨​ក្រុម ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​។ ក្រុម​ដំបូង​ដែល​បាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មុនគេ​គឺ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល បន្ទាប់ពី​ពួកគេ​ទម្លាក់​ប៉ា​រ៉ា​ហ្គា​យ​ដោយ​ទាត់​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​៕

Tag:
 បាល់ទាត់​
  Copa America
  Ivan Duque
  កូ​ឡុំ​ប៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com